ព័ត៍មានទាន់​ហេតុការណ៏
Search

សហគមន៍​ពិភពលោក​ សន្យា​ផ្តល់ប្រាក់​៣៦៣​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ហិង្សា​ផ្លូវភេទ

សហគមន៍​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ ​បាន​សន្យា​ផ្តល់​ទឹកប្រាក់​ចំនួន​៣៦៣​លាន​ដុល្លារ​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ ​និង​យេនឌ័រ​នៅ​ក្នុង​វិបត្តិ​មនុស្សធម៌​នៅ​ទូទាំង​ពិភពលោក ​ដែល​កំពុង​ប៉ះពាល់​ដល់​មនុស្ស​រាប់លាន​នាក់​។​

អង្គការសហប្រជាជាតិ​បាន​និយាយថា នៅពេល​បញ្ចប់​សន្និសីទ​មួយ​ស្តីពី​ប្រធានបទ​នេះ​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​ន័​រ​វែ​ស​, ម្ចាស់ជំនួយ​ចំនួន​២១​ប្រទេស​បាន​ប្តេជ្ញា​ផ្តល់​វិភាគទាន​របស់​ពួកគេ​នៅក្នុង​ឆ្នាំ​២០១៩, ២០២០​និង​លើសពីនេះ​ទៀត​។​

យោងតាម​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​លោក Mark Lowcock បាន​ឲ្យ​ដឹងថា ទឹកប្រាក់​ប្រមាណ​៦៦០​លាន​ដុល្លារ​គឺ​ត្រូវការ​ជា​ចាំបាច់​ក្នុងឆ្នាំនេះ​ដើម្បី​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើហិង្សា​ផ្លូវភេទ​។​

ស្របពេល​ជាមួយគ្នា​នោះដែរ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ន័​រ​វែ​ស​លោកស្រី Ine Eriksen Soreide បាន​និយាយថា “​អំពើហិង្សា​ផ្លូវភេទ​និង​យេនឌ័រ​បាន​បំផ្លាញ​ប្រជាពលរដ្ឋ វា​បំផ្លាញ​សហគមន៍​មូលដ្ឋាន​ហើយ​វា​ជាការ​លំបាក​ខ្លាំងណាស់​ក្នុងការ​ជួសជុល​ការខូចខាត​។ នោះ​ហើយ​ជា​មូល​ហេតុដែល​យើង​ត្រូវធ្វើ​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​វា​”​។​

ប្រទេស​ស្កេ​ន​ឌី​ណាវី​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​មួយ​នេះ​បាន​សន្យា​ផ្តល់​ថវិកា​ចំនួន​១​ពាន់​លាន​ក្រូ​ណា (១១៥​លាន​ដុល្លារ​អាមេរិក​) នៅ​ចន្លោះ​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១​។​

វេជ្ជបណ្ឌិត​សញ្ជាតិ​កុង​ហ្គោ​និង​ជា​អ្នកឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៨​លោក Denis Mukwege បាន​និយាយថា “​នៅ​ទីបំផុត អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី​ត្រូវបានគេទទួលស្គាល់​ថា​មិន​ត្រឹមតែ​ជាការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិនារី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​ការរីក​រាលដាល​នៃ​សុខភាព​សាធារណៈ​ហើយក៏​ជា​ឧបសគ្គ​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​សកល​នានា​ដូចជា​ភាពក្រីក្រ​ធ្ងន់ធ្ងរ មេរោគ​អេដស៍​និង​ការគ្រប់គ្រង​ជម្លោះ​ផងដែរ​”​។​

យោងតាម​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា ស្ត្រី​មួយ​ភាគបី​នៅក្នុង​ពិភពលោក​បានទទួលរ​ង​អំពើហិង្សា​ខាង​ផ្លូវភេទ​ឬ​យេនឌ័រ​ក្នុងអំឡុង​ពេលខ្លះ​នៃ​ជីវិត​របស់​ពួកគេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114