ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​ថ្កោលទោស​ពាក្យ​ចចាមអារ៉ាម​របស់​អាមេរិក​ដែលថា Huawei មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​

កាលពី​ថ្ងៃ​សុក្រ​នេះ ប្រទេស​ចិន​បានចេញ​មុខ​ថ្កោលទោស​រដ្ឋលេខាធិការ​ស​ហ​រដ្ឋ​អាមេរិក​លោក Mike Pompeo ដែល​បាន​ប្រឌិត​ពាក្យ​ចចាមអារ៉ាម​ថា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei Technologies Co Ltd របស់​ចិន​បាន​និយាយ​កុហក​អំពី​ទំនាក់ទំនង​ក្រុមហ៊ុន​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

សហរដ្ឋអាមេរិក​បាន​ដាក់​ក្រុមហ៊ុន Huawei ទៅក្នុង​បញ្ជីខ្មៅ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​កាលពី​សប្ដាហ៍​មុន ដោយបាន​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ឈប់​ឱ្យ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ធំជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ និង​បង្កើន​កម្ដៅ​សង្គ្រាម​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ឆេះឆួល​ឡើង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។​

ក្រុមហ៊ុន Huawei បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀតថា ក្រុមហ៊ុន​របស់ខ្លួន​មិនត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន យោធា ឬ​សេវា​ស៊ើបការណ៍​សម្ងាត់​ណាមួយ​ឡើយ​។​

លោក​រដ្ឋលេខាធិការ​អា​មេ​រិ​ក Pompeo បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ច្រានចោល​ការអះអាង​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei លោក Ren Zhengfei ថា​ក្រុមហ៊ុន​របស់លោក​នឹងមិន​ចែករំលែក​ការសម្ងាត់​របស់​អ្នកប្រើប្រាស់​ឡើយ​។ លោក Pompeo ជឿថា​នឹងមាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ទៀត​កាត់ផ្ដាច់​ទំនាក់​ទំនងជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​ថ្លែងថា “​ថ្មីៗ​នេះ អ្នកនយោបាយ​អាមេរិក​មួយចំនួន​បាន​បន្ត​បង្កើត​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ក្រុមហ៊ុន Huawei តែ​មិនដែល​បា​នរក​ភស្តុតាង​ច្បាស់លាស់​មក​បង្ហាញ​តាម​ការស្នើសុំ​របស់​បណ្ដា​ប្រទេស​នានា​ឡើយ​។​”

លោក Lu បានបញ្ជាក់​ជាថ្មី​ថា សហរដ្ឋអាមេរិក​គួរតែបញ្ឈប់​ការប្រើ​អំណាច​ជាតិ​របស់ខ្លួន​ដើម្បី​គាបសង្កត់ និង​បង្ខូចឈ្មោះ​ក្រុមហ៊ុន​របស់​ប្រទេស​ដទៃ និង​បាន​បន្ថែមថា ចិន​ចង់​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ដោយ​ប្រើ​វិធី​ផ្សេង តាមរយៈ​កិច្ចចរចា​មិត្តភាព និង​ការពិគ្រោះ​យោបល់​ទៅវិញទៅមក​៕ REUTERS

​ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114