ព័ត៍មានទាន់​ហេតុការណ៏
Search

Facebook រកឃើញ​គណនី​ក្លែងក្លាយ​៥%​នៃ​គណនី​សកម្ម​ទាំងអស់​

ក្រុមហ៊ុន Facebook បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​បិទ​គណនី​ក្លែងក្លាយ​រាប់ពាន់​លាន​គណនី​ដែល​បង្កើតឡើង​ដោយ​ក្រុមមនុស្ស​ដែលមាន​បំណង​មិនល្អ និង​បាន​និយាយថា​៥%​នៃ​គណនី​សកម្ម​ទំនងជា​គណនី​ក្លែងក្លាយ​។​

ការប៉ាន់ស្មាន​ចំនួន​នៃ​គណនី​បណ្ដាញ​សង្គម​ដែលជា​គណនី​ក្លែងក្លាយ​និង​វិធានការ​ប្រឆាំង​ការបង្កើត​គណនី​ក្លែងក្លាយ​បែបនេះ​ច្រើនឡើង​ថែមទៀត​ក្នុងអំឡុងពេល​៣​ខែ​ដំបូង​សម្រាប់​ឆ្នាំនេះ ត្រូវបាន​ដាក់ចេញ​នៅក្នុង​របាយការណ៍​ចុងក្រោយ​ស្ដី​សកម្មភាព​អនុវត្ត​របស់ Facebook ហើយ​។​

យោងតាម​លោក Guy Rosen អនុប្រធាន​ផ្នែក​សុចរិត​ភាព​របស់ Facebook បាន​និយាយថា Facebook បាន​បិទ​គណនី​ចំនួន​២,១៩​ពាន់​លាន​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះ ដែល​ចំនួន​នេះ​ស្មើនឹង​ជិត​២​ដង​នៃ​ចំនួន​គណនី​ដែល​ត្រូវបាន​បិទ​កាលពី​៣​ខែ​មុន​។​

Facebook ថា​បាន​បិទ​គណនី​ដែល​បង្កើតឡើង​ដោយ​ស្វ័យប្រវត្តិ​ពី​ក្រុមមនុស្ស​ដែលមាន​គោលបំណង​មិនល្អ​ដែល​ព្យាយាម​បង្កើត​គណនី​ទាំងនោះ​។ បណ្ដាញ​សង្គម​យក្ស​ដែល​ឈានមុខ​គេ​នេះ​ក៏បាន​ប៉ាន់​ស្មានថា ៥%​នៃ​អ្នកប្រើប្រាស់​សកម្ម​ចំនួន​២,៤​ពាន់​លាន​នាក់​ក្នុង​មួយខែ​គឺជា​គណនី​ក្លែងក្លាយ តែ​នៅ​មិនទាន់បាន​រកឃើញ​នៅឡើយ​ទេ​។​

ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដែលមាន​មូលដ្ឋាន​ក្នុង​រដ្ឋ California ខាងលើ​ក៏បាន​និយាយថា​ខ្លួន​បាន​ចាត់វិធានការ​ប្រឆាំង​ការ​បង្ហោះ​ពាក្យពេចន៍​ដែល​បង្ហាញ​ការ​ស្អប់ខ្ពើម ដោយ​ចាប់បាន​ដោយ​ស្វ័យប្រវត្តិ​ចំនួន​៦៥%​នៃ​មាតិកា​ទាំងអស់​ជាជាង​ចាំ​ឱ្យ​អ្នកប្រើប្រាស់​រាយការណ៍​មក​ខ្លួន​៕ AFP

​ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114