ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​និយតករ​បរាជ័យ​ក្នុងការ​កំណត់ពេល​វេលា​ដាក់ឱ្យ​យន្តហោះ 737 MAX អាច​ដំណើរការ​ឡើងវិញ

កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​និយតករ​អាកាសចរណ៍​ស៊ីវិល​មកពី​ជុំវិញ​ពិភពលោក​បាន​បរាជ័យ​ក្នុងការ​កំណត់ឱ្យ​ច្បាស់លាស់​ចំពោះ​ពេលវេលា​នៃ​ការដាក់ឱ្យ​យន្តហោះ​ប្រភេទ 737 MAX ដ៏​ពេញនិយម​របស់​ក្រុមហ៊ុន Boeing អាច​ត្រឡប់មក​ហោះហើរ​លើ​អាកា​សបាន​វិញ​នៅឡើយ បន្ទាប់ពី​ការផ្អាក​ដំណើរការ​យន្តហោះ​ម៉ូ​ដែល​នេះ​នៅ​ទូទាំង​ពិភពលោក ព្រោះតែ​ករណី​ធ្លាក់​យន្តហោះ​២​លើក​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​រួចមក​។​

លោក Daniel Elwell ប្រធាន​បណ្ដោះអាសន្ន​រប​ស់​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​សហរដ្ឋអាមេរិក​បាន​និយាយ​ក្នុង​សេចក្ដីសន្និដ្ឋាន​មួយ​ក្នុង​កិច្ចប្រជុំ​ក្នុង​រដ្ឋ​តិច​សាស់​ថា “​ពេលវេលា​ច្បាស់លាស់​នោះ​គឺ​ត្រូវតែ​ធ្វើឱ្យ​ប្រាកដ​សិន​ថា​យន្តហោះ​នេះ​អាច​ហោះហើរ​ដោយ​សុវត្ថិភាព​”​។​

ចាប់តាំងពី​មាន​ករណី​ធ្លាក់​យន្តហោះ 737 MAX ក្នុងប្រទេស​អេ​ត្យូ​ពី​កាលពី​ខែមីនា និង​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ខែតុលា​ដែលនាំឱ្យ​មាន​មនុស្ស​៣៤៦​នាក់​បាន​ស្លាប់​រួចមក ការអនុវត្ត​លើ​យន្តហោះ​ប្រភេទ​នេះ​គឺ​ក្រុម​និយតករ​ផ្លូវអាកាស​នឹង​អនុវត្តតាម​ប៉ាន់ប្រមាណ​របស់​ទីភ្នាក់ងារ​ត្រួតពិនិត្យ​មើល​ម៉ូ​ដែល​នេះ ហើយ​ក្នុងករណីនេះ​ភ្នាក់ងារ​ដែលមាន​សមត្ថ​កិច្ច​ត្រួតពិនិត្យ​គឺ រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) នេះឯង​។​

លោក Elwell បាន​បន្ថយ​ក្ដី​សង្ឃឹមលើ​ដំណោះស្រាយ​ឆាប់រហ័ស បន្ទាប់ពី​ត្រូវបាន​គេ​ឱ្យដឹងថា​ក្រុមហ៊ុន Boeing បាន​ពន្យារពេល​ដាក់​ការស្នើសុំ​ជួសជុល Software របស់​យន្តហោះ ក្រោយពី​ការ​ចោទសួរ​បន្ថែម​ពី​ភ្នាក់ងារ​របស់លោក​រួច​មក​។​

“​ពេលណា​ដែល​យើង​បានទទួល​ព័ត៌មាន​គ្រប់​ខាង FAA រួចហើយ យើង​នឹង​អាច​កំណត់​ពេលវេលា​ហោះហើរ​សាកល្បង និង​ដាក់​ឯកសារ​ចុងក្រោយ​ដើម្បី​ទទួល​ការអនុម័ត​ឱ្យ​ហោះហើរ​ឡើងវិញ​បាន​ហើយ​!” នេះ​បើតាម​ការលើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន Boeing៕

AFP

​ តរុណី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114