ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្មប​បុរាណ​មិន​មាន​ជំនាញ​ សម្រាល​កូន​ស្ត្រី​ម្នាក់ ​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​ទាំង​នៅ​វ័យក្មេង

រតនគិរី​ ៖​ ស្ត្រី​ជនជាតិ​គ្រឹ​ង​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​បំផុត បន្ទាប់ពី​ទៅ​រក​ឆ្មប​បុរាណ​នៅ​ក្នុង​ភូមិ​ឲ្យ​ជួយសម្រាលកូន​ឲ្យ។ ប៉ុន្តែ​ទារិកា​ពុំ​មាន​ប៉ះពាល់​ដល់​សុខភាព​នោះទេ។

ករណី​ស្លាប់​ស្ត្រី​ម្នាក់​ខាង​លើ​នេះ​ កាលពី​ថ្ងៃ​សៅរ៍ ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងទៅ ស្ថិតនៅ​ក្នុង​ភូមិ​ក្រលង ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ក្រោយពី​សម្រាលកូន​បាន​មួយថ្ងៃ ដោយ​ឆ្មប​​​បុរាណ​នៅ​ក្នុង​ភូមិ។

លោក​ ធូ យឿ អភិបាលស្រុក​អូរ​ជុំ​ បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ឧសភា​នេះ ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ ប៉ា​ក្លាង ហ៊ឹប អាយុ​២០​ឆ្នាំ ជនជាតិ​គ្រឹ​ង បាន​សម្រាល​ទារិកា​ម្នាក់ ហើយ​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ។ រីឯ​ទារិកា​មាន​សុខ​ភាព​ល្អ ពុំ​មាន​ប៉ះពាល់​ដល់​សុខភាព​ឡើយ។

លោក​អភិបាលស្រុក​រូប​នេះ​បាន​បន្ត​ថា ក្រោយពី​ម្តាយ​ទារិកា​បាន​ស្លាប់​នោះ​មក គណៈ​អភិបាលស្រុក​អូរ​ជុំ បាន​ចាត់​លោកស្រី ជា សោ​ភ័​ណ្ឌ ប្រធាន​គណៈកម្មការ​ពិគ្រោះ​យោបល់​ស្ត្រី ​និង​កុមារ, កញ្ញា គឹម សែន​សុ​ខាន ប្រធាន​ការិយាល័យ​កិច្ចការ​នារី​ស្រុក និង​លោកស្រី នុ​ន សុគ​ន្ធី​តា តំណាង ស​.​ស​.​យ​.​ក​ស្រុក​ ​នាំ​យក​ថវិកា​ចំនួន ៤០០,០០០.​រៀល ជូន​ដល់​គ្រួសារ​សព​ដើម្បី​ជួយ​ដល់​ទារិកា​យក​ទៅ​ទិញ​ទឹក​គោ​និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន រួម​នឹង​ស្ថានីយ​ប្រេងឥន្ធនៈ ថៃ ធីតា ភេទ​ស្រី ​​បាន​ជួយ​ជា​ថវិកា​ចំនួន​៥០,០០០.​រៀល និង​ប្រេងសាំង​ចំនួន​៣០​លីត្រ​ដល់​គ្រួសារ​សព។

លោក​ថា ករណី​ឆ្មប​ ដែល​បាន​សម្រាល​ស្ត្រី​ម្នាក់​ស្លាប់​នោះ លោក​មិន​ទាន់​មាន​វិធានការ​នៅ​ឡើយ​ទេ ដោយ​លោក​កំពុង​ជាប់រវល់។ ចំណែក​កាកបាទក្រហម​កម្ពុជា​ខេត្ត ​បាន​ចុះ​ជួយ​ឧបត្ថម្ភ​គ្រួសារ​នៃ​សព ​​​ជា​ថវិកា​សម្ភារៈ​មួយ​ចំនួន​ធំ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផង​ដែរ។

សូម​បញ្ជាក់​ថា ស្ត្រី​សម្រាលកូន​បាន​មួយថ្ងៃ​ស្លាប់​នេះ​ ជា​កូន​ដំបូង ប៉ុន្តែ​មិន​គួរ​ណា​ស្ត្រី​រងគ្រោះ​ទៅ​សម្រាលកូន​ដំបូង​ មិន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ បែរជា​ទៅ​រក​ឆ្មប​បុរាណ​នៅ​ក្នុង​ភូមិ​ឲ្យ​សម្រាលកូន​ទៅវិញ នេះ​ដោយ​ការ​ខ្វះ​ឧបករណ៍​បច្ចេកទេស​គ្រប់គ្រាន់ ទើប​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​បាត់បង់​អាយុជីវិត​ដោយនៅ​វ័យក្មេង​បែបនេះ​៕ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114