ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​អង្គ​បោះឆ្នោត​ម្នាក់​ ត្រូវបាន​ទទួលមរណភាព ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ពញាក្រែក​

ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​បោះឆ្នោតក្រុមប្រឹក្សា​អាណត្តិ​ទី ៣ ឆ្នាំ​២០១៩ ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស ដែលមាន​ចំនួន​២០៣​ការិយាល័យ បាន​បើក​ឲ្យ​ដំណើរ​ការព្រម​ៗ​គ្នា​នៅវេលា​ម៉ោង​៧​ព្រឹក ដោយ​គ្មាន​ការរាំងស្ទះ​ឡើយ នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប៉ុន្តែ​មាន​អង្គ​បោះឆ្នោត​ម្នាក់​ត្រូវបាន​ទទួលមរណភាព ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​

តាម គ​.​ជ​.​ប ដោយសារតែ​អ្នកបោះឆ្នោត គឺជា​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​មុខតំណែង ដូច្នេះ​ការិយាល័យ​បោះឆ្នោត ក្នុង​ខេត្ត​ខ្លះ​ត្រូវ​បាន​បិទ​បញ្ចប់​ជា​បន្តបន្ទាប់ ដោយ​អ្នកបោះឆ្នោត​បាន​មក​បោះឆ្នោត​គ្រប់​ចំនួន ហើយ​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត ក៏បាន​បន្ត​នីតិវិធី​ជា​បន្តបន្ទាប់ ដើម្បី​រាប់​សន្លឹកឆ្នោត​ជា​បន្តទៀត​។

គិត​ត្រឹម​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ក្នុងចំណោម​ការិយាល័យ​ទាំង​២០៣ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​១៩៦ បាន​បិទ​បញ្ចប់ ហើយ​ការិយាល័យ​បោះឆ្នោត​ចំនួន​៧​ទៀត មិនទាន់​បិទ​បញ្ចប់ ដោយសារ​មាន​អ្នកបោះឆ្នោត​ចំនួន​១០​នាក់ មិនទាន់​បានមក​បោះឆ្នោត​។ ក្នុងនោះ មាន​អ្នកបោះឆ្នោត​ម្នាក់ បានទទួល​មរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​មាន​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ចំនួន​ជាង​៥០ ភាគរយ បានបញ្ចប់​ការរាប់​សន្លឹកឆ្នោត​។​

សរុប​ជារួម ដំណើរការ​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​នៅ​ថ្ងៃទី​២៦ ខែឧសភា នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ការរាំងស្ទះ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង និង​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​៕ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114