ព័ត៍មានទាន់​ហេតុការណ៏
Search

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​បានចាប់ផ្ដើម​ក្នុង​បរិយាកាស​មួយ​ល្អ

ភ្នំពេញ ៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ បានចាប់ផ្តើម​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ហើយ​បើតាម​ការបញ្ជាក់​ពី​អ្នកចូលរួម ក៏ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដំណើរការ​នេះ បាន​ប្រព្រឹត្តទៅ ក្នុង​បរិយាកាស​មួយ​ល្អ គ្មាន​ការរំខាន​ណាមួយ​នោះទេ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ហើយ​អង្គ​បោះឆ្នោត ក៏បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ផងដែរ​។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ មាន​គណបក្សនយោបាយ​ចំនួន ៧ បាន​ចូលរួម​ប្រកួតប្រជែង​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ មាន​អង្គ​បោះឆ្នោត​សរុប​ចំនួន​១១,៥៧២ នាក់ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​។​

​សូមបញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បោះពុម្ព​សន្លឹកឆ្នោត​ចំនួន​៤៩,០៦០ សន្លឹក ហើយ​ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ទាំង ៤៩,០៦០ សន្លឹក គឺ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត មាន​ចំនួន​២២,២០០​សន្លឹក និង​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ មាន​ចំនួន​២២,២០០ សន្លឹក​។ សន្លឹកឆ្នោត​គំរូ មាន​ចំនួន​៤,៦៦០ សន្លឹក តែ​ការបោះឆ្នោត​នេះ គឺ​មិនមាន​សន្លឹកឆ្នោត​បម្រុង​ទេ​៕ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114