ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​ថ្ងៃនេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​សន្និបាត UN-ESCAP នៅ​ប្រទេស​ថៃ​

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា នៅវេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ បាន​អញ្ជើញ​ចេញទៅ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) លើក​ទី​៧៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​ដំណើរ​អញ្ជើញ​ទៅ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ UN-ESCAP របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក​ស្រី អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ​របស់ UN-ESCAP​។​

​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) លើក​ទី​៧៥ ធ្វើឡើង​ក្រោម​ប្រធានបទ «​ការផ្តល់​សិទ្ធិអំណាច​ប្រជាជន និង​ការធានា​នូវ​បរិ​យា​ប័ន្ន និង​សមភាព​» ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​គោលបំណង​ដ៏​ចម្បង​នៃ​សន្និបាត​នេះ គឺ ​ដើម្បី​ពិនិត្យ ​និង​អនុម័ត​លើ​របាយការណ៍​ដែល UN-ESCAP និង​រដ្ឋ​ជា​សមាជិក​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨ និង​អនុម័ត​លើ​ផែនការ ព្រមទាំង​កម្មវិធី​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ដែល​បាន​ស្នើ​ឡើង​ដោយ UN-ESCAP និង​រដ្ឋ​ជា​សមាជិក​សម្រាប់​ឆ្នាំ​២០១៩​។ របាយការណ៍ និង​ផែនការ​សកម្មភាព​ទាំងនោះ​ នឹង​ដាក់​ជូន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការ​សហប្រជាជាតិ (ECOSOC) និង​អង្គ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជា ជាតិ​នៅក្នុង​អំឡុង​ខែ​កញ្ញា នៅ​បូរី​ញូយ៉ក​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​អញ្ជើញ​ឲ្យ​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ក្នុង​ពិធី​បើក​សន្និបាត​ដោយ​ផ្តោត​ជា​សំខាន់​លើ​ការចែករំលែក​បទពិសោធន៍​របស់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដែល​បាន​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ការ​អញ្ជើញ​ឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ចែក​រំលែក​នូវ​បទពិសោធន៍​នេះ ក៏ដោយ​សារ UN-ESCAP ទទួលស្គាល់​នូវ​សមិទ្ធផល​ដ៏​ធំធេង​របស់​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង និវត្តន៍​មកដល់​មាតុប្រទេស​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៧​ឧសភា​នេះ៕​ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114