ព័ត៍មានទាន់​ហេតុការណ៏
Search

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ហៅ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ថា បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយា​កាស​នយោបាយ​ប្រជាធិបតេយ្យ សេរី និង​ពហុបក្ស​

​ភ្នំពេញ​ ៖ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​ហៅ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សា​ស្រុក ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ថា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​អំពើ​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ និង​មាន​សណ្ដាប់​ធ្នាប់​ល្អ ជាពិសេស​ស្ថិត​ក្នុង​បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍ ​ចុះ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​។​

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​លើកឡើងថា នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែលមាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០៦ ជា​សមាជិក​បាន​ចាត់តាំង​សមាជិក​ចំនួន​២៣៤ ដែល​ជា​និស្សិត សាស្ត្រាចារ្យ បញ្ញវន្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​គ្របដណ្ដប់​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​២៥ រាជធានី ខេត្ត ទូទាំង​ប្រទេស ជា​លក្ខណៈ​ចល័ត និង​អចល័ត ដើម្បី​ធ្វើការ​សង្កេតមើល​ការបោះឆ្នោត​នេះ​។​

ផ្អែក​តាម​ការសង្កេត​យ៉ាង​យកចិត្តទុកដាក់ ហ្មត់ចត់ និង​ ប្រកបដោយ​ការទទួលខុសត្រូវ​លើ​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ សមាគម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​កម្ពុជា​បាន​សង្កេត​ឃើញ​ថា ទី​១, ការ​ចុះ​ឈ្មោះ​គណបក្ស​, ការ​បើក​ទីស្នាក់​កា​គណបក្ស​, ការ​លើក​ស្លាក​គណបក្ស​, ការ​ចុះ​ឈ្មោះ​ភ្នាក់​ងារ​គណបក្ស និង​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ និង​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត សកម្មភាព​របស់​អ្នកសង្កេតការណ៍ អ្នកសារព័ត៌មាន បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា គ្មាន​ការ​ជា​ប្រមាថ គ្មាន​ការ​សម្លុត​គំរាមកំហែង​គ្នា និង​គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត​។ ទី​២, ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត ការពិនិត្យ​មើល​ឈ្មោះ​អ្នកបោះឆ្នោត​ការ​អញ្ជើញ​ទៅ​បោះឆ្នោត ពេល​តម្រង់​ជួរ ពេល​ចូល​ទៅ​បោះឆ្នោត និង​ត្រឡប់​ចេញ​មក​វិញ គឺ​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិតបង្ខំ​ប្រកបដោយ​ទឹក​មុខ​រីករាយ​។ ទី​៣,ទឹក​ថ្នាំ​ពណ៌​ជ្រលក់​ប្រាម​ដៃ​មានគុណ​ភាព​ល្អ ដែល​យកជាការបាន​។ ទី​៤, ស្ថាន​ភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ធម្មតា គ្មាន​ភ័យខ្លាច​អ្វី​ទាំងអស់​។ ទី​៥, អាជ្ញាធរ​ដែនដី​ដែល​ត្រូវ​គ្រប់គ្រង​រដ្ឋ​ជា​ធម្មតា​ជាពិសេស​គ្រប់គ្រង​ថែរក្សា​សន្តិសុខ​សង្គម​ដោយ​មិន​រើសអើង​គណបក្ស​។ ទី​៦,មន្ត្រី គ​.​ជ​.​ប នៅ​តាម​ការិយាល័យ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ទៅតាម​នីតិវិធី​ដោយ​រលូន ក្នុង​ថ្ងៃ​បោះឆ្នោត ក៏ដូចជា​ដំណើរការ​បោះឆ្នោត​ការ​រាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធ​ផល​ជាដើម​។​

ផ្អែក​ទៅ​លើ​លទ្ធផល​ នៃ​ការ​សង្កេត​ខាង​លើ​នេះ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បាន​សន្និដ្ឋាន​ថា “​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នេះ ពិតជា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​អំពើ​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការ​លក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្ដាប់ធ្នាប់​ល្អ និង​ ស្ថិត​ក្នុង​បរិយាកាស​នយោបាយ​ប្រជាធិប​តេយ្យ សេរី និង​ពហុបក្ស​”​។ ចំណែក​ស្ថាប័ន គ​.​ជ​.​ប ជា​ស្ថាប័ន​តែមួយគត់​របស់​ជាតិ បាន​អនុវត្ត​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នេះ ស្របទៅតាម​ច្បាប់បោះឆ្នោត និង​លិខិត​បទដ្ឋាន​គតិយុត្តិ និង​បាន​ប្រកាន់យក​ជំហរ​អព្យាក្រឹត យុត្តិធម៌​ស្អាតស្អំ និង​តម្លាភាព​។​

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​ប្រកាស​គាំទ្រ​លទ្ធ​ផល​បឋម ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ​។​

សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​បើតាម​ការ​បញ្ជាក់​ពី​អ្នកចូលរួម ក៏​ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដំណើរការ​នេះ បាន​ប្រព្រឹត្ត​ទៅ ក្នុង​បរិយាកាស​មួយ​ល្អ គ្មាន​ការ​រំខាន​ណាមួយ​នោះទេ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ហើយ​អង្គ​បោះឆ្នោត ក៏បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ផងដែរ​។

ទាក់ទង​ការបោះឆ្នោត​នេះ លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាង​នៅ​ថ្ងៃ​បោះឆ្នោត​ការិយាល័យ​បោះឆ្នោត​២០៣ ការិយា​ល័យ​នៅ​ទូទាំងប្រទេស បានចាប់ផ្ដើម​បើក​ដំណើរការ​បោះឆ្នោត ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៣ រសៀល ហើយ​នៅតាម​ការិយាល័យ​បោះឆ្នោត​នីមួយ​ទូទាំង​ប្រទេស សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ក្នុង​តំណែង​ដែល​ជា​អង្គ​បោះ ឆ្នោត បាន​រូតរះ​ទៅ​បោះឆ្នោត​តាំងពី​ព្រឹក​ព្រលឹម​។

ជាមួយគ្នា​នោះ ការបោះឆ្នោត​នេះ ក៏មាន​ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ មាន​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ​យ៉ាង​ច្រើន បាន​មក​យក​ព័ត៌មាន​នៅ​តាម​គោលដៅ​នីមួយៗ​។​

ចំណែក​បញ្ហា​សន្តិសុខ បាន​ដំណើរការ​ទៅដោយ​រលូន ពុំមាន​ការរំខាន​ណាមួយ​កើតឡើង​ទេ ធ្វើ​ឲ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ នេះ​ស្ថិតនៅក្នុង​បរិយាកាស​សន្តិភាព សេរីភាព ហើយ​បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​មានការ​បោះឆ្នោត​មួយ​ដោយ​ស្ម័គ្រចិត្ត ស្របទៅតាម​លទ្ធិប្រជាធិបតេយ្យ រដ្ឋធម្មនុញ្ញ និង​ប្រព្រឹត្ត​ទៅតាម​ប្រតិទិន ដែល​បាន​គ្រោង​ទុក​។​

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ មាន​គណបក្ស​នយោបាយ​ចំនួន​៧ បាន​ចូលរួម​ប្រកួតប្រជែង​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣​នេះ មាន​អង្គ​បោះឆ្នោត​សរុប​ចំនួន​១១,៥៧២​នាក់ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​៕

​កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114