ព័ត៍មានទាន់​ហេតុការណ៏
Search

សន្និបាត UN-ESCAP ៖ សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ពី​គោលដៅ «​គ្មាន​អ្នកណាម្នាក់​ត្រូវបាន​បំភ្លេចចោល​» តាមរយៈ​ការអនុវត្ត​នូវ​គោលនយោបាយ​អភិវឌ្ឍ​ន៏​ជា​គន្លឹះ​ចំនួន​៣

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បានធ្វើការ​គូស​រំលេច​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការប្តេជ្ញា ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ «​គ្មាន​អ្នកណាម្នាក់​ត្រូវបាន​បំភ្លេចចោល​»​។

​ថ្លែង​ទៅកាន់​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​សម្រាប់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការសហប្រជាជាតិ (UN -ESCAP) ក្រោម​ប្រធាន​ប​ទៈ​«​ការផ្ដល់​សិទ្ធិអំណាច​ជូន​ប្រជាជន​និង​ការធានា​នូវ​បរិ​យា​ប័ន្ន​និង​សមភាព​» សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​គូស​រំលេច​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ឈានទៅ​សម្រេចបាន​នូវ​គោលដៅៈ​«​គ្មាន​អ្នកណាម្នាក់​ត្រូវបាន​បំភ្លេចចោល​» តាមរយៈ​ការអនុវត្ត​នូវ​គោលនយោបាយ​អភិវឌ្ឍ​ន៏​ជា​គន្លឹះ​ចំនួន​៣​គឺ​៖

​​ទី​១.​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៦-២០២៥​ដើម្បី​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ធានា​ឲ្យ​មាន​សុវត្ថិភាព​ប្រាក់ចំណូល​និង​កាត់បន្ថយ​ភាព​ងាយ​រង​គ្រប់ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ព្រមទាំង​បង្កើន​សុខុមាលភាព​របស់​ប្រជាជន​និង ពង្រឹង​សាមគ្គីភាព​ក្នុងសង្គម​។​

​ទី​២.​ការផ្តល់សេវា​ថែទាំ​សុខភាព​ដែលមាន​គុណភាព​និង​មានតម្លៃ​សមរម្យ​តាមរយៈ​មូលនិធិ​សមធម៌​សុខាភិបាល​ដែល​បានផ្ដល់​សេវា​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន​ក្រីក្រ ព្រមទាំង​ការ​ផ្តល់នូវ​ជំនួយ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ដល់​ស្ត្រី​សម្រាលកូន​និង​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​នៃ​គ្រួសារ​ក្រីក្រ​។​

​ទី​៣. ការដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​ចាស់​២០១៧-២០២៣ ដែល​សំដៅ​គាំទ្រ​និង​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​វ័យចាស់​ដោយ​យកចិត្តទុកដាក់​លើ​ការប្រែប្រួល​នៃ​កត្តា ប្រជាសាស្ត្រ ជាមួយនឹង​ចក្ខុវិស័យ​នានា​ចក្ខុវិស័យ​នៃ​ការ​ធានាថា​មនុស្ស​វ័យចាស់​អាច​ចូលរួម​ដោយ​សេរី​និង​ដោយ​សេចក្តីថ្លៃថ្នូរ​នៅក្នុង​គ្រួសារ​,​សហគមន៍​,​សកម្មភាព​សេដ្ឋកិច្ច​សាសនា​និង​សកម្មភាព​នយោបាយ​តាម​បំណងប្រាថ្នា​របស់​ពួកគាត់​ហើយ​ប្រជាជន​វ័យក្មេង​ក៏​ត្រូវតែ​ទទួលបាន​ចំណេះដឹង​និង​ជំនាញ​ដែល​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​រស់នៅ​ប្រកបដោយ​ផលិតភាព​,​សុខភាព​ល្អ​មាន​ភាព​សកម្ម​និង​សេចក្តីថ្លៃថ្នូរ​នៅពេលដែល​ពួកគេ​ឈានដល់​វ័យ​ចំណាស់​។​

​នាឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចែករំលែក​ជូន​អ្នកចូលរួម​ទាំង​អំពី​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការបញ្ចប់​សង្គ្រាមស៊ីវិល​និង​ការធ្វើ​បរិ​យា​ប័ន្ន​តាមរយៈ​«​គោលនយោបាយ​ឈ្នះ​ឈ្នះ​»​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​និង​គ្រប់​និន្នាការ​នយោបាយ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ កម្ពុជា​ទទួលបាន​សុខសន្តិភាព​និង​ការបង្រួបបង្រួម​ជាតិ​សម្រាប់​ប្រទេស​ទាំងមូល​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​នៅ​ចុងឆ្នាំ ១៩៩៨ ។ សង្គ្រាម​ដែល​បានអូសបន្លាយ​រយៈពេល​ជាង ៣០ ឆ្នាំ​ត្រូវ​បានបញ្ចប់​ទាំងស្រុង​នៅពេល​កងទ័ព​ខ្មែរក្រហម​បាន​ចុះចូល​និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។​នេះ​គឺជា​លទ្ធផល​ទទួលបាន​ពី​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដែល​យើង​បានដាក់​ចេញ​ដោយ​ខ្លួនឯង​ដោយ​គ្មាន​ការបង្គាប់បញ្ជា​ ឬ​ ជំនួយ​ពី​ខាងក្រៅ​។

​គោលនយោបាយ​ឈ្នះ​ឈ្នះ​មាន​រួមបញ្ចូល​សមាស​ភាពជា​មូលដ្ឋានចំនួន​៣​សំខាន់ៗ​គឺ​ទី​១.​ការ​ធានា​ថា ​បុគ្គល​គ្រប់រូប អាច​បន្ត​រស់​រាន​មាន​ជីវិត​,​ទី ២.​ការ​ធានាថា​បុគ្គល​គ្រប់រូប​មានការ​ងារ​និង​មុខរបរ​ចិញ្ចឹមជីវិត និង ទី​៣.​ការធានា​ការពារ​នូវ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងអស់​គ្នា​។ ជា​លទ្ធផល​ជោគជ័យ​នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ​នេះ​,​សង្គ្រាម​និង​ជម្លោះ​ប្រដាប់​អាវុធ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង ហើយ​កម្ពុជា​អាច​ដោះស្រាយបាន​នូវ​បញ្ហា​គ្រាប់​យ៉ាង​តាមរយៈ​ការ​កសាង​ទំនុក​ចិត្ត​រវាង​ខ្មែរ​និង​ខ្មែរ​ដែលជា​ប្រការ​នាំមក​នូវ​សន្តិភាព​ដ៏​រឹងមាំ​ហើយ​ចាក់ឫស​កាន់តែ​ជ្រៅ​ក្នុង​សង្គមជាតិ​ក្នុង​រយៈពេល​ជាង​២០ ឆ្នាំ​ចុង​ក្រោយនេះ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា សន្តិភាព​គឺជា​បុ​រេ​លក្ខខណ្ឌ​ដ៏​ចម្បង​និង​សំខាន់​បំផុត​សម្រាប់​កសាង​ខឿនសេដ្ឋកិច្ច​និង​អភិវឌ្ឍ​សង្គមជាតិ​។ លើ​មូលដ្ឋាន​នេះ​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់​៧,៧​ភាគរយ​ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​ចុងក្រោយ​ហើយ​បាន​ប្រែ​ក្លាយខ្លួនជា ​ប្រទេស​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​លឿន​លឿន​បំផុត​ក្នុង​ពិភពលោក ព្រមទាំង​បាន​ឆ្លងកាត់​ពី​ឋានៈ​ប្រទេស​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ។ អត្រា​ភាពក្រីក្រ​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ ជា​លំដាប់​ពី​ជាង ៥៣% ឆ្នាំ ២០០៤ មក​នៅ ១៣,៥% នៅ​ឆ្នាំ ២០១៤ ហើយ​ត្រូវបាន​ប៉ាន់​ស្មានថា​ស្ថិត​នៅ​ក្នុង​រង្វង់ ១០ ភាគរយ​នា​ពេល​បច្ចុប្បន្ន​។ វិស័យ​សុខាភិបាល​និង​អប់រំ​ក៏​សម្រេច​បាន​នូវ​ការ​រីកចម្រើន​មួយ​គួរ​កត់សម្គាល់​ទោះបី​នៅមាន​សេសសល់​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​ដោះស្រាយ​ក៏ដោយ​។​ ជា​មួយ​នឹង​សមិទ្ធផល​ដ៏​ធំធេង​នេះ​កម្ពុ​ជាមាន​មហិច្ឆតា​ក្នុង​ការ​ក្តាប់​យកមក​វិញ​នូវ​មោទនភាព​ជាតិ​តាមរយៈ​ការ​ប្រែ​ក្លាយខ្លួន​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ហើយ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ របៀបវារៈ​ឆ្នាំ ២០២៣ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​គឺជា​ការអំពាវនាវ​ឲ្យ​មាន​សកម្មភាព​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​គោលដៅ «​គ្មាន​អ្នកណាម្នាក់​ត្រូវបាន​បំភ្លេច​ចោល​»​។ ប្រធានបទ​នៃ​វេទិកា​ពិភាក្សា​នយោបាយ​គំនិត​ខ្ពស់​ឆ្នាំ​២០១៩​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs)​និង​ប្រធានបទ​នៃ​សន្និបាត​ឆ្នាំនេះ​ស្ដែងចេញ​នូវ​សុ​ឆន្ទៈ​របស់​សហគមន៍​ពិភពលោក​ក្នុងការ​តម្រង់ទិស​សង្គម​ដែលមាន​ការបែងចែក​សំដៅ​ជំរុញ​ឲ្យ​សង្គម​ទាំងនោះ​ផ្ដល់​សិទ្ធិអំណាច​,​បរិ​យា​ប័ន្ន​និង​ការផ្ដល់​នូវ​ឱកាស​ស្មើៗ​គ្នា​ដល់​មនុស្ស​គ្រប់រូប​។

សម្តេច​បន្តថា ច្បាស់​ណាស់​ថា ​ជាទូទៅ​ភាព​ខុសគ្នា ឬ ការបែងចែក​រវាង​ក្រុម​សង្គម​ផ្សេងៗ​តែងតែមាន​នៅ​ក្នុង​សង្គម​ជាតិ​។ ដោយឡែក​ចំពោះ​ប្រជាជន​កម្ពុជា​ទោះបី​ទទួល​បាន​ការ​រីកចម្រើន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ក្តី​,​ក៏​នៅ​មាន​ស្រទាប់​ប្រជាជន​ឬ​សហគមន៍​មួយ​ចំនួន​មិនទាន់​ទទួលបាន​នូវ​សិទ្ធិអំណាច​សមរម្យ​,​នៅ​ងាយ​ទទួលរង​គ្រោះ​និង​នៅ​មិនទាន់​ទទួលបាន​ការយកចិត្ត​ទុកដាក់​គ្រប់គ្រាន់​ផងដែរ​។ តើ​យើង​គួរ​ធ្វើ​បែបណា​ទើប​ប្រជាពលរដ្ឋ​យើង​ក្លាយជា​ភ្នាក់ងារ​ក្នុង​ការ​ផ្លាស់ប្តូរ​និង ក្នុង​ការ​កំណត់​ជោគវាសនា​របស់ខ្លួន​ហើយ​ទទួលបាន​សិទ្ធិអំណាច​សមរម្យ​?​តើ​ធ្វើ​បែបណា​ទើប​អាច​ជម្នះ​លើ​ឧបសគ្គ​នានា​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​សកម្មភាព​សង្គម​សមស្រប​តាម​បំណងប្រាថ្នា​របស់​យើង​បាន​? ខ្ញុំ​មាន​ជំនឿ​ជឿ​ថា ​វិធីសាស្ត្រ​មួយ​ដែល​យើង​អាចអនុវត្ត​បាន​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​នេះ​គឺ​ការ​ធ្វើ​បរិ​យា​ប័ន្ន​កម្ម​។ ការធ្វើ​បរិ​យា​ប័ន្ន​កម្ម អាច​សម្រេច​ទៅបាន​តាមរយៈ​ការ​ផ្ដល់​សិទ្ធិអំណាច​ដល់​ប្រជាជន​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ដែល​ជា​ការអនុញ្ញាត​ឲ្យ​ពួកគាត់​អាច​បង្ហាញ​ពី​តម្រូវការ​របស់ខ្លួន​ស​ម្រា​ប់​ការផ្លាស់ប្ដូរ​ទៅរក​សង្គម​មួយ​ដែល​កាន់​តែ​មាន​សមធម៌។ ជា​លទ្ធផល​ត្រឡប់មកវិញ​,​សង្គម​មួយ​ដែល កាន់​តែមាន​សមធម៌​ក៏​នឹង​ក្លាយ​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការផ្តល់​សិទ្ធិ​អំណាច​កាន់តែ​ពេញលេញ​និង​បង្កើន​បរិ​យាប​ន្ន​នៅពេល​អនាគត​ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់ UNESCAP ក្នុងការ​រួមចំណែក​លើ​ក​កម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​,​ជាពិសេស​តាមរយៈ​ការគាំទ្រ​ដល់​ការអនុវត្ត SDGs ដែល​ចាត់ទុក​បរិ​យា​ប័ន្នជា​ចំណុច​ស្នូល​និង​ជា​គោលដៅ​ចម្បង​។ តួនាទី​នេះ​រឹត​តែ​មាន​សារៈសំខាន់​ថែមទៀត​សម្រាប់​តំបន់​យើង​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដែល​ពិភពលោក​និង​សកលភាវូបនីយកម្ម​កំពុង​ត្រូវ​គំរាមកំហែង​ដោយ​ចរន្ត​សម្គាល់​គាំពារ​និយម​,​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ធំៗ​និង​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​,​ក៏ដូចជា​ក្នុងពេល​អនាគត​ដែល​សាកលវិទ្យាល័យ​លោក​ត្រូវ​ប្រឈម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​រចនាសម្ព័ន្ធ​ធំៗ​ជាអាទិ៍​បញ្ហា​ប្រជាសាស្ត្រ បញ្ហា​នៃ​មនុស្ស​ចាស់​និង​មនុស្ស​វ័យក្មេង​,​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​,​សន្តិសុខ​ថាមពល​,​បញ្ហា​ទឹក និង បរិស្ថាន ព្រមទាំង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ដើម្បី​កសាង​អនាគត​តំបន់​មួយ​ដ៏​រុងរឿង​ស្របតាម​និន្នាការ​នៃ​បដិវត្តន៍​ឧស្សាហ៍កម្ម​ទី​៤​ ឬ​ សេដ្ឋកិច្ច​ឌីជីថល​។

​សម្តេច​តេ​ជោ​ក៏បាន​បង្ហាញ​ផងដែរ​ អំពី​បទពិសោធន៍​របស់​កម្ពុជា​ដែល​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ​សន្តិភាព​និង​ស្ថេរភាព​គឺជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ហើយ​បញ្ច្រាស​មកវិញ​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​សមធម៌​គឺជា​លក្ខខណ្ឌ​ដែល​ចាំបាច់​សម្រាប់​ពង្រឹង​និង​ធានា​នូវ​សុខសន្តិភាព​និង​ស្ថេរភាព​សង្គម ។ លើ​មូលដ្ឋាន​នៃ​បទពិសោធន៍​នេះ​,​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ផ្តល់​តម្លៃ​ខ្ពស់បំផុត​ចំពោះ​ការ​ខិតខំ​បន្ត​ថែរក្សា​សន្តិភាព​និង​ស្ថេរភាព​ព្រមទាំង​បន្ត​ជំរុញ​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​បរិ​យា​ប័ន្ន​ដែល​បច្ចុប្បន្ននេះ​ក៏​កំពុងតែ​ហុច​ផ្លែផ្កា​យ៉ាងពិត​ប្រាកដជា​ប្រយោជន៍​ជូន​ដល់ ពលរដ្ឋ​កម្ពុជា​នៅ​គ្រប់​ច្រកល្ហក​និង​គ្រប់​ផ្ទៃ​ប្រទេស​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​អង្គការសហប្រជាជាតិ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​បាន​បន្ត​កិច្ចសហការ​និង​គាំទ្រ​ដល់​ប្រទេស​និង​ប្រជាជន​កម្ពុជា​ក្នុង​ពេល​កន្លង​មក​ហើយ​រំពឹង​យ៉ាង​មុតមាំ​ថា​ចំពោះ​សុច្ឆន្ទៈ​នៃ​ការពង្រឹង​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​នេះ​ឲ្យ​កាន់តែ​សកម្ម​ខ្លាំង​ឡើង​ថែមទៀត​ដោយ​រួម​របស់​យើងទាំងអស់គ្នា​គឺ​«​ការកសាង​ពិភពលោក​មួយ​ដែល​គ្មាន​នរណាម្នាក់​ត្រូវបាន​បំភ្លេចចោល​»​។

សន្និបាត​ប្រចាំ​ឆ្នាំនេះ​មាន​ការយាង​ចូលរួម​ពី​ម្ចាស់​ក្ស​ត្រី​មហា​ចក្រី សិរិ​ន​ថន និង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធានាធិបតី ,​នាយករដ្ឋមន្ត្រី ,​ឧបនាយករដ្ឋមន្ត្រី ,​រដ្ឋមន្ត្រី​, ឧ​ត្ត​ម​មន្ត្រី និង មន្ត្រី​នៃ​រដ្ឋ​ជា​សមាជិក​ចំនួន ៥៣ ប្រទេស និង រដ្ឋ​សង្កេតការណ៍​ចំនួន​៩ រដ្ឋ នៃ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​តំណាង​ស្ថាប័ន​សំខាន់ៗ របស់​អង្គការសហប្រជាជាតិ​អង្គការ​អន្តរជាតិ​ដៃគូ​អភិវឌ្ឍន៍​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គម​ស៊ីវិល​និង​វិស័យ​ឯកជន​ជាច្រើន​ទៀត​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រតិភូ​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​វិលត្រឡប់​មកដល់​មាតុភូមិ​វិញ នៅ​រសៀល​ថ្ងៃទី ២៧ ខែ ឧសភា បន្ទាប់ពី​បាន​ថ្លែង​សុន្ទរកថា​ជា​គន្លឹះ​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​សម្រាប់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការសហប្រជាជាតិ (UN -ESCAP)​ចប់​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114