ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ​ស្ដីពី​អនាគត​របស់​អាស៊ី​ នៅ​ប្រទេស​ជប៉ុន​

​ភ្នំពេញ ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ម៉ោង៧និង​៣០​នាទី​ ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា​នេះ​ បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្ដីពី​អនាគត​របស់​អាស៊ី​ និង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​ នៅ​ទីក្រុង​តូ​ក្យូ​ ពីថ្ងៃ​ទី ២៩ ដល់​ថ្ងៃទី​៣១ ខែ​ឧសភា​។

ក្នុង​សន្និសីទ​ខាងលើនេះ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​លើ​មូល​បទ​របស់​សន្និសីទ ​«​ការ​ស្វែងរក​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​-​ការ​ជម្នះ​ភាព​វឹកវរ​» ព្រមទាំង​ចែករំលែក​ទស្សនៈ​វិស័យ​លើ​បរិបទ​សកលលោក​បច្ចុប្បន្ន​មាគ៌ា​ឆ្ពោះទៅមុខ និង ការ​ប្ដេជ្ញា​ចិត្ត​ និង​រួមចំណែក​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​ភាព​សុខដុម សន្តិភាព និង វិបុលភាព​រួម​នៅ​តំបន់ អាស៊ី​-​បា​ស៊ី​ហ្វិ​ក និង​ក្នុង​ពិភពលោក​។​

បន្ទាប់ពី​សន្និសីទ​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ដើម្បី​ពិភាក្សា​បញ្ហា​ទ្វេភាគី​តំបន់​ និង​អន្តរជាតិ​ដែលជា​ការយកចិត្តទុកដាក់​រួម។ នាឱកាស​នោះ​ នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​ទាំងពីរ​ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់ប្ដូរ​សារ​ព្រមព្រៀង​ ស្ដីពី​ការផ្ដល់​ជំនួយឥតសំណង​របស់​ជប៉ុន​សម្រាប់​គ​ម្រោ​ង​អភិវឌ្ឍន៍​កម្ពុជា​ចំនួន២។ ទី​១.កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​-​សាងសង់​ស្ថានីយ​កុងតឺន័រ ​ក្នុង​ទឹកប្រាក់​២០០​លាន​យ៉េន​(​ប្រហែល​១,៨​លាន​ដុល្លារ​)​ និង​ទី​២.​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ដែលមាន​ទឹកប្រាក់​៣៣៩​លាន​យ៉េន​( ៣,១​លាន​ដុល្លារ​)​។

​អំឡុងពេល​ទស្សនកិច្ច​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ទទួល​ជួប​តំណាង​ក្រុមហ៊ុន អង្គការ​ និង សមាគម ជប៉ុន​សំខាន់​ជាច្រើន​ផង​ដែរ​។ តាម​គ្រោង​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នឹង​និវត្តន៍​មកដល់​មាតុប្រទេស​វិញ​នៅ​យប់​ថ្ងៃទី​៣១ ខែ​ឧសភា៕

ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114