ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​លេខ​១១០​ កំពុង​រង​ការខូចខាត​ ពលរដ្ឋ​ស្នើ​សុំឲ្យ​មានការ​ជួសជុល​ និង​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​

កណ្ដាល ៖ កំណាត់​ផ្លូវ​លេខ​១១០ ជាច្រើន​កន្លែង​ បច្ចុប្បន្ន​កំពុង​រង​ការខូចខាត​ធ្ងន់ធ្ងរ​បន្តិច​ម្តងៗ ហើយ​កន្លែង​ខ្លះ​ស្ទើរ​ក្លាយ​ទៅជា​ថ្លុក និង​ប្រឡាយ​ទៅហើយ ប្រជាពលរដ្ឋ​សូម​ស្នើសុំ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ជួសជុល និង​ដាក់​ប្រព័ន្ធ​លូ​ឲ្យ​បាន​ល្អ​ប្រសើរ។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ឃុំ​ត្រើយ​ស្លា និង​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្តាល ពិសេស​អ្នក​ដែល​ធ្វើដំណើរ​តាម​កំណាត់​ផ្លូវ​លេខ​១១០ ត្រើយ​ខាងកើត​ទន្លេបាសាក់ បាន​ត្អូញត្អែរ​ថា កំណាត់​ផ្លូវ​នេះ​នៅក្នុង​ឃុំ​ខាងលើនេះ គឺ​បាន​កំពុង​រង​ការខូចខាត​ជា​បណ្តើរៗ​ហើយ ដែល​កន្លែង​ខ្លះ​ស្ទើរ​ក្លាយទៅជា​បាត​ប្រឡាយ​មានទឹក​ដក់ បង្ក​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ណាស់ គឺ​ចាប់ពី​មាន​ភ្លៀង​ធ្លា​ក់មក​។

ពលរដ្ឋ​បាន​បន្តថា ដោយសារតែ​មិនមាន​ប្រព័ន្ធ​លូបង្ហូរទឹក ទើប​ក្រោយ​ភ្លៀង​ប៉ុន្មាន​មេ​ធំៗ​នេះ ធ្វើឲ្យ​លិច​ផ្លូវ និង​បង្ក​ឲ្យ​មាន​ជង្ហុក​តូច ធំ និង​ដក​ទឹក​នៅលើ​ផ្លូវ​យ៉ាង​ដូច្នេះ។ ដោយ​បញ្ហា​ទាំងនេះ​ពលរដ្ឋ​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ជួយ​ជួសជុល​ស្ថាបនា​កំណាត់​ផ្លូវ​នេះ​ឡើងវិញ និង​ជួយ​ដាក់​ប្រព័ន្ធ​លូ​ផង ។​

លោក កង ភី​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​ស្ថាបនា និង​ជួសជុល​ផ្លូវ ​នៃ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន បាន​ប្រាប់​ឲ្យ​ដឹងថា ផ្លូវ​លេខ​១១០​នេះ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល បាន​ស្នើ​សុំ​ថវិកា​មក​ក្រសួង​ដើម្បី​ស្ថាបនា​ជួសជុល​ហើយ ប៉ុន្តែ ដោយ​ថវិកា​មិនទាន់​ធ្លាក់ ហើយ​ស្រប​ពេល​ដែល​គ្រឿងចក្រ​របស់​ក្រសួង​កំពុង​ស្ថាបនា​ធ្វើ​ផ្លូវ​ពី​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ទៅដល់​ព្រំប្រទល់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ហើយ​លោក​ក៏​បាន​ដក​គ្រឿងចក្រ​មួយចំនួន​ទៅ​ឈូសឆាយ​សម្រួល​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ដែរ។​

ជុំវិញ​ព័ត៌មាន​នេះ លោក ហេង រ័ត្ន​ពិ​សិទ្ធ អគ្គនាយក​សាធារណការ​ និង​ដឹកជញ្ជូន ទទួល​ផែន​ការ​ងារ​ស្ថាបនា​ផ្លូវ លូ ស្ពាន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា បញ្ហា​ផ្លូវ​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ដោយសារ​នៅ​តំបន់​នោះ​គ្មាន​កន្លែង​រំដោះ​ទឹក ហើយ​ម្យ៉ាង​ទៀត​ប្រជាពលរដ្ឋ​នាំគ្នា​ចាក់ដី​តាម​លំនៅដ្ឋាន​ខ្ពស់ជាង​ផ្លូវ​។ ហើយ​កាលពី​២០១៨​កន្លងទៅ ក្រុម​ការងារ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចុះ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ស្តារ​ប្រព័ន្ធ​លូ​បាន​ខ្លះ ដោយឡែក​កន្លែង​ខ្លះទៀត​ដែល​កំពុង​ខូចខាត​ និង​ជន​លិច​នោះ​ យើង​នឹង​ជំរុញ​ឲ្យ​ខាង​មន្ទីរ​ និង​ក្រុមការងារ​នៅ​ក្រសួង​ចុះទៅ​សិក្សា​ និង​សហការ​ជាមួយ​អាជ្ញាធរ​ ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​រុះរើ​រំកិល​ផ្ទះសម្បែង​ដែល​រង​ផលប៉ះពាល់​ដើម្បី​ជួសជុល​ស្ថាបនា​ផ្លូវ ដើម្បី​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ពីព្រោះ​គម្រោង​ផ្លូវ​នេះ​មាន​ស្រាប់​ទៅហើយ​៕

ដោយ ៖ ​រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114