ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​តំបន់​ផ្លូវ​លេខ​២០០៤ ផ្លូវ​សឡា ផ្លូវ​ណ័​រ​ប្រ៊ី​ត និង​ផ្លូវ​ឌួង​ងៀប ក្នុង​រយៈពេល​៧០​ថ្ងៃ​

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​តំបន់​ផ្លូវ​លេខ​២០០៤ ផ្លូវ​សឡា ផ្លូវ​ណ័​រ​ប្រ៊ី​ត និង ​ផ្លូវ​ឌួង​ងៀប ក្នុង​រយៈពេល​៧០​ថ្ងៃ ដោយ​គិត​ចាប់ពីពេលនេះ​តទៅ ដើម្បី​ដាក់​លូ​ប្រអប់​មេ​កាត់​ទទឹង​ផ្លូវ​លេខ​5C។ ​ដូច្នេះ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​ឆ្លង​តំបន់​នេះ​។​

នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្ដីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ​សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​សឡា តាម​បណ្ដោយ​ផ្លូវ​លេខ​5C ចាប់ពី​ផ្លូវ​លេខ​២៧១ ដល់​ស្ថានីយ​ប្រេងឥន្ធនៈ​តេ​លា ស្ថិតនៅ​ព្រំប្រទល់​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ឲ្យ​បាន​ជ្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្ដើម​ដាក់​លូ​ប្រអប់​មេ​កាត់​ទទឹង​ផ្លូវ​លេខ​5C ទំហំ​មុខកាត់ ២,៥​ម៉ែត្រ គុណ​២,៥​ម៉ែត្រ ចំនួន​បី​ជូរ​។ អាស្រ័យហេតុនេះ សូម​សាធារណជន និង​បងប្អូន​ប្រជាពល​រដ្ឋ​ទាំងអស់​មេត្តា​ជ្រាប យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​រំខាន​ដល់​ការធ្វើ​ចរាចរ​ឆ្លងកាត់​ការដ្ឋាន​។​ពិសេស​តំបន់​ផ្លូវ​លេខ​២០០៤ ផ្លូវ​សឡា ផ្លូវ​ណ័​រ​ប្រ៊ី​ត ផ្លូវ​ឌួង​ងៀប ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​បញ្ចប់​ការដ្ឋាន មាន​រយៈពេល​៧០​ថ្ងៃ ដោយ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់ លើក​លែងតែ​ទោចក្រយានយន្ត​។​

ការ​ធ្វើ​បែបនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​ទឹកភ្លៀង​នៅ​រដូវវស្សា ដែល​តែងតែ​កើតមានឡើង ក្នុង​រាជធានី​ភ្នំពេញ និង​ដោយ​ពិនិត្យ​ឃើញ​ថា ស្ថានភាព​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ស្ទឹងមានជ័យ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ទំហំ​តូច ដែល​ធ្វើ​ឲ្យ​ស្ទះផ្លូវ​បង្ហូរទឹក នៃ​ប្រឡាយ​ស្ទឹងមានជ័យ​។​

អាស្រ័យហេតុនេះ សូម​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ភូមិ​សាស្ត្រ​ខាងលើ មេត្តា​ជ្រាប និង​យោគយល់​អធ្យាស្រ័យ ចំពោះ​ការ​រំខាន ដល់​ការ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ការដ្ឋាន និង​ផល​ប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើតមានឡើង និង​មេត្តា​ពង្វាង​ចរាចរ​ចេញពី​ទីតាំង​ខាងលើ ទៅតាម​ផែនទី​ពង្វាង​ចរាចរណ៍ ដើម្បី​សម្រួល​ឲ្យ​ការអនុវត្ត​គម្រោង​នេះ សម្រេច​បាន​តាម​ផែនការ​កំណត់​។​

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​សែន​សុខ រដ្ឋ​បាល​ខណ្ឌ​មានជ័យ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​អនុវត្ត និង​សម្រប​សម្រាល​សណ្ដាប់ធ្នាប់​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ខាងលើនេះ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ និង​ប្រសិទ្ធ​ភាព​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114