ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ជប៉ុន​ឆែកឆេរ​ផ្ទះ​របស់​អ្នក​វាយប្រហារ​ដោយ​កាំបិត

ប៉ូលិស​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​បាន​ឆែកឆេរ​ផ្ទះ​របស់​បុរស​ម្នាក់​ដែល​នៅ​ពីក្រោយ​ការចាក់​ប្រហារ​ដ៏​ឃោរឃៅ​មួយ​ក្នុង​ទីក្រុង កា​វ៉ា​សា​គី កាលពី​ថ្ងៃមុន​ដែល​បានសម្លាប់​មនុស្ស​ចំនួន​២​នាក់​រួមទាំង​កុមារ​ផងដែរ​។​

អ្នក​វាយប្រហារ​អាយុ​៥១​ឆ្នាំ​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​ប៉ូលិស​ថា​មានឈ្មោះ Ryuichi Iwasaki គឺ​បាន​ស្លាប់​បន្ទាប់ពី​ចាក់​ខ្លួនឯង​អំឡុង​ការវាយប្រហារ​ហើយ​បំណង​របស់គាត់​ចំពោះ​ការវាយប្រហារ​ដ៏​រន្ធត់​នេះ​នៅ​មិនទាន់​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ។

ទូរទស្សន៍ NHK បាន​ផ្សាយ​ថា កាលពី​ព្រឹក​ថ្ងៃ​ពុធ ប៉ូលិស​បាន​ឆែកឆេរ​ផ្ទះ​របស់គាត់​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែងកើតហេតុ​ដោយ​រឹបអូស​យក​សម្ភារៈ​ដែល​មិនបាន​បញ្ជាក់​ច្បាស់លាស់​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា លោក Iwasaki បានរស់នៅ​ជាមួយ​សាច់ញាតិ​អាយុ​៨០​ឆ្នាំ​ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ​។ មុខរបរ​របស់គាត់​មិនត្រូវ​បាន​គេ​ដឹង​ឡើយ​។​

​ប៉ូលិស​ក៏​មិនបាន​និយាយ​អ្វី​លើ​ការស៊ើបអង្កេត​ផងដែរ​ហើយ​បាន​បដិសេធ​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​អំពី​អ្នក​វាយប្រហារ​។​

ការវាយប្រហារ​ក្នុង​ទីក្រុង​នៅ​ភាគខាងត្បូង​រាជធានី​តូ​ក្យូ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បានសម្លាប់​មនុស្ស​ចំនួន​ពីរ​នាក់​គឺ​ក្មេងស្រី​សិស្សសាលា​អាយុ​១៨​ឆ្នាំ​ម្នាក់​ឈ្មោះ Hanako Kuribayashi និង​ឪពុក​អាយុ​៣៩​ឆ្នាំ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មន្ត្រី​រដ្ឋាភិបាល​ឈ្មោះ Satoshi Oyama ជា​អ្នកឯកទេស​ភូមា​។​

យោងតាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​១៧​នាក់​ដែល​ភាគច្រើន​ជា​កុមារ​តូចៗ​គឺ​បាន​រងរបួស។

លោក Iwasaki បាន​លូន​លបៗ​នៅ​ពីក្រោយ​សិស្សសាលា Caritas Gakuen ខណៈដែល​ពួកគេ​កំពុង​រង់ចាំ​ឡាន​សាលា​របស់​ពួកគេ​ហើយ​បានចាប់ផ្តើម​ចាក់​រះ​លើ​ពួកគេ​ជាមួយ​កាំបិត​នៅ​ដៃ​ទាំងពីរ​មុនពេល​ចាក់​ខ្លួនឯង​ចំក។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដែល​ដកស្រង់​ប្រភព​របស់​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការវាយប្រហារ​នេះ​មាន​រយៈពេល​តិចជាង​២០​វិនាទី​ហើយ​ថា កាំបិត​ចំនួន​ពីរ​ដើម​បន្ថែមទៀត​ត្រូវបាន​រកឃើញ​នៅ​ខាងក្នុង​កាបូបស្ពាយ​រប​ស់​អ្នក​វាយប្រហារ​ដែល​គាត់​បាន​ទុកចោល​នៅ​ហាង​លក់​ម្ហូប​មួយ​ក្បែរ​នោះ​។​

​បន្ទាប់ពី​ការវាយប្រហារ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​និយាយថា ខ្លួន​នឹង​ពិនិត្យឡើងវិញ​នូវ​វិធានការ​នានា​ដើម្បី​ធានា​សុវត្ថិភាព​ដល់​កុមារ​ដែល​ធ្វើដំណើរ​ទៅ​និង​មក​សាលារៀន​៕ AFP

​ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114