ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ក្រុមហ៊ុន​ជប៉ុន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​តែង​ជួយ​បណ្តុះ បណ្តាល​ធនធានមនុស្ស​

ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី ២៩ ខែ ឧសភា នេះ បានអនុញ្ញាត​ឱ្យ​លោក កេ​ន ម៉ា​ត​ស៊ុ​ហ្សា​វ៉ា (Ken Matsuzawa) ប្រធាន​ក្រុមប្រឹក្សា​ផ្លាស់ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន (FEC) និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​របស់​ជប៉ុន ៦ រូប​ផ្សេងទៀត​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​លើ​ការងារ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស​ន៍​ ​ឲ្យ​ដឹង ​បន្ទាប់ពី​ជំនួប​នោះ​ថា​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​រីករាយ​ដែលជា​បាន​ជួប​ជាថ្មី​ម្តងទៀត​ជាមួយ​លោក កេ​ន ម៉ា​ត​ស៊ុ​ហ្សា​វ៉ា។ ​ក្នុង​ជំ​នួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ពី​ការសម្រេច​ក្នុងការ​លុបចោល​ពន្ធ​កាត់​ទុក​១ ភាគរយ​ហើយ​ឱ្យ​ចាប់ផ្តើម​អនុវត្តន៍​ភ្លាមៗ​ដោយ មិន​ទុក​រហូតដល់​ចុងឆ្នាំ​នោះឡើយ​។​

សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​មានប្រសាសន៍​ទៅកាន់​លោក កេ​ន ម៉ា​ត​ស៊ុ​ហ្សា​វ៉ា ដែរ​ថា​កម្ពុជា​មិនមែន​ត្រូវការ​ត្រឹមតែ​ហិរញ្ញ​ប្បទាន​ឬ​ជំនួយ​នោះទេ ប៉ុន្តែ​កម្ពុជា​ក៏​ស្វាគមន៍​នូវ​អនុសាសន៍​និង​គំនិត​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​លើ​ការវិនិយោគ​ផងដែរ​។

លោក កេ​ន ម៉ា​ត​ស៊ុ​ហ្សា​វ៉ា បាន​មានប្រសាសន៍​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ​លោក​ជួយ​ជំរុញ​នូវ​លំហូរ​អ្នកវិនិយោគ​ពី​ជប៉ុន​ទៅ កាន់​ប្រទេស​កម្ពុជា​ហើយ​ក្រុមហ៊ុន​របស់លោក​នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​និង​ជួយ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ដល់​ការបញ្ចេញ​នូវ​ឆន្ទៈ​របស់លោក​ប្រធាន​FEC​និង​ក្រុមហ៊ុន​របស់លោក​ចំពោះ​ឆន្ទៈ​ដ៏​មុះ​មុត​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​។

ជាពិសេស​ការងារ​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​នាពេល​កន្លងទៅ​។ សម្តេច​តេ​ជោ​បាន​រំលឹក​ប្រាប់ លោក កេ​ន ម៉ា​ត​ស៊ុ​ហ្សា​វ៉ា ថា​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​លំបាក​ជាច្រើន​ ជាពិសេស​ការអភិវឌ្ឍ​ធនធានមនុស្ស។ កម្ពុជា​ខ្វះ​ធនធាន មនុស្ស​ដោយសារ​ក្នុង​របប​ខ្មែរក្រហម​បាន​កាប់សម្លាប់​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ធនធានមនុស្ស​ជាច្រើន​។

ក្នុងន័យនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ដល់​ក្រុមហ៊ុន​របស់ លោក កេ​ន ម៉ា​ត​ស៊ុ​ហ្សា​វ៉ា និង ក្រុមហ៊ុន​ជប៉ុន​ដទៃទៀត​ជួយ​បណ្តុះបណ្តាល ធនធានមនុស្ស​នៅ​កម្ពុជា។ សម្តេច​តេ​ជោ​បាន​ថ្លែង​កោតសរសើរ​ក្រុមហ៊ុន​ជប៉ុន​នៅពេល​មក​វិនិយោគ​នៅ​កម្ពុជា​តែងតែ​បង្ហាញ​ការបារម្ភ ពី​ធនធានមនុស្ស​ហើយ​តែងតែ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​ផងដែរ។ ដូចជា​ក្រុមហ៊ុន​មី​នី​បៀ បាន​ចូលមក​វិនិយោគ​និង បង្កើត​រោងចក្រ​ជា​បន្តបន្ទាប់​ហើយ​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​របស់​កម្ពុ​ជា​ដើម្បី​ឱ្យមាន​សមត្ថភាព គ្រប់គ្រាន់​ក្នុងការ​ធ្វើ​កិច្ចការ​បម្រើ​ក្នុង​ក្រុមហ៊ុន​របស់ខ្លួន។ កន្លងទៅ​ក្រុមហ៊ុន​នេះ​បាន​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ទៅ​បណ្តុះបណ្តាល​នៅ​ប្រទេស ថៃ និង ម៉ាឡេស៊ី​ជាដើម។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ជប៉ុន​តែងតែ​បង្កើត​នូវ​កម្មវិធី​បណ្តុះបណ្តាល​នៅក្នុង​ក្រុមហ៊ុន​ខ្លួន​ផងដែរ។​

លោក កេ​ន ម៉ា​ត​ស៊ុ​ហ្សា​វ៉ា មានប្រសាសន៍​តប​ថា​ ទាំង​រូបលោក​និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ៦ រូប​ផ្សេងទៀត​គឺ​ពិតជា​យល់​អំពី​អ្វីដែល​សម្តេច បានលើកឡើង​ហើយនឹង​ប្រឹង​ជំរុញ​លើ​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​នេះ​។

ពាក់ព័ន្ធ​បញ្ហា​ធនធានមនុស្ស​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​រដ្ឋាភិបាល​មិនអាច​ដើរតួនាទី​បណ្តុះបណ្តាល​តែម្នាក់ឯង​ទេ​គឺ​ត្រូវ​ការចូលរួម​ពី​វិស័យ​ឯកជន​ហើយ​ពេល​កម្ពុ​ជាមាន​ធនធាន​គ្រប់គ្រាន់​ក្រុមហ៊ុន​ពី​ជប៉ុន​ទៅ​អាច​ប្រើ​ធនធាន​នៅក្នុង​ស្រុក​ដោយ​មិនបាន​ចំណាយ​ច្រើន​ក្នុង​ការនាំ​អ្នកជំនាញ​ពី​ក្រៅប្រទេស​ទៅ​៕​

ដោយ ៖ ណា​រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114