ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ៖ សន្តិភាព ស្ថិរភាព​នយោបាយ​និង​ម៉ាក្រូសេដ្ឋកិច្ច ការដាក់ចេញ​នូវ​វិធានការ​ថ្មីៗ របស់​កម្ពុជា​សុទ្ធសឹង​ជា​កត្តា​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​នេះ​ បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​អ្នកវិនិយោគ​បរទេស​ទាំងអស់​ជាពិសេស​អ្នកវិនិយោគ​ជប៉ុន​ដែល​បានជ្រើសរើស​និង​មានបំណង​យក​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន។ ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើងខណៈ​សម្តេច​ចូលរួម​នៅក្នុង​សិក្ខាសាលា​ស្តីពី “​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​”​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។

នៅ​ចំពោះមុខ​អ្នកវិនិយោគ​ជប៉ុន​និង​វិនិយោគ​អន្តរជាតិ​ប្រមាណ​៣៥០​រូប​ដែលជា​តំណាង​ក្រុមហ៊ុន​ធំៗ​និង​ធុរជន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា​ ៖ ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​ជប៉ុន ដោយ​គិត​ចាប់តាំងពី​ឆ្នាំ ១៩៩៤ រហូតដល់​ត្រីមាស​ទី​១​ឆ្នាំ ២០១៩ គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មាន​ចំនួន ១៣៧​គម្រោង​ក្នុងនោះ​មាន​ទុនវិនិយោគ​សរុប​ចំនួន ២,៥​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​ជប៉ុន​ទាំងនេះ​ភាគច្រើន​ផ្តោតទៅលើ​ការផលិត​គ្រឿង​បង្គុំ​អគ្គិសនី​និង​អេឡិចត្រូនិក គ្រឿង​បង្គំ​រថយន្ត​និង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍​មន្ទីរពេទ្យ និង ផ្សារ​ទំនើប​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា ក្រៅពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខា ង​លើ​ក៏មាន​វត្ត​មាននៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ​ទាំង​តូច​ប្រមាណ​១,៧០០​ក្រុមហ៊ុន​ដែលមាន​សកម្មភាព​ក្នុង​វិស័យ​ធនាគារ អាកាសចរណ៍ និង ភោជនីយដ្ឋាន​ជាដើម​។ វិស័យ​ទេសចរណ៍​ត្រី​មួយឆ្នាំ ២០១៩ កម្ពុជា​បានទទួល​ទេសចរ​ជប៉ុន​ប្រមាណ ៦ ម៉ឺន​នាក់​។​

តាមរយៈ​សុន្ទរកថា​ចំនួន ៧​ទំព័រ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្ហាញ​ផងដែរ ដល់​វិនិយោគិន ជប៉ុន​ពី​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ របស់​កម្ពុជា និង គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ ដោយបាន​កំណត់​ប្រភេទ​ឧស្សាហកម្ម​ជា​អាទិភាព​ចំនួន​៥​។ ឧស្សាហកម្ម​ជា​អាទិភាព​ទាំងនោះ​មាន​ឧស្សាហកម្ម​ឬ​កម្មន្តសាល​ថ្មីៗ សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព ផលិតកម្ម​ក​សិ​-​ឧស្សាហកម្ម ដែល​បំរើ​ឲ្យ​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ និង​ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឲ្យ​ខ្សែរ​ចង្វាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​ជា​យុទ្ធសាស្ត្រ​នាពេល​អនាគត​។​

ដើម្បី​ជា​សក្ខីភាព​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​និង​បរទេស​ផ្សេងទៀត​ចូលទៅក្នុង​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ពី​ការសម្រួល​ពាណិជ្ជកម្ម​កាលពីពេល​ក​ន្ល​ង​ទៅនេះ​ដោយបាន​លើកឡើងថា​៖ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច​ថ្មីៗ​មួយចំនួន​ដែល​ចូលរួម​កាត់​បន្ថយថ្លៃ​ចំណាយ​ធុរកិច្ច​របស់​អ្នកវិនិយោគ​សរុប​ប្រមាណ​ជាង ៤០០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​សំដៅ​ចូលរួម​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​វិធានការ​ដែលមាន​២​ផ្នែក​ធំៗ គឺ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​កាត់បន្ថយ​ចំណាយ​ធុរកិច្ច និង​ក្របខ័ណ្ឌ​ច្បាប់​ស្ដីពី​ការវិនិយោគ​នៅ​កម្ពុជា ៖

​ ​ក​.​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​កាត់បន្ថយ​ចំណាយ​ធុរកិច្ច​៖ ១.​ការបញ្ចប់​តួនាទី​អចិន្ត្រៃយ៍​រប ស់អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​ដោយ​រក្សាទុក​តែ​ភ្នាក់ងារ​គយ​ប៉ុណ្ណោះ​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ច្រកទ្វារ​អន្តរ​ជា តិ​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ផ្សេងទៀត​។ ២.​ការលុបចោល​ភ្នាក់ងារ​កម្ពុជា​នាវាចរ​ណ៍ ហៅ​កាត់​ថា​កាំសាប​។ ៣.​ដូច​បានកំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​យើង​បានចាប់ផ្តើម​បញ្ចុះតម្លៃ​អគ្គិសនី​ជំហាន​ដំបូង​ចំនួន​២​សេន ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​សម្រាប់​អ្នកប្រើប្រាស់ ប្រភេទ​ឧស្សាហកម្ម ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ និង​សិក្សា​លទ្ធភាព​បញ្ចុះ​ថ្លៃ​ជា​បន្តបន្ទាប់​ទៀត ។ កន្លងទៅនេះ យើង​ក៏មាន​ការសោកស្តាយ​ចំពោះ​ការរអាក់រអួល​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​តាម​បរិមាណ និង​គុណ​ភាពមិន​គ្រប់គ្រាន់ ដោយ​កត្តា​អាកាសធាតុ​មិន​អំណោយផល​ធ្វើឱ្យ​ថាមពល​ដែលមាន​ប្រភពពី​វា​រី​អគ្គិសនី​ផលិត​ក្រោម​កម្រិត​ធម្មតា​។ នៅ​ឆ្នាំ​ខាងមុខ​យើង​នឹង​បន្ថែម​ការផ្គត់ផ្គង់​ក្នុង​បរិមាណ​ប្រមាណ​៥០០​ម៉េ​ហ្គា​វ៉ា​ត់​ពី​ប្រភព​នានា​រួមទាំង​ថាមពល​ពន្លឺព្រះអាទិត្យ​។ ៤.​ការកាត់បន្ថយ​ចំនួន​ថ្ងៃ​ឈប់សម្រាក​បុណ្យ​និង​ទិវា​ពី​២៨​ថ្ងៃ​មក​២១​ថ្ងៃ​ដែល​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០​តទៅ​។ ៥.​ការបញ្ចុះ​ថ្លៃ​សេវា​លើកដាក់​កុងតឺន័រ​នៅ​ចំណត​និង​ការមិន​តម្រូវឱ្យ​ស្កែ​ន​កុងតឺន័រ​របស់​ក្រុមហ៊ុន​ដែល​មា ន​អនុលោម​ភាពល្អ (Best trader)​។​

​ ​ខ​. ក្របខ័ណ្ឌ​ច្បាប់​ស្ដីពី​ការវិនិយោគ​នៅ​កម្ពុជា​៖ ការបញ្ចប់​សេចក្ដីព្រាង​ច្បាប់​ថ្មី​ស្ដីពី​វិនិយោគ និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ឱ្យបាន​រួចរាល់​នៅ​ចុងខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​ដែល​ច្បាប់​ថ្មី​ទាំងពីរ​នេះ​មាន​គោលបំណង​បង្កើន​ទំនើបកម្ម និង​ផលិតកម្ម​នៃ​ឧស្សាហកម្ម​ក្នុងស្រុក​ពង្រឹង​ការតភ្ជាប់​ទៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​និង​សកល​មាន​លក្ខណៈ​ប្រកួតប្រជែង​និង​គាំទ្រ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​។ ជាពិសេស​ច្បាប់​ថ្មី​ស្ដីពី​វិនិយោគ​នេះ នឹង​ផ្ដល់​ការលើកទឹកចិត្ត​បន្ថែម​ចំពោះ​បណ្ដា​សកម្មភាព​មួយចំនួន​លើសពី​ច្បាប់​ចាស់​ដូចជា សកម្មភាព​ដែល​គាំទ្រ​ដល់​ការផលិត​ជំនួស​ការនាំ​ចូល​និង​ការចំណាយ​ទៅលើ​សុខុមាលភាព​របស់​កម្ម​ករ និយោជិត​ដូចដែល​ក្រុមហ៊ុន​ជប៉ុន​កន្លងមក​បាន​អនុវត្ត ប៉ុន្តែ​មិន​ទទួលបាន​ការលើកទឹកចិត្ត​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​ជាការ​ពិតណាស់​កម្ពុជា​គឺជា​ប្រទេស​មាន​សក្ដានុពល និង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែ​កម្ពុជា​ក៏​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ដែល​ទាមទារ​ឱ្យមាន​ការចាត់វិធានកា​រដោះ​ស្រាយ​និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារ ADB ដែល​ខ្ញុំ​បានលើកឡើង​បានបង្ហាញ​ថា ដំណាក់កាល​អភិវឌ្ឍន៍​របស់​កម្ពុជា​បច្ចុប្បន្ន ជាមួយនឹង​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ដោយ​ផ្អែកលើ​កម្លាំង​ពលកម្ម​ដែលមាន​តម្លៃ​ទាប​នឹង​ឈានដល់​ទីបញ្ចប់​ក្នុងអំឡុង​ពីរ​ទសវត្សរ៍​ខាងមុខ​។​

សម្តេច​តេ​ជោ​បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​យល់ច្បាស់​និង​ទទួលស្គាល់​នូវ​គម្លាត​រវាង​ជំនាញ​ដែល​កំពុងមាន​ក្នុង​ទីផ្សារ​និង​ជំនាញ​ដែលជា​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន និង​អនាគត​ដែល​នេះ ត្រូវបាន​រំលេច​យ៉ាងច្បាស់​នៅក្នុង​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ឆ្នាំ​២០១៧-២០២៥ ។ ធនាគារ ADB មានជំនឿថា​គោលនយោបាយ​នេះ​នឹង​ពង្រឹង​និង​ធានាថា​ជំនាញ​ដែល​បាន​បង្រៀន​នៅក្នុង​សាលា​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​។​

ក្រៅពីនេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​រំលឹក​ឡើងវិញ​ដែរ​ពី​បរិយាកាស​នយោបាយ​និង​សន្តិសុខ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់​៧,៧​ភាគរយ​ហើយ​បាន​ចាកចេញ​ផុតពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ ២០១៥ ។ ជាងនេះទៅទៀត​នៅ​ឆ្នាំ ២០១៨ សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​លើសពី​ការរំពឹងទុក​ពោលគឺ​បាន​កើនឡើង​ក្នុង​អត្រា ៧,៥% ធៀប​ទៅនឹង​ការគ្រោងទុក ៧,១% ពី​ដើមឆ្នាំ​ដែលជា​មូលដ្ឋាន​នៃ​ការបន្ត​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​ឆ្នាំ ២០១៩​។ យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​បានចេញ​ផ្សាយ​ក្នុង​សប្ដាហ៍​នេះ​នៅ​សករាជ​ថ្មី​របស់​ប្រទេស​ជប៉ុន​បាន​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​គេ​ប្រមាណ​ថា​នឹងមាន​កំណើន​ប្រមាណ ៧% នឹងធ្វើ​ឲ្យ​កម្ពុជា​នៅ​បន្ត​តំណែង​របស់ខ្លួន​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន លឿន​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល ៣ ឆ្នាំ​ជាប់​គ្នា​។ សូ​ចនករ​នេះ​បាន​បង្ហាញថា​កម្ពុជា​បាន​ស្ថិតនៅលើ​គន្លង​នៃ​ការឈាន​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ តាម​ការគ្រោងទុក​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ​របស់ខ្លួន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ជាការ​ពិត​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​កន្លង​ទៅនឹង​ពេលនេះ​បច្ចុប្បន្ន​មិនទាន់​អាច​កាត់ចេញ​បានឡើយ​ពី​ការចូលរួម​របស់​មិត្ត​ជប៉ុន​។​

ក្នុងនាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​ការដឹងគុណ​ចំពោះ​រដ្ឋាភិបាល ជប៉ុន​និង​ប្រជាជន​ជប៉ុន​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ស្វែងរក​សន្តិភាព ឯកភាព​ជាតិ ព្រមទាំង​ការស្ដារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ឲ្យ​រីកចម្រើន​មកដល់​ថ្ងៃនេះ តាមរយៈ​ការផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជំនួយ​បច្ចេកទេស និង ការអភិវឌ្ឍ​ធនធានមនុស្ស​ព្រមទាំង​ការវិនិយោគ​លើ​វិស័យ​ឯកជន​របស់​វិស័យ​ឯកជន​ជប៉ុន​នៅ​កម្ពុជា​។​

ជាក់ស្ដែង​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ផ្លូវ​ការគិត​ចាប់ពី​ឆ្នាំ ១៩៩២​ដល់​ឆ្នាំ ២០១៨ ជប៉ុន​បាន ផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ប្រមាណ​ជាង ២,៨​ពាន់​លាន​ដុល្លារ​អាមេរិក​ស្មើនឹង​ប្រមា ណ ១៥% នៃ​ហិរញ្ញប្បទាន​សរុបរ​បស់ដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា​៕

ដោយ ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114