ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ប្រកាស​ពី​ទីក្រុង​តូ​ក្យូ សម្រេច​លុបចោល​ពន្ធ​កាត់​ទុក​១ ភាគរយ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥​ស្ដីអំពី​អនាគត​អាស៊ី​នៅ​ប្រទេស​ជប៉ុន ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានទទួល​ជួបពិភាក្សា ការងារ​ជាមួយ​លោក ណូ​ប៊ី​ហ៊ី​កូ សា​សា​គី​(Nobuhiko Sasaki) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)​នៅ សណ្ឋាគារ​ដែល​សម្តេច​បា​ន​កំពុងស្នាក់នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​។

នៅក្នុង​ជំនួប​នោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅតែ​អំពាវនាវ​ឲ្យ​អង្គការ JETRO បន្ត​ជួយ​សម្របសម្រួល​ជាពិសេស​ជំរុញ​ធ្វើ​យ៉ាងម៉េច​ឲ្យ ក្រុមហ៊ុន​ជប៉ុន​នៅតែ​បង្កើន​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​ជាពិសេស​នាំ​កសិផល​ពី​ប្រទេស​កម្ពុជា​មក​ទីផ្សារ​ជប៉ុន។ ​សម្តេច​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ជប៉ុន ​បាន​កើនឡើង​ដល់​ជាង ២​ពាន់​លាន​ដុល្លារ​ហើយ​ក្នុងនោះ​ប្រទេស​កម្ពុជា​នាំចូល ទៅ​ជប៉ុន​មាន​ជាង​១,៦០០​លាន​ដុល្លារ​, ហើយ​ជប៉ុន​នាំទៅ​កម្ពុជា​វិញ​មានតែ ៩០០​លាន​ប៉ុណ្ណោះ​ទេ។ សម្តេច​តេ​ជោ​ក៏បាន​ជំរុញ​បន្ថែម ទៀត​ក្នុងការ​នាំចូល​ផលិតផល​កសិផល​រប​ស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ជប៉ុន​ជាពិសេស​វត្ថុ​ដើម​កែច្នៃ​ពី​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​។ សម្តេច​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ចរចា​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​មាន​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​ដែលជា​ចំណុច​សំខាន់​សំរាប់​អ្នកវិនិយោគ​និង​ទី​២​ពាក់ព័ន្ធ​ទៅនឹង​ពន្ធ​កាត់​ទុក​១​ភាគរយ​សម្តេច​ក៏បាន​ប្រកាស​ពី​ទីក្រុង​តូ​ក្យូ​ថា សម្រេច​លុបចោល​តែម្ដង​។​

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ស្វាគមន៍​លោកនាយក​ប្រតិបត្តិ​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​(JETRO) ដោយ​សម្តេច​បាន​គូសបញ្ជាក់ថា​សម្តេច​ពិតជា​រីក រាយ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្ដីពី​អនាគត​អាស៊ី​។​

លោក ណូ​ប៊ី​ហ៊ី​កូ សា​សា​គី ក៏បាន​អរគុណ​ចំពោះ​សម្តេច​តេ​ជោ​ផងដែរ​ដែល​បានអនុញ្ញាត​ឲ្យ​លោក និង ក្រុមការងារ​របស់លោក​បាន​ជួប សម្តែង​ការគួរសម​នាពេលនេះ​។ លោក​ក៏បាន​អរគុណ​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ដែល​បាន​សហការ​រៀបចំ​ឲ្យ​មាន​វេទិកា​ធុរកិច្ច ស្តីពី​បរិ​យា​កស​វិនិយោគ​នៅ​កម្ពុជា ។ លោក​ក៏បាន​អរគុណ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ធ្វើ​ឲ្យ​បរិ​យា កាស​នៃ​ការវិនិយោគ​និង​ពាណិជ្ជកម្ម​នៅ​កម្ពុ​ជាមាន​ភាពប្រសើរឡើង ពិសេស​ការបញ្ចប់​តួនាទី​របស់​ស្ថាប័ន​កាំកុងត្រូល​នៅតាម​មាត់ច្រក់ ទ្វារ​អន្តរជាតិ ដែល​ការកែសម្រួល​ទាំងអស់នោះ​គឺ​បាន​ចំណេញ​ពេលវេលា​ច្រើន ។ លោក​បន្តថា​វិនិយោគទុន​ជប៉ុន​មានការ​សាទរ​និង​រីក​រា យ​ចំពោះ​ចំណាត់ការ​នេះ​ពិសេស​ក្រុម​អ្នកធ្វើការងារ​ពាណិជ្ជក​ម្ម​និង​អ្នកវិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន​។​

លោក Nobuhiko Sasaki បន្តថា JETRO បាន​បើក​ការិយាល័យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១០ ដែល​ពេលនោះ​មាន​ក្រុមហ៊ុន​ជប៉ុន​ត្រឹម ៤៥ ប៉ុណ្ណោះ​ដែល​បានមក​រកស៊ី​នៅ​កម្ពុជា​ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​តាម​ការកត់ត្រា​របស់​អង្គការ JETRO កើនឡើង​រហូតដល់ ២១៦​ក្រុម ហ៊ុន​។

លោក​ក៏បាន​មានប្រសាសន៍​ជំរាប​ទៅ​សម្ដេច​តេ​ជោ​ថា អង្គការ JETRO មាន​ផែនការ​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា​(CDC)​ផងដែរ ។ ជាពិសេស​លោក​ផ្ទាល់​និង​លោក សុខ​ចិន្តា សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នឹងធ្វើ​ការ ជាមួយគ្នា​ហើយនឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ជួយ​សម្រួល​ដល់​ការវិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុន​ជប៉ុន​ផងដែរ​ជាពិសេស​ដើម្បី​ជំរុញ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត​។

លោក ណូ​ប៊ី​ហ៊ី​កូ សា​សា​គី ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​កាលពី​ខែមីនា ឆ្នាំ ២០១៩ អ្វីដែល​អង្គការ JETRO បានទទួល​បាន​នោះ​គឺ នៅពេលដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ដឹក​នាំនូវ​វេទិកា​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ដែល​បាន​បង្កើត​នូវ​បរិយាកាស​វិនិយោគ​ដ៏​ល្អ​។ លោក​ក៏បាន​អរគុណ​ដល់​សម្ដេច​តេ​ជោ​ដែល​បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន​រហូតដល់​១៧​ចំណុច​ធំៗ​ដើម្បី​បង្កើន​ក៏ដូចជា​កែសម្រួល​កែលម្អ​ដល់​ឱកាស​បរិយាកាស​វិនិយោគ​ធ្វើ​ឲ្យ​ការវិនិយោគ​នៅ​កម្ពុជា​កាន់​តែមាន​ភាពល្អ​ប្រសើរ​។ លើសពីនោះ​លោក​ក៏បាន​ជម្រាប​ថា​លោក នឹងធ្វើ​ការសិក្សា​អំពី​ការវិនិយោគ​នៅ​តំបន់​អាស៊ាន​។

ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​ចំណុច​ល្អៗ​ដែល​លោក​ប្រធាន​អង្គការ JETRO បានលើកឡើង​។ សម្តេច បាន​គូសបញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​តួនាទី​វិស័យ​ឯកជន​ជា​ផ្នែក​មួយ​សំខាន់​មិន​ត្រឹមតែ​នៅ​ប្រទេស​កម្ពុជា​ទេ​គឺ​ខាងក្រៅ ប្រទេស​ផងដែរ។ សម្ដេច​បាន​មាន​ប្រសា​ស៍​អរគុណ​ចំពោះ​មិត្ត​ជប៉ុន​ក៏ដូចជា​អង្គការ JETRO ដែល​បាន​ទទួលយក​នូវ​កំណែទម្រង់​របស់ រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការរំលាយ​កាំសាប និង កាំកុងត្រូល តែម្ដង​។ សម្តេច​បាន​គាំទ្រ​ការចុះ​អនុសារណៈ​រវាង CDC ជាមួយ​អង្គ ការ JETRO ដើម្បី​ធ្វើការ​ជាមួយគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាពិសេស​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ភាគី​ជប៉ុន​មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា អោយ​ច្រើន​បន្ថែ​ទៀត​៕

ដោយ ៖ ណា​រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114