ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ Mizuho ជប៉ុន បង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុង​ការជំរុញ​ភ្ញៀវ​របស់ខ្លួន​ជាពិសេស​ពី​ប្រទេស​ជប៉ុន​ទៅ​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ ៖​ លោក សេ​ជី អ៊ី​ម៉ៃ (Seiji Imai)​អនុប្រធាន​ធនាគារ Mizuho បាន​អះអាងថា មី​ហ្ស៊ូ​ហូ ពិត​ជាមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការជំរុញ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ភ្ញៀវ​របស់ខ្លួន ជាពិសេស​ពី​ប្រទេស​ជប៉ុន​ទៅ​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត។ លោ​កថា​នឹង​បន្ត​ខិតខំ​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ដទៃទៀត​ឲ្យ​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

លោក Seiji Imai បានលើកឡើង​បែបនេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ។​

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ​ផងដែរ លោក សេ​ជី អ៊ី​ម៉ៃ (Seiji Imai) ដែលជា​ប្រធាន​ផ្នែក​សាជីវកម្ម Mizuho Financial Group បាន​អរគុណ​សម្តេច​ដែល​អនុញ្ញាត​ឲ្យ​រូបលោក​ផ្ទាល់​និង​សហការី​ចូលជួប​សម្តែង​ការគួរសម​នាពេលនេះ ។ លោក​បាន​ជម្រាបជូន​សម្ដេច​ថា នៅ​ឆ្នាំ​២០១៣ ក្រុមហ៊ុន​របស់លោក​បាន​សម្រេច​ក្នុងការ​បង្កើត​ការិយាល័យ​របស់ខ្លួន​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន​របស់លោក​បាន​ទទួល​អាជ្ញា​បណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការបើក​ធនាគារ មី​ហ្ស៊ូ​ហូ ក្នុង​រាជធានី​ភ្នំពេញ​តែម្ដង ។​

នៅក្នុង​ឱកាស​នោះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ​ឲ្យ​សាជីវកម្ម​(Mizuho Financial Group ) របស់​ជប៉ុន​ធ្វើការ​បណ្តាក់​ទុក​ឲ្យ​កាន់តែច្រើន​នៅ​កម្ពុជា​និង​ផ្តល់​ឥណទាន​ដល់​បណ្តា​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ពិសេស​ទៀត នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​សាជីវកម្ម​(Mizuho Financial Group )​ធ្វើ​ប្រតិបត្តិការ​ផ្ទាល់​ពី​ទីក្រុង​តូ​ក្យូ​ទៅកាន់​រាជធានី​ភ្នំពេញ​ដោយ​មិនចាំបាច់​ឆ្លងកាត់​ទីក្រុង​បាងកក​នោះទេ ។

លោក Seiji Imai ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា ធនាគារ​មី​ហ្ស៊ូ​ហូ​បានធ្វើ​ប្រតិបត្តិការ​ពីរ​ឆ្នាំ​មកហើយ ដែលជា​ការគូសបញ្ជាក់​ថា មី​ហ្ស៊ូ​ហូ ពិត​ជាមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការជំរុញ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ភ្ញៀវ​របស់ខ្លួន​ជាពិសេស​ពី​ប្រទេស​ជប៉ុន​ទៅ​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត ។ លោក​នឹង​បន្ត​ខិតខំ​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ដទៃទៀត​ឲ្យ​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ។ លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ធនាគារ​របស់លោក​នឹង​ចាប់​ផ្ដើមធ្វើ​ប្រតិបត្តិការ​ដោយផ្ទាល់​ពី​ទីក្រុង​តូ​ក្យូ ទៅ​ទីក្រុង​ភ្នំពេញ​តែម្ដង តាម​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​មិនបាច់​ឆ្លងកាត់​ទីក្រុង​បាងកក​នោះទេ ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​ថា សម្ដេច​បានសម្រេច​ចិត្ត​មក​ប្រទេស​ជប៉ុន​មុន​មួយថ្ងៃ​នៃ​សន្និសីទ​អន្តរជាតិ​លើក​ទី ២៥ គឺ​ដើម្បី​ចូលរួម​នៅក្នុង​សិក្ខាសាលា​ស្តីពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ដ៏​មាន​សារៈសំខាន់​នេះ​។​សម្តេច​បានបញ្ជាក់​ជូន​ភ្ញៀវ​ថា​៖​សម្តេច​មិន បានប្រកាស​ទេ​នៅក្នុង​គោលនយោបាយ​របស់​ប្រទេស​កម្ពុជា​ក្នុងការ​សម្លឹង​មើលទៅ​ទិសខាងកើត​។ ក៏ប៉ុន្តែ​កន្លងមកនេះ សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​បាន​ឆ្លុះបញ្ចាំង​ជាក់ស្តែង​ថា សកម្មភាព​នេះ​គឺ​សម្លឹង​មើលទៅ​ទិសខាងកើត ។​ទិសខាងកើត មាន​ចិន មាន​កូរ៉េខាងត្បូង​និង​ជប៉ុន​។​អ្វីដែល​យើង​បានធ្វើ​នេះ​វា​កំពុង​ទទួលជោគជ័យ ហើយ​វា​មិនមែន​តែ​ជាមួយ​ចិន​និង​កូរ៉េខាងត្បូង​ទេ​គឺជា​មួយ​ជប៉ុន​តែម្តង​។ ជាក់ស្តែង​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន បាន​កើនឡើង​រហូតដល់​ជាង ២​ពាន់​លាន​ដុល្លារ​ហើយ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​មាន ជាង ១,៦០០ លាន​ដុល្លារ ឯការ​នាំចូល​ពី​ជប៉ុន​មក​កម្ពុ​ជាមាន​ជាង ៤០០ លាន​ដុល្លារ ។ សម្តេច​បាន​គូសបញ្ជាក់ថា យើង​បានដាក់​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ទៅលើ​ការងារ​នេះ​ជា​យូរ​មកហើយ​ជាពិសេស​សម្តេច​បាន​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ជាមួយនិង​អ្នកវិនិយោគទុន​ជប៉ុន ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ធនាគារ មី​ហ្សូ​ហូ ផ្តល់​ឥណទាន​ទៅដល់​ក្រុមហ៊ុន​ជប៉ុន​ដែល​ធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ។ សម្តេច​បន្តថា ប្រទេស​ជប៉ុន​នៅតែមាន​សក្កដានុពល​ច្រើន​ថែមទៀត ដូច្នេះហើយ​សូម​ឲ្យ​ធនាគារ​ជួយផ្ដល់​ឥណទាន​ទៅដល់​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ពិសេស​លើ​ក្រុមហ៊ុន​ដែល​ផលិត​នូវ​ផលិតផល​កែច្នៃ​សម្រាប់​ការនាំចេញ ។

សម្តេច​តេ​ជោ​បាន​បន្តថា គោលជំហរ​របស់​កម្ពុ​ជា​គឺ​នៅតែ​បន្ត​ទៅមុខ​គឺ​ការរក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ​និង​ជំរុញ​ការអភិវឌ្ឍ​និង​បង្កើន​ការប្រកួតប្រជែង ។​

លោក Seiji Imai បាន​ជម្រាប់ជូន​សម្តេច​ដោយ​ការប្តេជ្ញាចិត្តថា ធនាគារ មី​ហ្សូ​ហូ បានដាក់​ទាំង​ចិត្ត​និង​គំនិត​ទាំងស្រុង​ទៅលើ​ប្រទេស​កម្ពុជា ហើយ​លោក​នឹង​បន្ត​ធ្វើតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ នឹង​ខិតខំ​ជម្រុញ​ឲ្យ​វិនិយោគទុន​ពិសេស​សហគ្រាស ធុន​តូច និង មធ្យម របស់​ជប៉ុន​ទៅ​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន៕

ដោយ ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114