ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​ជប៉ុន ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​

​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការវិនិយោគ​នៃ​ប្រទេស​ទាំងពីរ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រទេស​ជប៉ុន ដែល​ចុះហត្ថលេខា​រវាង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ជាមួយ​លោក ណូ​ប៊ី​ហ៊ី​កូ សា​សា​គី ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)។

ពិធី​ចុះ​អនុស្សរណៈ​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សិក្ខ​សាលា​ស្តីពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ។ សិក្ខាសាលា​នេះ ប្រារព្វ​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ជាមួយនិង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ធំៗ របស់​ប្រទេស​ជប៉ុន​ប្រមាណ​៥០០​នាក់។

នៅក្នុង​សុន្ទរកថា​របស់ លោក ណូ​ប៊ី​ហ៊ី​កូ សា​សា​គី (Nobuhiko Sasaki) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​(JETRO)​បានលើកឡើង​ពី​វឌ្ឍនភាព​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រទេស​ជប៉ុន​ទាំង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច សង្គម ពិសេស​វឌ្ឍនភាព​នៃ​ការវិនិយោគ​និង​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​។

ជាមួយនឹង​វឌ្ឍនភាព​នៃ​ភាព​រីកចម្រើន​សម្រាប់​ប្រទេស​ទាំងពីរ​លោក​ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​មានប្រសាសន៍​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​អញ្ជើញ​បើក​សិក្ខាសាលា​ស្តីពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដែលជា​សិក្ខាសាលា​ដ៏​មានតម្លៃ​បំផុត​ក្នុង​ការជំរុញ​លើកទឹកចិត្ត និង​ការប្តេជ្ញាចិត្ត​ដល់​អ្នកវិនិយោគ​ជប៉ុន មក​បណ្តា​ទុក​ក្នុងប្រទេស​កម្ពុជា​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​បើក​សិក្ខាសាលា​ស្តីពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ដោយបាន​លើកឡើង​ពាក់ព័ន្ធ​សក្ដានុពល​សំខាន់ៗ លើ​គ្រប់​វិស័យ​ធុរកិច្ច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បានកើត​ឡើង​នៅ​ចំពោះមុខ​អ្នកវិនិយោគ​និង​ធុរកិច្ច​ជន​ជប៉ុន ដើម្បី​ទាញ​ការចាប់អារម្មណ៍​របស់​ពួកគេ​ឲ្យ​សម្លឹងមើល​ការ​បោះទុន​រកស៊ី​នៅ​កម្ពុជា ។ តាមរយៈ​ការឆ្លើយ​សំណួរ​របស់​អ្នកសម្របសម្រួល​ជុំវិញ​វឌ្ឍនភាព​កម្ពុជា​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ជប៉ុន​ពី​វិស័យ​ឧស្សាហកម្ម សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​កំពុង​រីកចម្រើន​តាមរយៈ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន ។ តែ​យ៉ាងណា​សម្ដេច​តេ​ជោ ក៏​បង្ហាញ​ទស្សនៈ​ថា កម្ពុជា​ពិតជា​ចង់បាន​ការវិនិយោគ​បន្ថែម​ពី​ជប៉ុន​ដើម្បី​ជួយ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ប្រទេស​កម្ពុជា ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ប្រកាស​លុបចោល​ព​ន្ធ​កាត់​ទុក​ដើម្បី​បើកផ្លូវ​ក៏ដូចជា​ការទាក់ទាញ​អ្នកវិនិយោគ​មក​បោះទុន​ជប៉ុន​មករក​ស៊ី​នៅ​កម្ពុជា​ផងដែរ ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​ខ្ញុំ​យក​ឱកាស​នេះ ប្រកាស​ចេញពី​ទីក្រុង​តូ​ក្យូ​ថា ពន្ធ​កាត់​ទុក ១​ភាគរយ ត្រូវបាន​លុបចោល​នៅថ្ងៃនេះ​ព្រោះ​ពន្ធ​កាត់​ទុក​វា​ជា​ប្រភេទ​បំណុល​ដែល​រដ្ឋ​ទៅ​ខ្ចី​ក្រុមហ៊ុន​ឯកជន​យក​ទុក​។​អាហ្នឹង ពន្ធ​កាត់​ទុក ការពិត​វា​ជា​ប្រភេទ​បំណុល​។ អ៊ីចឹង​ឥឡូវ​រដ្ឋាភិបាល​កម្ពុជា​មានលទ្ធភាព​ហើយ​មិនចាំបាច់​ទៅ​កាត់​ពន្ធ​ទុក ។ ប៉ុន្តែ​អ្វីដែល​លំបាក​ក្រុមហ៊ុន​ត្រូវការ​បញ្ចេញ​ទុន​ទៅរក​ស៊ី​ផង​ហើយ​មួយផ្នែក​ទៀត​យកលុយ​ម​ក​ឲ្យ​រដ្ឋាភិបាល​។ បើសិនជា​ខ្ញុំ​ជា​អ្នករកស៊ី​ក៏​ខ្ញុំ​តវ៉ា​ដែរ ព្រោះ​មិនទាន់បាន​រកស៊ី​ផង​មិនទាន់​ដឹង​ចំណេញ​ឬ​ខាត​ផង​ត្រូវ​បង់ពន្ធ​អស់​១​ភាគរយ​បាត់ទៅហើយ​» ។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សង្កត់ធ្ងន់ថា ការលុបចោល​ពន្ធ​កាត់​ទុក​នេះ​គឺ​ដើម្បី​បញ្ចប់​បំណុល​រវាង​រដ្ឋ និង​វិស័យ​ឯកជន ជាពិសេស​បើកឱកាស​ឲ្យ​អ្នកវិនិយោគ​ពង្រីក​ការរកស៊ី​កាន់តែ​មាន​ភា​ព​ជឿជាក់​ស្របតាម​ទិសដៅ​ប្រកួតប្រជែង​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ការលុបចោល​ពន្ធ​នេះ​នឹង​អាចអនុវត្ត​នៅមុន​ឬ​ក្រោយ​បំណាច់​ឆ្នាំ​២០១៩​នេះ៕

ដោយ ៖ ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114