ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានកិត្តិយស​គណបក្ស​មួយ​ថា អ្នក​លើកទឹកចិត្ត និង​គាំទ្រ​ការជួបជុំ ដើម្បី​រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា គឺជា​អំពើ​សមគំនិត​យ៉ាង​ចំហ ដែល​ត្រូវតែមាន​វិធានការ​

​ភ្នំពេញ​៖ លោក គង់ គាំ ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ជា​អតីត​មនុស្ស​ជំនិត​របស់លោក សម រ​ង្ស៉ី បាន​ថ្លែងថា អន្តរជាតិ និង​អ្នកជំនាញ​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​លើកទឹកចិត្ត និង​គាំទ្រ​ការជួបជុំ ដើម្បី​រៀបចំ​ត្រៀម​ចូលរួម​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន គឺជា​អំពើ​សមគំនិត​យ៉ាង​ចំហ ដែល​ត្រូវតែមាន​វិធានការ ដើម្បី​ទប់ស្កាត់ ក៏ដូចជា​បញ្ចៀស​មហន្ត​រាយ​នេះ​។​

ការ​ចេញមក​បញ្ជាក់រ​ប​ស់លោក គង់ គាំ បាន​ធ្វើឡើង​បន្ទាប់ពី​អតីត​សកម្មជន​មួយចំនួន ដែលជា​មនុស្ស​ស្និទ្ធ​នឹង​លោក សម រ​ង្ស៉ី បាន​ប៉ុនប៉ង​ធ្វើការ​ជួបជុំគ្នា​ជា​បន្តបន្ទាប់ ក្រោមលេស​ថា ធ្វើ​យុទ្ធនាការ​នំ​បញ្ចុក ដែល​អាជ្ញាធរ​សង្ស័យថា សកម្មភាព​ជួបជុំ​នេះ អាចជា​ការគាំទ្រ​នូវ​ផែនការ​របស់លោក សម រ​ង្ស៉ី ក្នុង​ការវិល​ត្រឡប់មក​កម្ពុជា ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

លោក គង់ គាំ បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក (Facebook) ផ្លូវការ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា “​សិទ្ធិ​ជួបជុំៗ​ៗ​” ដែល​អន្តរជាតិ និង​អ្នកជំនាញ​សង្គម​ស៊ីវិល​កម្ពុជា មួយចំនួន​គាំទ្រ គឺ ផ្សេង​ពី​ការជួបជុំ រៀបចំ​អនុវត្ត​ការអំពាវនាវ និង​ត្រៀម​ផែនការ​ងើប​ផ្តួលរំលំ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ក្រុម​អ្នកនយោបាយ​មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​ពីបទ​ក្បត់ជាតិ​ជា​អ្នកផ្តើមគំនិត​”​។

​តាម​លោក គង់ គាំ “​អន្តរជាតិ និង​អ្នកជំនាញ​សង្គម​ស៊ីវិល ដែល​លើកទឹកចិត្ត និង​គាំទ្រ​ការជួបជុំ ដើម្បី​រៀបចំ​ត្រៀម​ចូលរួម​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អំពើ​សមគំនិត​យ៉ាង​ចំហ ដែល​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវតែ​ថ្កោលទោស និង​គាំទ្រ​វិធានការ​របស់​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​មហន្តរាយ និង​សោកនាដកម្ម​ចំពោះមុខ​មកលើ​កម្ពុជា​ដ៏​សុខសាន្ត និង​រីកចម្រើន​ជា​លំដាប់​នេះ​”​។​

​សូមបញ្ជាក់ថា ថ្មីៗ​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង បានចេញ​ដីកា​កោះហៅ​អតីត​សកម្មជន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់ និង​ជាច្រើន​នាក់​នៅ​ខេត្តបាត់ដំបង ដើម្បី​ឱ្យចូល​បំភ្លឺ ពាក់ព័ន្ធ​នឹង​ករណី​បំពាន​សាលដីកា​តុលាការ​កំពូល ដែល​សម្រេច​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​កោះហៅ​ឡើង​បំភ្លឺ​នេះ ក្រោយពី​អតីត​តំណាងរាស្ត្រ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបាត់ដំបង​ទាំងនោះ បាន​ជួបប្រជុំ​នៅ​ហាង​នំ​បញ្ចុក​របស់​អតីត​ចៅសង្កាត់​អូ​ចា ដែលជា​មនុស្ស​ជំនិត​របស់លោក សម រ​ង្ស៉ី ហើយ​អំពាវនាវ​ឲ្យ​គាំទ្រ​សកម្មភាព​របស់លោក សម រ​ង្ស៉ី ដែល​បាន​រៀប​គម្រោង​ចូលមក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៩​នេះ​៕ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114