ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ឈ្នះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​នឹង​កាត់បន្ថយ​ភាពឈឺចាប់​សម្រាប់​ក្លឹប​ហង្ស​ក្រហម Liverpool

បន្ទាប់ពី​មានការ​ឈឺចាប់​ដោយសារ​ការបរាជ័យ​ក្នុងការ​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ Premier League របស់​ពួកគេ​ក្រុម​តារាបាល់ទាត់​របស់​ក្លឹប​ហង្ស​ក្រហម Liverpool បាន​សារភាពថា ពួកគេ​ពិតជា​អស់សង្ឃឹម​ក្នុងការ​ឈ្នះ​ពានរង្វាន់​ទ្វីបអឺរ៉ុប​លើក​ទី ៦ របស់​ក្លឹប​នៅពេល​ពួកគេ​ជួប​ជាមួយនឹង​ក្លឹប Tottenham នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នៅ​ថ្ងៃ​សៅរ៍។

ក្រុម​របស់លោក Jurgen Klopp នឹង​ត្រូវបាន​ជម្រុញ​ដោយ​ការលើកទឹកចិត្ត​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន Wanda Metropolitano។

ការទទួល​ជ័យជម្នះ​ទៅលើ​ក្រុម​មាន់​ខ្នាយ​មាស Tottenham នៅក្នុង​ទីក្រុង Madrid នឹង​ធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម Liverpool ក្លាយជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Champions League ជា​លើកដំបូង​របស់​ពួកគេ​ចាប់តាំងពី​ក្រុម​មួយ​នេះ​បានឈ្នះ​លើកចុងក្រោយ​ក្រោម​ការដឹកនាំ​របស់លោក Rafael Benitez លើ​ក្រុម AC Milan កាលពី​ឆ្នាំ ២០០៥។

ការ​ឈ្នះ​លើកដំបូង​របស់​ពួកគេ​ពានរង្វាន់​ពេលនោះ​មាន​ឈ្មោះថា European Cup ដោយ​ឈ្នះ​លើ​ក្រុម Borussia Monchengladbach ក្នុង​ឆ្នាំ ១៩៧៧ និង​បាន​ឈ្នះ​ជា​បន្តបន្ទាប់​ទៀត​លើ​ក្រុម Club Brugge ក្រុម Real Madrid និង​ក្រុម Roma ក្នុង​ឆ្នាំ ១៩៧៨ ឆ្នាំ ១៩៨១ និង​ឆ្នាំ ១៩៨៤ ហើយ​រាល់​ការទទួល​ជ័យជម្នះ​ទាំងអស់​របស់​ក្រុម​ហង្ស​ក្រហម Liverpool សុទ្ធតែជា​កន្លែង​ពិសេស​នៅក្នុង​ចិត្ត​របស់​អ្នកគាំទ្រ​របស់​ពួកគេ។

ប៉ុន្តែ “​អព្ភូតហេតុ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​” នឹង​ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ហើយក៏​ជាការ​កត់សម្គាល់​ដ៏​គួរ​ឲ្យ​ចងចាំ​បំផុត​របស់​ក្លិប​នៅក្នុង​ការប្រកួត​នោះ​ផងដែរ។

ទោះ​យ៉ាង​ណា​ក៏ដោយ​ត្រឹមតែ​រយៈពេល​បី​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ការ​បញ្ចប់​នៃ​ការឈឺចាប់​របស់​ពួកគេ​ក្នុង​ការប្រកួត​ពានរង្វាន់​ក្របខ័ណ្ឌ Premier League ការ​ផ្តួល​ក្រុម Tottenham នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នឹង​ក្លាយជា​រង្វាន់​លើកទឹកចិត្ត​ដ៏​មាន​សេចក្ដីសុខ​បំផុត​សម្រាប់​អ្នកគាំទ្រ​ហង្ស​ក្រហម Liverpool នៅ​ទូទាំង​ពិភពលោក​។

នៅពេល​ក្រុម​របស់លោក Klopp បាន​នាំមុខ ៧ ពិន្ទុ​នៅលើ​កំពូល​តារាង​នៅ​ពាក់កណ្តាល​ខែមករា​នោះ​ការ​សុ​បិ​ន្ត​របស់លោក Kop ថា​ការរង់ចាំ​រយៈពេល ២៩ ឆ្នាំ​របស់​ក្រុម Liverpool ក្នុងការ​ឈ្នះ​ពានរង្វាន់​អង់គ្លេស​នេះ​ហាក់ដូចជា​ឈានដល់​ទីបញ្ចប់​ហើយ។

ប៉ុន្តែ​បេះដូង​របស់​ក្រុម​ហង្ស​ក្រហម Liverpool ត្រូវបាន​ឈឺចាប់​ជាថ្មី​ម្តងទៀត ខណៈដែល​ក្រុម Manchester City បានទទួល​ជ័យជម្នះ​ចំនួន ១៤ ប្រកួត​ដែល​នៅសល់​នាំ​ឲ្យ​ពួកគេ​ឈ្នះ​ពានរង្វាន់​ពីរ​រដូវ​កាល​ជាប់​គ្នា ហើយ​បានធ្វើ​ឲ្យ​លោក Klopp នៅតែ​ស្វែងរក​ពានរង្វាន់​លើកដំបូង​នៃ​ការដឹកនាំ​រយៈពេល​បួន​ឆ្នាំ​របស់គាត់។

ក្នុង​នោះ​ផង​ដែរ​ខ្សែបម្រើ Georginio Wijnaldum បាន​និយាយថា “​មនុស្ស​គ្រប់គ្នា​ពិតជា​បាន​ផ្តោត​អារម្មណ៍ និង​ប្តេជ្ញាចិត្ត​ឈ្នះ​ពាន​មួយ​ជាពិសេស​ព្រោះ​យើង​ពិត​ជាមាន​ឆ្នាំ​ដ៏​ល្អ​”៕
AFP
ជី​វ័​ន្ត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114