ព័ត៍មានទាន់​ហេតុការណ៏
Search

ករណី​ឃាតកម្ម​លើ​ក្មេង​ប្រុស​ស្រី​២​នាក់​នៅ​ឃុំ​បិតត្រាំង ​​​​សមត្ថកិច្ច​កំពុង​បើក​យុទ្ធនាការ​ស្រាវជ្រាវ​យ៉ាង​ក្ដៅ​គគុក

ព្រះសីហនុ ​៖​ ក្មេង​ប្រុស​ម្នាក់​ ត្រូវ​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​ ក្នុង​បន្ទប់​​​ផ្ទះ​មួយ​កន្លែង ​ដែល​សាងសង់​នៅ​ឆ្ងាយ​ដាច់​ពី​គ្នា​ ដោយ​មាន​ស្នាមរបួស​មុត​ពេញ​ខ្លួន ​ខណៈ​ក្មេង​ស្រី​ម្នាក់​ទៀត​ បាន​រង​របួស​ពេញ​ខ្លួន។ ករណី​នេះ ​ត្រូវ​សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាច​ជា​ករណី​រំលោភ​សម្លាប់​ដើម្បី​បំបិទ​មាត់។

ករណី​ឃាតកម្ម​ដ៏​សាហាវ​ ដែល​បង្កឡើង​ដោយ​ជនល្មើស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នេះ បាន​កើត​មាន​ទៅលើ​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មាន​ឪពុក​ម្ដាយ​ជា​កម្មករ​សំណង់។ ហេតុការណ៍ ​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ ត្រូវ​ប្រជាពលរដ្ឋ​ដឹង​នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៩​ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​តំបន់​អូរត្រេះ ក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​ជាច្រើន​នាក់​ បាន​នាំគ្នា​ចូល​ទៅ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​យ៉ាង​យកចិត្តទុកដាក់​បំផុត។ ក្នុង​ពេល​សមត្ថកិច្ច​កំពុង​ពិនិត្យ​ និង​ស្វែងរក​វត្ថុ​តាង​ និង​ភស្តុតាង​នេះ សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ ដែល​ឈរ​ចោមរោម បាន​ចូល​មើល​នោះ​ទេ។ក្នុង​នោះ​ ក៏​មាន​ឪពុក​ម្ដាយ​ក្មេង​រងគ្រោះ​ផង​ដែរ។ ដោយឡែក​ក្មេង​ស្រី​រងគ្រោះ​ ដែល​រង​របួស​ធ្ងន់ធ្ងរ​នេះ ត្រូវ​បាន​ឪពុក​ម្ដាយ​ និង​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។បុគ្គលិក​មន្ទីរពេទ្យ​រដ្ឋបាល​ឲ្យ​ដឹង​ថា ស្ថិត​ក្នុង​ពេល​នេះ ​ស្ថានភាព​មុខរបួស ​និង​សុខភាព​របស់​កុមារី​រងគ្រោះ​នេះ មាន​អាការៈ​ធ្ងន់ធ្ងរ​ណាស់។ ប៉ុន្តែ​បើ​ទោះបី​ជា​បែបនេះ​ក៏​ដោយ​ចុះ ក្រុម​គ្រូពេទ្យ​ដែល​មាន​ជំនាញ​កំពុង​ខិតខំ​តស៊ូ​ប្រយុទ្ធ​ក្នុង​ការ​ជួយសង្គ្រោះ​កុមារី​នេះ​ ឲ្យ​អស់ពី​សមត្ថភាព និង​ត្រៀម​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ ដែល​ស្លាប់​នេះ​មានឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំ​កន្លះ ដោយឡែក​កុមារី​រងគ្រោះ​មានឈ្មោះ ផា​ស្រី​ល័​ក្ខ មាន​អាយុ​​​១០​ឆ្នាំ​ ត្រូវជា​បង​បង្កើត​របស់​ក្មេង​ប្រុស​ដែល​ស្លាប់។ យោង​តាម​សេចក្ដី​រាយការណ៍​បន្ថែម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ម៉ោង​២៣​និង​៤០​នាទី​យប់​ថ្ងៃ​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៩ ក្មេង​ស្រី​រងគ្រោះ ​ដោយ​អំពើ​រំលោភ​សម្លាប់​នេះ បាន​ស្លាប់​ហើយ​នៅ​លើ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ក្នុង​ពេល​ធ្វើដំណើរ​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា ករណី​ឃាត​កម្ម​នេះ ​កើតឡើង ត្រង់​ចំណុច ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​​ឧសភា​ ឆ្នាំ​២០១៩​នេះ ដែល​គេ​ដាក់​ការ​សង្ស័យ​ថា ​ជា​ករណី​រំលោភ​សម្លាប់ បង្កឡើង​ដោយ​ជនល្មើស​មិន​ទាន់​ស្គាល់ អត្តសញ្ញាណ។ សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុងតែ​ដុតដៃដុតជើង​បើក​ការស្រាវជ្រាវ​ដើម្បី​ស្វែងរក​ជន​ឃា​ឃាតក​​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

ដោយ ៖ ​ស៊ុយ ចាន់​ធា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114