ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​ហ៊ុនសែន​ ៖​ កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​របស់​ជប៉ុន​ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរឡើង​

​ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បើ​ទោះ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងណាក្តី តែ​កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ពី​ប្រទេស​ជប៉ុន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់ តែ​ល្អប្រសើរ​ថែមទៀត។ ក្នុងន័យនេះ សម្តេច​សង្ឃឹមថា វិនិយោគិន​ពី​ប្រទេស​ជប៉ុន​នឹង​ទៅ​បណ្ដាក់ទុន​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា បើទោះបី​បច្ចុប្បន្ន​មាន​ចំនួន​អ្នកវិនិយោគ​ពី​ប្រទេស​ជប៉ុន​មានការ​កើនឡើង​ក៏ដោយ ហើយ​សម្ដេច​នៅ​ចង់ឃើញ​អ្នកវិនិយោគ​ពី​ប្រទេស​ជប៉ុន​ទៅ​បន្ថែមទៀត​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ថ្លែង​បែបនេះ​ទៅកាន់​ប្រធាន​ក្រុមហ៊ុន NIKKEI របស់​ជប៉ុន លោក ណា​អូ​តូ​ស៊ី អូ​កា​ដា​(Naotoshi OKADA) នៅក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ក្នុងជំនួប​សម្តែង​ការគួរសម​និង​ពិភាក្សា ការងារ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ​។​

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា ក្នុងជំនួប​នោះ លោក ណា​អូ​តូ​ស៊ី អូ​កា​ដា បាន​ថ្លែង​កោតសរសើរ​អំពី​យុទ្ធសាស្ត្រ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងការ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នាំមក​នូវ​ការរីកចម្រើន។ លោក​បានលើកឡើង​ទៀតថា លោក​តែង​បានឮ​នៅតាម​សារព័ត៌មាន​ជាច្រើន​និយាយ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ទាំង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា មាន​កត្តា​ពីរ​សំខាន់​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​កំណើន​ខ្ពស់​និង​ការអភិវឌ្ឍ​ដោយ​ចីរភាព។ កត្តា​ទាំងពីរ​នោះ​រួមមាន​៖ ទី​១. គឺ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ ហើយ​កត្តាចាំបាច់​ទី​២​គឺ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។ សម្តេច​តេ​ជោ​បាន​បន្ថែមថា​ត្រូវ​រក្សា​កត្តា​ទាំងពីរ​នេះ​ឲ្យ​បាន​ហើយ​កត្តា​ទាំងពីរ​នេះ​ត្រូវ​ពឹងផ្អែក​គ្នា​ទៅវិញទៅមក។ ដូច្នេះ​ត្រូវ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង ស្ថានភាព​ភាព​ម៉ា​ក្រូសេដ្ឋកិច្ច​ផងដែរ។ បន្ទាប់មក​ទាមទារ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​ដើម្បី​ជំរុញ​នូវ​ការអភិវឌ្ឍ។ សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់ថា អភិបាលកិច្ច​ស្មោកគ្រោក​មិនអាច​នាំមក​នូវ​ជោគជ័យ​បានឡើយ​។ ដូច្នេះ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​បន្តធ្វើ​ការកែទម្រង់​ជាពិសេស​ក្នុងការ​កែលម្អ​លើ​ចំណុច​ណា​ដែល​ចាំបាច់​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ផងដែរ​ថា ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០១ មិនទាន់មាន​ស្បៀង​គ្រប់គ្រាន់​ទេ​ដោយ​នាំចូល​ស្បៀង​ពី​បរទេស​ប៉ុន្តែ​ក្រោយមក​យើង​បាន​ក្លាយជា​ប្រទេស​ដែល​នាំចេញ​ស្បៀង​ដូចជា​អង្ករ​ដែល​យើង​សល់​ដល់ ៣​លាន​តោន​សម្រាប់​នាំចេញ​។ ដូច្នេះ​ប្រទេស​កម្ពុជា​ក្លាយខ្លួន​ពី​ប្រទេស​នាំចូល​ស្បៀង​ទៅជា​ប្រទេស​នាំចេញ​ស្បៀង​វិញ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដើម្បី​ផងដែរ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ទាំងអស់នេះ​ជាការ​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​ថវិកាជាតិ​មានការ​កើន​ឡើងជា​លំដាប់​ដើម្បី​ធ្វើយ៉ាងណា​អាច​ឲ្យ​ប្រ ទេស​កម្ពុជា​ត្រូវបាន​ដោះស្រាយ​លើ​តម្រូវការ​ចាំបាច់ ក៏ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ ។​

​សម្តេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ផង​ដែល​ពាក់ព័ន្ធ​នឹង​ការរីកចម្រើន​នេះ​កម្ពុជា​ក៏មាន​ការកើនឡើង​នូវ​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ល្អប្រសើរ​ច្រើន។ បើ​ទោះ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងណាក្តី​តែ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា កម្ពុជា​នៅតែ​ត្រូវការ​ជំនួយ​ពី​ប្រទេស​ជប៉ុន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ដែរ​ថា វិនិយោគិន​ពី​ជា​ប្រទេស​ជប៉ុន​នឹង​ទៅ​បណ្ដាក់ទុន​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា បើទោះបី​បច្ចុប្បន្ន​មាន​ចំនួន​អ្នកវិនិយោគ​ពី​ប្រទេស​ជប៉ុន​មានការ​កើនឡើង​ក៏ដោយ ហើយ​សម្ដេច​នៅ​ចង់ឃើញ​អ្នកវិនិយោគ​ពី​ប្រទេស​ជប៉ុន​ទៅ​បន្ថែមទៀត​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញលោក ណា​អូ​តូ​ស៊ី អូ​កា​ដា មក​ទស្សនកិច្ច​នៅ​កម្ពុជា​ផងដែរ​។​

​ក្រុមហ៊ុន Nikkei គឺជា​ទីផ្សារ​មូលប័ត្រ​តូ​ក្យូ​ដែលមាន​ឈ្មោះ​ពេញ​ថា Tokyo Stock Exchange (TSE) របស់​ប្រទេស​ជប៉ុន ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៨៧៨ ។ ដោយឡែក​នៅ​ឆ្នាំ​១៩៤៣ ដែលជា​អំឡុងពេល​នៃ​សង្គ្រាមលោកលើកទីពីរ​នោះ​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចូល TSE ជាមួយនឹង​ក្រុមហ៊ុន​ចំនួន ៥ ផ្សេងទៀត​ដើម្បី​បង្កើត​ទៅជា​ទីផ្សារ​មូលប័ត្រ​ជប៉ុន (Japan Stock Exchange ឬ JSE)​។ ទីផ្សារ​មូលប័ត្រ​នេះ​ត្រូវបាន​បិទទ្វារ នៅ​អំឡុង​ខែសីហា ឆ្នាំ​១៩៤៥ រហូតដល់​សង្គ្រាមលោក​បាន​ស្ងប់ស្ងាត់ ៕

ដោយ ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114