ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ ANZ Royal នឹង​ប្ដូរ​ឈ្មោះ​ទៅជា​ធនាគារ J Trust Royal

​ភ្នំពេញ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​នារ​សៀ​ល​ថ្ងៃទី​៣០ ខែ​ឧសភា នេះ បាន​អនុញ្ញាត​ឲ្យ​លោក ណូ​ប៊ូ​យ៉ុង​ស៊ី ហ្វូ​ជី​សាវ៉ា​(Nobuyushi Fujisawa) ប្រធាន​ធនាគារ​ចេ​ត្រាស់​ធ៏​(J Trust Bank) ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ទីក្រុង​ត្យូ​ក្យូ ប្រទេស​ជប៉ុន​។​

​តាម​ការ​ឲ្យ​ដឹងពី​ លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី នៅ​ក្នុង​ជំ​នួប​នេះ​ លោក ហ្វូ​ជី​សាវ៉ា បាន​គោរព​ថ្លែងអំណរគុណ ដល់ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ដែល​បាន​ចំណាយ ពេលវេលា​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​រូបលោក​គណៈ​ប្រតិភូ​ចូល​ជួប​សំដែង​ការគួរសម​។

​លោក ហ្វូ​ជី​សាវ៉ា ប្រធាន​ធនាគារ​ចេ​ត្រាស់​ធ៍ (J Trust Bank) បាន​ជម្រាប ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ​៖​ កន្លងមកនេះ​ លោក​បាន​ទិញ ភាគហ៊ុន​របស់​ធនាគារ ANZ Royal ដូច្នេះ​ពេលនេះ​រូប​លោក ​នឹងធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន Royal group របស់​អ្នកឧកញ៉ា គិត ម៉េង។​

​ក្នុងឱកាស​នោះ លោក Nobuyushi Fujisawa បាន​ជម្រាប ​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ​ថា តាម​ផែនការ លោក​មាន​គម្រោង​ប្តូរ​ឈ្មោះ​ធនាគារ ANZ Royal ទៅជា​ធនាគារ​ចេ​ត្រាស់​ធ៏ រ៉ូយ៉ាល់ (J Trust Royal Bank) វិញ​នៅ​ខែសីហា​ខាងមុខនេះ​។

​លោក​ប្រធាន​ធនាគារ ចេ​ត្រាស់​ធ៏ ក៏បាន​ជម្រាប​ សម្ដេច​តេ​ជោ​ទៀត​ថា កន្លង​ទៅ​ខាង​ធនាគារ ANZ Royal មិនសូវ​បាន​ផ្តល់​ឥណទាន​ទៅ​ក្រុមហ៊ុន​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ធនាគារ ចេ ត្រាស​ធ៏ រ៉ូយ៉ាល់ នឹង​ផ្តល់​ប្រាក់កម្ចី ឬ ឥណទាន​ទៅ​ក្រុមហ៊ុន​ខ្មែរ​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ក៏បាន​ស្នើឲ្យ ​លោក ហ្វូ​ជិ​សាវ៉ា ជួយ​ដល់​ក្រុមហ៊ុន​ខ្មែរ​ដែល​ត្រូវការ​ឥណទាន ជាមួយគ្នានេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​អបអរសាទរ​ដល់​ក្រុមហ៊ុន ចេ​ត្រាស​ធ៍ របស់​ជប៉ុន​ ដែល​បាន​ទៅ​បណ្តាក់​ទុក​នៅ​កម្ពុជា​។

​សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​ ក៏បាន​បង្ហាញ​ការ​រីករាយ​នឹង​ស្វាគមន៍​សម្រាប់ ​លោក Nobuyushi Fujisawa៕

ដោយ ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114