ព័ត៍មានទាន់​ហេតុការណ៏
Search

សុះ ម៉ាច អង្វរ​អ្នកបើកបរ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ​ក្រោយ​ជួប​រឿង​ស៊យ​ទាំង​ព្រលឹម​អុរ

ភ្នំពេញ​ ៖ ​ដោយសារតែ​មើលឃើញ​ពី​ការ​បើកបរ​ធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ​មិន​ថា ​អ្នកបើករថយន្ត ម៉ូតូ រ៉ឺម៉ក​កង់​បី ឬ​រ៉ឺម៉ក​ដឹក​ឥវ៉ាន់​នោះ​ តារា​ចម្រៀង​ជើងចាស់ ​លោក សុះ ម៉ាច បាន​ចេញមុខ​អំពាវនាវ ​និង​អង្វរ​យ៉ាង​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

ការ​អំពាវនាវ​របស់​តារា​ចម្រៀង ​លោក សុះ ម៉ាច នេះ​ បាន​ធ្វើឡើង​ បន្ទាប់​លោក​បាន​ជួប​រឿង​ស៊យ​ទាំង​ព្រលឹម​អុរ ខណៈដែល​រថយន្ត​ខ្លួន​ត្រូវបាន​ម៉ូតូ​រ៉ឺម៉ក​បើក​មក​កៀរ​បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងមុខ​មួយ​ចំហៀង​។​ ចំណែកឯ​សំណង​ពី​ភាគី​បង្ក​ មិន​ត្រូវបាន​ដោះស្រាយ​នោះទេ​ពោលគឺ​លោក​យល់ព្រម​អនុគ្រោះ​ត្រឹម​ការ​សូមទោស​តែប៉ុណ្ណោះ​។​

​លោក សុះ ម៉ាច បាន​រៀបរាប់​ឲ្យ​ដឹងថា​ ហេង​ទាំង​ព្រលឹម​អុរ ហ្ម៎ង ! ត្រូវ​រ៉ឺម៉ក កៀរ​អស់​ថ្ពាល់​អូន​១​ចំហៀង។ ​សូម​អង្វរ​ណា៎ !​លោកអ្នក​បើក រ៉ឺម៉ក​ដែល​ដឹក​អីវ៉ាន់​ក៏ដូចជា​បងប្អូន​រត់​ម៉ូតូ​កង់​៣​កង់​៤​ មេត្តា​ប្រយ័ត្នប្រយែង​ផង។​ កុំ រុល កុំ​ជែង​ពេក ​មើល​ស្ថានភាព​ផ្លូវ​ផង ដល់ពេល ប៉ះ​ពៀរ​កុំ​អាង​អ្វី​អាង​ម្រាម​ដៃ​ដប់​សូមទោស​នោះ ​ចំពោះ​ខ្ញុំ​គ្មាន​ទោស​ឲ្យ​ទេ !​។​

​លោក សុះ ម៉ាច បញ្ជាក់​បន្ថែមទៀតថា ​សំណង​ក៏​មិន​ទារ​ដែរ អាណិតអាសូរ​ណាស់​ខំ​រត់​កណ្តាល​ថ្ងៃ​កណ្ដាល​ភ្លៀង រាល់ថ្ងៃ តើ​បាន​ប៉ុន្មាន​ដើម្បី​ចិញ្ចឹម​គ្រួសារ​? ​ដូច្នេះ​មានតែ​ការ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​និង​គោរព​ច្បាប់​ចរាចរណ៍​នោះទេ​ទើប​មិនមាន​បញ្ហា​។ ​ដោយសារតែ​ការលើកលែង​មិន​ទាមទារ​សំណង​ពី​សំណាក់​លោក សុះ ម៉ាច ចំពោះ​ភាគី​បង្ក​នេះហើយ​ទើប​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​គាំទ្រ​ និង​លើកសរសើរ​ទឹក​ចិត្តល្អ​របស់លោក សុះ ម៉ាច ដែលជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114