ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានបញ្ចប់​ទស្សនកិច្ច​ការងារ​នៅ​ជប៉ុន ​ប្រកបដោយ​ភាព​វិជ្ជមាន ​ក្នុងការ​ទាក់​ទាញ​វិនិយោគ​មកកាន់​កម្ពុជា​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បានបញ្ចប់​ទស្សន​កិច្ចកា​រងារ​នៅ​ជប៉ុន​ប្រកបដោយ​ភាព​វិជ្ជមាន​ក្នុងការ​ទាក់​ទា ញ​វិនិយោគ​មកកាន់​កម្ពុជា​

ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នៅថ្ងៃនេះ​។ សម្តេច​តេ​ជោ​ហ៊ុនសែន​បានបង្ហាញ​ជំនឿ​ថា​ទំនាក់ទំនង​មិត្តភាព​និង​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ជប៉ុន​នឹង​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ ។ ជប៉ុន​ជា​មិត្ត​ល្អ​ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​កម្ពុជា​អោយមាន​ការរីកចម្រើន​ទៅមុខ​ជានិច្ច​។​

​ ​ឯកសារ​ចំនួន​ពីរ​ស្តីពី​ការផ្តល់​ជំនួយឥតសំណង​របស់​ជប៉ុន​សម្រាប់​គ​ម្រោ​ង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដែលមាន​ទឹកប្រាក់​ជា ៥ លាន​ដុល្លារ​ក្នុងនោះ​មានការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម ,​ការសាងសង់​ស្ថានីយ​កុងតឺន័រ​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ដែលមាន​ទឹកប្រាក់ ២០០​លាន​យ៉េន​និង​ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែលមាន​ទឹកប្រាក់​៣៣៩​លាន​យ៉េន​។ ឯកសារ​ទាំងពីរ​នេះ​នឹងត្រូវ​ចុះហត្ថលេខា​ក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​របស់​។​

​ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងការ​ស្នាក់នៅ​និង​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​អនាគត​របស់​អាស៊ី និង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣១ ខែឧសភា​ឆ្នាំ ២០១៩​។​

​ ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ ឧសភា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​សិក្ខាសាលា​ស្តីពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ដែលមាន​វិនិយោគិន​ប្រមាណ ៣៥០ នាក់​ដែល​សហការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​(JETRO)​និង​ធនាគារ​មី​ហ្ស៊ូ​ហូ (Mizuho)​។​

​ ​នៅក្នុង​សិក្ខាសាលា​ស្តីពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ​ការស្វាគមន៍​ដល់​អ្នកវិនិយោគ​បរទេស​ទាំងអស់​ជាពិសេស​អ្នកវិនិយោគ​ជប៉ុន​ដែល​បានជ្រើសរើស​និង​មានបំណង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​។ នៅ​ពីមុខ​អ្នកវិនិយោគ​ជប៉ុន​និង​អន្តរជាតិ​ជាច្រើនរូប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា​ក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​ជប៉ុន​ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៤​រហូតដល់​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មាន​ចំនួន​១៣៧​គម្រោង​ក្នុងនោះ​មាន​ទុនវិនិយោគ​សរុប​ចំនួន ២,៥​ពាន់​លាន​ដុល្លារ​។​

​ ​ក្រុមហ៊ុន​ជប៉ុន​ទាំងនេះ​ភាគច្រើន​ផ្តោតទៅលើ​ការផលិត​គ្រឿង​បង្គុំ​អគ្គិសនី​និង​អេឡិចត្រូនិក​គ្រឿង​បង្គុំ​រថយន្ត និង​សម្ភារៈ​បរិក្ខា​បច្ចេកទេស ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​។

​ ​សម្តេច​តេ​ជោ​បន្តថា ក្រៅពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ​ក៏មាន​វត្ត​មាននៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ​ទាំង​តូច​ប្រមាណ​១៧០០​ក្រុមហ៊ុន ដែលមាន​សកម្មភាព​ក្នុង​វិស័យ​ធនាគារ អាកាសចរណ៍ និង​ភោជនីយដ្ឋាន​ជាដើម​។​

​ ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ក៏បាន​បង្ហាញ​ផងដែរ​ដល់​វិនិយោគិន​ជប៉ុន​ពី​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​កម្ពុជា​និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដោយបាន​កំណត់​ប្រភេទ​ឧស្សាហកម្ម​ជា​អាទិភាព​ចំនួន​៥​។​ឧស្សាហកម្ម​ជា​អាទិភាព​ទាំងនោះ​មាន ឧស្សាហកម្ម​ឬ​កម្មន្តសាល​ថ្មីៗ​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ផលិតកម្ម​ក​សិ​-​ឧស្សាហកម្ម​ដែល​បំរើ​ឲ្យ​ការនាំចេញ​និង​ទីផ្សារ​ក្នុងស្រុក​ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ​និង​ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឲ្យ​ខ្សែរ​ចង្វាក់​ផលិតកម្ម​តំបន់​និង​មាន​ចរិត​ជា​យុទ្ធសាស្ត្រ នាពេល​អនាគត​។ ដើម្បី​ជា​សក្ខីភាព​ដល់​ការទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​និង​បរទេស​ផ្សេងទៀត​ចូលទៅក្នុង​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ដែរ​ពី​ការសម្រួល​ពាណិជ្ជកម្ម​កាលពីពេល​ក​ន្ល​ង​ទៅនេះ ដោយបាន​ជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ​ធុរកិច្ច​របស់​អ្នកវិនិយោគ​សរុប​ប្រមាណ​ជា​៤០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។​

​ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​អនាគត​របស់​អាស៊ី​ក្រោម​ប្រធានបទ «​ការស្វែងរក​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​៖​ការ​ជម្នះ​លើ​ភាពវឹកវរ​»​ដែល​រៀបចំឡើង​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។​

​ ​ថ្លែង​ក្នុង​សន្និសីទ​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​ប្រទេស​នៅ​អាស៊ី​ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​តែ​ជួប​ប្រឈម​នឹង​វិបត្តិ​វក​វរ​មិន​ធ្លាប់មាន​ប្រកបដោយ​ភាពស្មុគស្មាញ​និង​ហានិភ័យ​ជាច្រើន​ដែលមាន​ចរិត​ប្រពៃណី​ផង​និង​មិន​ប្រពៃណី​ផង​សម្រាប់​រយៈពេល​ខ្លី​និង​រយៈពេល​វែង​ខាងមុខ​។​ប​ញ្ហ​ប្រឈម​ទាំងនេះ​អា​ចប​ន្ទុ​ច​បង្អាក់​វិវឌ្ឍន​ភាព​និង​បំផ្លាញ​សមិទ្ធិផល​ដែល​ប្រជាជាតិ​យើង​ខិតខំ​សម្រេចបាន​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លងមក​ក៏ដូចជា​កាត់បន្ថយ​សក្តា​នុព​ល​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​ផងដែរ​។​

​ ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​នូវ​ក្តីបារម្ភ​ផងដែរ​អំពី​សន្តិភាព​,​ស្ថិរភាព និង សន្តិសុខ​ពិភពលោក ចំពោះមុខ​ដំណើរ​វិ​វត្ត​ទៅរក​ក្របខ​ពហុ​ប៉ូល​ដោយសារ​ការប្រកួតប្រជែង​ផលប្រយោជន៍ និង​ការកែតម្រូវ​តុល្យភាព​អំណាច​សកល​ព្រមទាំង​អរិភាព​ផ្សេងទៀត ដែល​កំពុង​បង្ក​នូវ​ភាពមិនច្បាស់លាស់ និង​ភាពវឹកវរ​ជាច្រើន ចំពោះ​ប្រក្រតីភាព​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​អាស៊ី​។​

​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ចែករំលែក​ទស្សនៈ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នៃ​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​អនាគត​របស់​អាស៊ី​។​

​ ​ក្នុងការ​ស្នាក់នៅ​ប្រទេស​ជប៉ុន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​បាទ​ទួល​ជួប​សវនាការ​ជាមួយ​ឥស្សរជន អង្ក​ការ សមាគម និង ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​ជាច្រើន​ដាច់ៗ​ដោយឡែក​ពីគ្នា​ដែល​រួមមាន​៖ លោក ណូ​ប៊ី ហ៊ី​កូ សា​សា​គី (Nobuhiko Sasaki) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO)​។ លោក សេ​ជី អ៊ី​ម៉ៃ (Seiji Imai) ប្រធាន​ផ្នែក​សាជីវកម្ម​ទូទាំង​សកលលោក របស់​មី​ហ្សឺ​ហូ​ហ្វា​យ​និ​ន​ស្សល (Mizuho Financial Group)​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​អញ្ជើញពិសា​អាហារ​ថ្ងៃត្រង់​និង​ពិភាក្សា​លើ​បញ្ហា​មួយចំនួន ដែល​រៀបចំ​ដោយ លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា (Masahiro IMAMURA) ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​លោក​បណ្ឌិត យូ​ស៊ី អាគី អ៊ី​ស៊ី​ហ្សា​វ៉ា (Yosiaki Ishizawa) សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​សូ​ហ្វី​យ៉ា​អាស៊ី​សម្រាប់​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​មនុស្ស​។ សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប លោក តាកាហាស៊ី ហ្វូ​មី​អាគី (Takahashi Fumiaki) ប្រធាន​សមាគម​កម្ពុជា​ជប៉ុន ។ សម្តេច​ទទួល​ជួប​លោក កេ​ន ម៉ា​ត ស៊ុ​ហ្សា​វ៉ា (Ken Matsuzawa) ប្រធាន​ក្រុមប្រឹក្សា​ផ្លាស់ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន (FEC) និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​របស់​ជប៉ុន​៦​រូប​ផ្សេងទៀត​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​លើ​ការងារ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​សម្តេច​តេ​ជោ​ជួប​លោក ណា​អូ​តូ​ស៊ិ អូ​កា​ដា (Naotochi Okada) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នី​កកេ ជប៉ុន ។ សម្តេច​អនុញ្ញាត​ឲ្យ​លោក ណូ​ប៊ូ​យ៉ុ​ស៊ិ ហ្វូ​ជិ​សាវ៉ា (Nobuyushi Fujisawa) ប្រធាន​ធនាគារ​ចេ​ត្រាស​ធ៍ (J Trust Bank) និង ចុងក្រោយ​គឺ សម្តេច​អនុញ្ញាត​ឲ្យ​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា (Yoshihisa Kainuma) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​ណេ​បៀ មី​ត​ស៊ុ​មី (Minebea Mitsumi)​។​

​ ​នៅក្នុង​ជំនួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​បណ្តា​ក្រុម ហ៊ុន​ជប៉ុន និង ឥស្សរជន​ជប៉ុន សុទ្ធតែ​បានបង្ហាញ​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ហើយ​បានបង្ហាញ​ពី​ការចាប់ អារម្មណ៍​ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា ។ ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​សុទ្ធតែ​បានបង្ហាញ​នូវ​ជំនឿ​ទុកចិត្ត​ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា និង សំដែង​ការអបអរសាទរ​ចំពោះ​កំណែ​ទម្រ​ង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​ថ្មីៗ​នេះ​លើ​បរិយាកាស​វិនិយោគ​និង​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ធំៗ​បានបញ្ជាក់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន អំពី​ការបន្ថែម​ទុនវិនិយោក​ទៅលើ​គម្រោង​ដែលមាន​ស្រាប់​នៅ​កម្ពុជា និង ការពង្រីក​គម្រោង​អាជីវកម្ម​បន្ថែម​។ ចំណែក​ឥស្សរជន​ជប៉ុន​សំខាន់ៗ​សុទ្ធតែ​បាន​អះអាងថា​និង​ខិតខំ​ជំរុញ​វិនិយោគទុន​ជប៉ុន​មកកាន់​កម្ពុជា​និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហការ​ជាមួយ​កម្ពុជា​។​

​ ​សូមបញ្ជាក់ថា កម្ពុជា​និង​ជប៉ុន​បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​១៩៥៣​។​ទំនាក់ទំនង​កម្ពុជា​និង​ជប៉ុន មាន​ភាពល្អ​ប្រសើរឡើង​ជា​បន្តបន្ទាប់​រហូត​ក្លាយទៅជា​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ខែធ្នូ ឆ្នាំ​២០១៣​។ ផ្តើមចេញពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ដ៏​រស់​រវើក​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​តែង​បាន​ផ្លាស់ប្តូរ​ដំណើរ​ជាមួយគ្នា​ជា​ញឹកញាប់​។ ពាក់ព័ន្ធ​ការវិនិយោគទុន​ជប៉ុន​នៅ​កម្ពុជា​វិញ​ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៨ គម្រោង​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា មាន​សរុប​ចំនួន ១៣៧​គម្រោង ដែលមាន​ទុន​សរុប​ចំនួន​២,៤៨៦​លាន​ដុល្លារ​អាមេរិក​។​ក្នុងនោះ​ឆ្នាំ​២០១៦ ទុនវិនិយោគ​មាន​ចំនួន ៨២២​លាន​ដុល្លារ​, ឆ្នាំ​២០១៧ មាន​ទុនវិនិយោគ​ចំនួន ៦៣​លាន​ដុល្លារ និង​ឆ្នាំ​២០១៨ មាន​ទុនវិនិយោគ​ចំនួន ៨៨៣​លាន​ដុល្លារ​។​គម្រោង​វិនិយោគ​របស់​ជប៉ុន មាននៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រាជធានី​ភ្នំពេញ មេន​ហាត​ធេ​ន​បាវិត តាយសេង​បាវិត ដ្រេ​ហ្គ​ន់​យើង​បាវិត កំពង់ផែ​ក្រុងព្រះសីហនុ សាន​កូ​ប៉ោយប៉ែត និង​នាង​កុក​កោះកុង​។​ប្រទេស​ជប៉ុន​នៅក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ផ្លូវ​ការគិត​ចាប់តាំងពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៨ បានផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ចំនួន​២,៨​ពាន់​លាន​ដុល្លារ ស្មើនឹង​ប្រមាណ​១៥%​នៃ​ហិរញ្ញប្បទាន​សរុបរ​បស់ដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់​សម្រាប់​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​។​

​ ​តាម​ការគ្រោងទុក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​និវត្តន៍​មកដល់​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​៨:៣០ នាទី​យប់​ថ្ងៃទី ៣១ ខែ ឧសភា​នេះ​៕

​ដោយ ៖ ណារី

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114