ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល ​ចាប់ផ្តើម​អនុវត្ត​ឧបត្ថម្ភ​ប្រាក់​៧៦​ម៉ឺន​រៀល​ ជូន​ស្ត្រី​មាន​ផ្ទៃពោះ​មកពី​គ្រួសារ​ក្រីក្រ​ចាប់ពី​ថ្ងៃទី​០១​មិថុនា​តទៅ​

​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា​ បានផ្តល់​ប្រាក់ឧបត្ថម្ភ​ប្រាក់​ចំនួន​៧៦​ម៉ឺន​រៀល​ ជូន​ស្ត្រី​មាន​ផ្ទៃពោះ​មកពី​គ្រួសារ ក្រីក្រ​ រហូតដល់​កូន​មាន​អាយុ​ក្រោម​ពីរ​ឆ្នាំ​ ជា​ផ្លូវការ​ហើយ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​តទៅ ​ដែល​នៅក្នុង​ដំណាក់កាល​ដំបូង​នេះ មាន​ស្ត្រី​កំពុង​មាន​ផ្ទៃពោះ និង​ស្ត្រី​សម្រាលកូន​ហើយ​មកពី​គ្រួសារ​ក្រីក្រ​សរុប​ប្រមាណ៥​ម៉ឺន​នាក់​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដែល​បាន​ចុះទៅពិនិត្យ​ដោយផ្ទាល់​នូវ​ការអនុវត្តន៍​កម្មវិធី​នេះ​នៅ​មន្ទីរពេទ្យបង្អែក «​សម្តេចឪ សម្តេចម៉ែ​»​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​ ការសម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ​នេះ គឺជា​ការបែងចែក​នូវ​ផ្លែផ្កា​កើតចេញពី​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សមធម៌​ជូន​ប្រជាពលរដ្ឋ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​«​ដូច​សម្តេច​តេ​ជោ លោក​បាន​ជម្រាប​ជា​សាធារណៈ​រួចហើយ​ថា​ ការយក​ចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល គឺ​ការ​ផ្តល់នូវ​សមធម៌​ជូន​ដល់​ប្រជាជន​ក្រីក្រ គឺ​ការចែករំលែក​ធនធាន​របស់​យើង ដល់​ជនក្រីក្រ ហើយ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​មក​ទទួល​សេវា​សាធារណៈ​របស់​យើង​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​។ ម្យ៉ាងទៀត​ដើម្បី​លើកកម្ពស់​សុខភាព​សាមី​ខ្លួន ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​ទាំង​ម្តាយ និង​កូន​»​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឲ្យ​ដឹង​ទៀតថា ក្នុងដំណាក់កាល​ដំបូង​នេះ​មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​សម្រាលកូន​រួច​ប្រមាណ​ជា៥​ម៉ឺន​នាក់ កំពុងស្ថិត​នៅក្រោម​កម្មវិធី​ទទួល​ការឧបត្ថម្ភ​ថវិកា​។​

​យោងតាម​សេចក្តីប្រកាស​រួម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល បានឲ្យ​ដឹង​ថា ការឧបត្ថម្ភ​ថវិកា​៧៦​ម៉ឺន​រៀល​នេះ​ចែកជា​៣​ដំណាក់កាល​។ ដំណាក់កាល​ទី​១ គឺ​នៅពេល​មាន​ផ្ទៃពោះ គឺ​ត្រូវ​ផ្តល់ប្រាក់​ចំនួន​៤​ដង មួយដង​៤​ម៉ឺន​រៀល​, ដំណាក់កាល​ទី​២ គឺ​នៅពេល​សម្រាល ត្រូវ​ផ្តល់ប្រាក់​២០​ម៉ឺន​រៀល និង​ដំណាក់កាល​ទី​៣ គឺ​នៅ​ក្រោយពេល​សម្រាល រហូតដល់​កូន​អាយុ​ក្រោម​ពីរ​ឆ្នាំ គឺ​ត្រូវ​ផ្តល់ប្រាក់​ចំនួន​១០​ដង ក្នុង​មួយដង​៤​ម៉ឺន​រៀល​។​

​ក្នុង​សេចក្តី​ប្រកាស​នេះ បានបញ្ជាក់​ផងដែរ​ថា ក្នុងករណី​កំឡុងពេល​មាន​ផ្ទៃពោះ ហើយ​កូន​រលូត ក៏​ទទួល​បាន​ការឧបត្ថម្ភ​ផងដែរ​។ ក្នុង​នោះ​បើ​កូន​ក្នុង​ផ្ទៃ​ដែល​រលូត​មាន​អាយុ​១២​សប្ដាហ៍ ទទួល​បាន​ការឧបត្ថម្ភ​ប្រាក់​៤​ម៉ឺន​រៀល​មួយដង​។ បើ​កូន​ដែល​រលូត​មាន​អាយុ​ចន្លោះ​ពី​១២​សប្ដាហ៍ ទៅ ២៤​សប្ដាហ៍ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រាក់៤​ម៉ឺន​រៀល​ចំនួន​ពីរដង​។​

​រាជរដ្ឋាភិបាល ក៏​នឹង​ឧបត្ថម្ភ​ផងដែរ​ចំពោះ​ករណី​ដែល​ទារក​សម្រាល​មកហើយ តែ​បែរជា​ស្លាប់បាត់​បង់ជីវិត​។ ចំពោះ​ករណីនេះ ទទួលបាន​ការឧបត្ថម្ភ២០​ម៉ឺន​រៀល​ក្នុងពេល​សម្រាល និង​នៅពេល​ទៅ​ពិនិត្យ​សុខភាព ទទួលបាន៤​ម៉ឺន​រៀល ចំនួន៣​ដង​បន្ថែមទៀត​។​

​ដោយឡែក​ក្នុងករណី​ក្រោយពេល​សម្រាល​ម្តាយ​ស្លាប់បាត់​បង់ជីវិត​វិញ ថវិកា​ត្រូវបាន​ឧបត្ថម្ភ​ជូន​ទៅ​អាណាព្យាបាល​ស្របច្បាប់​។ ថវិកា​ត្រូវ​ផ្តល់​ចំនួន​២០​ម៉ឺន​រៀល​នៅពេល​សម្រាល ហើយ​ត្រូវ​ប្រគល់​ចំនួន​១០​ដង​ទៀត ក្នុង​មួយដង​៤​ម៉ឺន​រៀល នៅ​ពេល​យក​កូន​ទៅ​ទទួល​សេវា​ថែទាំ​សុខភាព​រហូតដល់​កូន​អាយុ២​ឆ្នាំ​។​

​ចំពោះ​ការផ្តល់​សាច់ប្រាក់​នេះ នឹងត្រូវ​ធ្វើឡើង​តាម​ធនាគារ​ឯកទេស Wing ដែល​រាជរដ្ឋាភិបាល​បាន​បង្កើត​គណនេយ្យ និង​ប្រគល់​កាត Wing រួចជាស្រេច​ជូនទៅ​ដល់​ស្ត្រី​មាន​ប័ណ្ណ​សមធម៌​ចេញ​ដោយ​ក្រសួងផែនការ និង​ប័ណ្ណ​អាទិភាព​ចេញ​ដោយ​មន្ទីរពេទ្យ​របស់រ​ដ្ឋ ឬ​មណ្ឌល​សុខភាព​។​

​បើតាម​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ការឧបត្ថម្ភ​នេះ នឹង​ត្រូវ​ចំណាយ​ថវិកា​ជិត៥​លាន​ដុល្លារ​នៅ​ឆ្នាំ​ដំបូង ហើយ​ទឹកប្រាក់​កើន​ដល់​៧.៧​លាន​ដុល្លារ នៅ​ឆ្នាំ​ទី​២ និង​បន្ដ​កើន​ឡើង​រហូតដល់​ជាង​១០​លាន​ដុល្លារ​នៅ​ឆ្នាំ​ទី​៣​។ តែ​ទោះជា​យ៉ាងណា​ការចំណាយ​នេះ នឹងមិន​ប៉ះពាល់​ដល់​ចរន្ត​ថវិកាជាតិ​ឡើយ ហើយ​សម្ដេច​រំពឹងថា ចំនួន​ នៃ​ការឧបត្ថម្ភ​នឹង​ធ្លាក់​ចុះ​មកវិញ នៅ​ពេល​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​។​

​ការសម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្តល់​សាច់ប្រាក់ ដែល​ជាការ​គាំពារ​សង្គម​ថ្មី​មួយទៀត​មិន​ធ្លាប់មាន​ពីមុន​មកនេះ គឺជា​ការគិតគូរ​យ៉ាង​ចិត្ត​ទុកដាក់​មួយទៀត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​មាតា និង​ទារក​ដែលមាន​ជីវភាព​ខ្វះខាត​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ការដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​នេះ គឺជា​ការគិតគូរ​ដ៏​ល្អិតល្អន់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សម្រាល​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​ទូទៅ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានធ្វើ​រួចមកហើយ​នូវ​ការឧបត្ថម្ភ​ថវិកា​ដល់​ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​កម្មការិនី​នៅពេល​ពួកគេ​សម្រាលកូន​។​

​គួរ​បញ្ជាក់ថា ​ស្ត្រី​មកពី​គ្រួសារ​ក្រីក្រ ដែលមាន​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​អាទិភាព​កន្លងទៅ ត្រូវបាន​រាជ​រដ្ឋាភិបាល​ផ្តល់ជូន​នូវ​សេវា​ពិនិត្យ​ផ្ទៃពោះ សម្រាល ក៏ដូចជា​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយ​មិន​គិត​ប្រាក់​ផងដែរ​៕

ដោយ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114