ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​១២​នាក់​ស្លាប់​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ក្នុង​បរិវេណ​រដ្ឋាភិបាល​រដ្ឋ Virginia

ប៉ូលិស​បាន​និយាយថា បុគ្គលិក​ក្រុង​ម្នាក់​បាន​បាញ់រះ​ដោយ​មិន​រើសមុខ​នៅក្នុង​បរិវេណ​អគារ​រដ្ឋាភិបាល​មួយ​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​រដ្ឋ Virginia សហរដ្ឋអាមេរិក​ដោយ​បានសម្លាប់​មនុស្ស​ចំនួន​១២​នាក់​និង​រងរបួស​៤​នាក់​នៅក្នុង​ការបាញ់សម្លាប់​រង្គាល​ចុងក្រោយ​បំផុត​ដែល​វាយប្រហារ​ប្រទេស​នេះ​។​

​លោក James Cervera ស្នងការ​ប៉ូលិស​ក្រុង Virginia Beach បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ខ្មាន់កាំភ្លើង​ក៏ត្រូវ​បានសម្លាប់​ផងដែរ​បន្ទាប់ពី​ការបាញ់​តបត​ជាមួយ​ក្រុមមន្ត្រី​នៅ​កន្លែងកើតហេតុ​។​

​លោក Cervera និយាយថា ការបាញ់ប្រហារ​នេះ​បាន​កើតឡើង​ក្រោយ​ម៉ោង​៤​រសៀល​នៅពេល​ខ្មាន់កាំភ្លើង​បាន​ចូល​អគារ​មួយ​របស់​រដ្ឋាភិបាល​ក្រុង Virginia Beach ហើយ​ភ្លាមៗ​នោះបាន​បើក​ការបាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ទាំងអស់​ដោយ​មិន​រើសមុខ​។​

​ជនរងគ្រោះ​ម្នាក់​ត្រូវបាន​សម្លាប់​នៅ​ខាងក្រៅ​រថយន្ត​របស់គាត់​ខណៈ​អ្នក​ផ្សេងទៀត​ត្រូវបាន​រកឃើញ​នៅ​ជាន់​ទាំងបី​របស់​អគារ​នេះ​។ ប៉ូលិស​បាន​បង្កើន​ចំនួន​អ្នកស្លាប់​ដល់​ទៅ​១២​នាក់​និង​បួន​នាក់​រងរបួស​នៅ​យប់​ថ្ងៃ​សុក្រ​បន្ទាប់​ពីមុន​នោះបាន​រាយការណ៍​ថា​អ្នក​ស្លាប់មាន​១១​នាក់​និង​៦​នាក់​របួស​។​

​អាជ្ញាធរ​មិនបាន​បញ្ចេញ​ឈ្មោះ​ខ្មាន់កាំភ្លើង​ឬ​ចេតនា​របស់គាត់​ទេ​គ្រាន់តែ​និយាយថា គាត់​គឺជា​បុគ្គលិក​បម្រើការ​ងារ​ជា​យូរ​មកហើយ​នៅ​នាយកដ្ឋាន​សេវាកម្ម​សាធារណៈ​។​

​អ្នករងរបួស​ទាំងអស់​ក៏​រួមមាន​ប៉ូលិស​ម្នាក់​ផងដែរ​ដែល​ត្រូវបាន​សង្គ្រោះ​ដោយ​អាវ​ក្រោះ​របស់គាត់​។ ពួកគេ​ទាំងអស់​ត្រូវ​បានទទួល​ការវះកាត់​កាលពី​យប់​ថ្ងៃ​សុក្រ​។​

​អភិបាលក្រុង​លោក Bobby Dyer បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​នេះ​ជា​ថ្ងៃ​ដែល​បំផ្លិចបំផ្លាញ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង Virginia Beach​។ មនុស្ស​ដែល​ពាក់ព័ន្ធ​គឺជា​មិត្តភក្តិ អ្នកធ្វើការ អ្នកជិតខាង​និង​សហសេវិក​របស់​យើង​”​។​

​យោងតាម​ក្រុម​ឃ្លាំមើល​កាំភ្លើង Gun Violence Archive ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹងថា ការបាញ់ប្រហារ​កាលពី​ថ្ងៃ​សុក្រ​នេះ​គឺជា​ការបាញ់សម្លាប់​រង្គាល​លើក​ទី​១៥០​នៅ​សហរដ្ឋអាមេរិក​ក្នុងឆ្នាំនេះ​៕

​ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114