ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​អះអាងថា នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​រួមទាំង​កិច្ចការ​ប្រជាធិបតេយ្យ​ផងដែរ

ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​មានប្រសាសន៍​នៅ​ចំពោះ​មុខ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ប្រទេស​ជប៉ុន​នៅតែ​បន្ត​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងនោះ​រួម​ទាំង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ​។

លោក ស៊ីន​ហ្សូ អា​បេ បាន​បញ្ជាក់​បែបនេះ​នៅ​ក្នុង​ឱកាស​ដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា -​ជប៉ុន​ក៏បាន​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ក្នុង​កម្មវិធី​អាហារ​ថ្ងៃ​ត្រង់នា​ព្រឹក​ថ្ងៃទី ៣១ ខែ ឧសភា នេះ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។

បើ​តាម​ប្រសាសន៍​របស់លោក​កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ស្វាគមន៍​សម្តេច​តេ​ជោ​និង​ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឱកាស​ចម្រើន​ព្រះជន្ម​ថ្មីៗ​នេះ​។ លោកនាយក រដ្ឋមន្ត្រី​ជប៉ុន​បាន​មាន​ប្រសា​ស​ន៏​ថា​ជប៉ុន​នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​រួមទាំង​កិច្ចការ​ប្រជាធិបតេយ្យ​ផងដែរ​។ នៅក្នុង​ឱកាស​នោះ​លោក អា​បេ បាន​កោតសរសើរ​ដល់​ស្ត្រី​ខ្មែរ​ពីររូប​ដែល​បានធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន​ដោយ​ចាត់ទុកថា​ជា​ស្ត្រី​គំរូ​ដែល​ធ្វើការ​បាន​ល្អ​ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​យើង​នឹង​បន្តធ្វើ​កា​រពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​មាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាពិសេស ពាក់ព័ន្ធ​ទៅនឹង​កំពង់ផែ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ជប៉ុន​ធ្លាប់​បានធ្វើ​សហប្រតិបត្តិការ​រួចមកហើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់​លោក​បាន​លើកឡើងថា​នឹងធ្វើ​យ៉ាងណា​ឲ្យ​តំបន់​របស់​យើង​មាន​លក្ខណៈ​សេរី​និង​បើកចំហ​និង​ចង់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​ផងដែរ​។

​ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ដែល​បាន​លើក​ឡើង​អំពី​ការគាំទ្រ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ ឆ្លៀតឱកាស​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​ប្រទេស​ជប៉ុន​ជាពិសេស​សម្រាប់​ជំនួយ​លំហូរ​សេដ្ឋកិច្ច​ទាំងឡាយ​ប្រកបដោយ​ប្រជាធិបតេយ្យ​ហើយ​សន្យា​ថា នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ក្នុង​ក្របខ័ណ្ឌ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​កម្ពុជា​-​ជប៉ុន​។ រីឯ​គំនិត​ផ្ដួចផ្ដើម​ដែល​លោក hinzo abe បានលើកឡើង​ចង់​ឲ្យ​តំបន់​នេះ​មាន​លក្ខណៈ​សេរី​និង​បើកចំហ​សម្ដេច​តេ​ជោ​បាន​ចាត់ទុកថា គឺ​ពិតជា​ល្អ​ណាស់​ដែល​នឹងធ្វើ​ឲ្យ​មាន​ស្តង់ដារ​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​នេះ​។​

សម្ដេច​តេ​ជោ​ក៏បាន​អរគុណ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ដែល​បាន​សរសើរ​ដល់​ស្ត្រី​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ដែល​ចាត់ទុកថា​ជា​គំរូ​ធ្វើការ​បានល្អ​នោះ​។ សម្ដេច​ក៏បាន​រំលឹក​អំពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំងពីរ​ដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​និង​គម្រោង​សាងសង់​ផែ​នៅ​ខេត្ត​ព្រះសីហនុ​ហើយ​សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​សាជាថ្មី​ម្តងទៀត​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កន្លងមកនេះ​ដែ​ល​បានរួម​ចំណែក​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​រក្សាបាន​ក្នុង​រង្វង់​ជាង ៧%​ប្រចាំឆ្នាំ​ដែល​ធ្វើ​ឲ្យ​ថវិកាជាតិ​មានការ​កើនឡើង​និង​មានការ​កែទម្រង់​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ​បន្តថា​ទោះបីជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ប៉ុន្តែ​កម្ពុជា​នៅមាន​ការ​ប្រឈម​ដែល​ត្រូវការ​ជំនួយ​បន្ថែមទៀត​ជាពិសេស​កម្ចីសម្បទាន​និង​ជំនួយ​សម្តេច​បានស្នើ​ធ្វើយ៉ាងណា​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​លើកទឹកចិត្ត​អ្នកវិនិយោគ​ជប៉ុន​មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​។

សម្ដេច​តេ​ជោ​បន្ត​ថា ថ្វី​ដ្បិត​ជប៉ុន​មាន​វិនិយោគ​ក្នុង​លំដាប់ថ្នាក់​ទី​៦​នៅ​ប្រទេស​កម្ពុជា​ប៉ុន្តែ​វិនិយោគិន​ជប៉ុន​គឺ​ប្រកបដោយ​គុណភាព​។ យ៉ាងណាមិញ​ដូចជា​ក្រុមហ៊ុន​ជប៉ុន​មួយ​ចំនួន​ដែល​បាន​ទៅ​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ​គឺជា​ក្រុមហ៊ុន​ដែលមាន​គុណភាព​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ជប៉ុន​បន្ត​ជួយ​ធ្វើយ៉ាងណា​ជំរុញ​លើកទឹកចិត្ត​ឲ្យ​វិនិយោគ ទុន​ជប៉ុន​ទៅ​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត​។

ទន្ទឹម​នេះ​សម្ដេច​តេ​ជោ​ក៏បាន​លើក​នូវ​សំណើ​មួយចំនួន​ទៀត​ជូន​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ឲ្យ​ជួយ​កម្ពុជា ៖ ​ទី​១.​បន្ត​ជួយ​លើ​ការដោះមីន​នៅ​កម្ពុជា​ដល់​អង្គការ​ស៊ីម៉ាក់​ដែល​គម្រោង​៣​ឆ្នាំ​តទៅ​មុខ ទៀត​ត្រូវការ​ថវិកា​ប្រមាណ​២៨​លាន​ដុល្លារ​សម្រាប់​ខេត្ត ៣ គឺ​បាត់ដំបង ប៉ៃលិន ពោធិ៍សាត់។

ទី​២. ឆ្នាំនេះ​កម្ពុជា​មានការ​ប្រឈមមុខ​នឹង​កង្វះ​អគ្គិសនី​ដោយសារ​អាកាសធាតុ​ដែល​ធ្វើ​ឲ្យ​វារីអគ្គិសនី​កម្ពុជា​យើង​គ្មាន​ទឹក​គ្រប់គ្រាន់ ដូច្នេះ​ស្នើ​ឲ្យ​ជប៉ុន​ជួយ​ពិចារណា​សិក្សា​អំពី​បណ្តាញ​អគ្គិសនី​ជាពិសេស​កិច្ចពិភាក្សា​កន្លង​មក​នេះ​រវាង​អង្គការ Jica និង​ក្រសួង​រ៉ែ និង​ថាមពល​ដែល​ចុះ​ធ្វើការ សិក្សា​ពី​ព្រំដែន​ឡាវ​-​កម្ពុជា​មក​រាជធានី​ភ្នំពេញ​ដែលមាន​ប្រវែង​៣៥០​គីឡូម៉ែត្រ​ដើម្បី​ទាញ​ភ្លើង​ចេញពី​ប្រទេស​ឡាវ​មកកាន់​រាជធានី​ភ្នំពេញ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ថែរក្សា​សុខសន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ដែល​កន្លងមក​ប្រទេស​ទាំងពីរ​បាន​បញ្ជូន​ក​ង​ទ័ព​មួក​ខៀវ​ទៅកាន់​បណ្ដា​ប្រទេស​មួយចំនួន​នោះ​សម្ដេច​ក៏បាន​ស្នើ​ឲ្យ​កង​ព័ត​មួក​ខៀវ​នៃ​ប្រទេស​ទាំងពីរ​មានការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​សំដៅ​ធ្វើយ៉ាងណា​កាត់បន្ថយ​នូវ​ការគំរាមកំហែង​ដល់​ទាហាន​មួក​ខៀវ​នេះ គឺ​ធ្វើយ៉ាងណា​បញ្ចៀស​កុំ​ឲ្យ​មានការ​បាត់បង់​ជីវិត​ដល់​កងទ័ព​មួក​ខៀវ​។

ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី shinzo abe អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នៅ រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ២០២០ ខាងមុខ​។

ជាការ​ឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី​ជប៉ុន​បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​ការវិនិយោគ​ពី​ជប៉ុន​ទៅ​កម្ពុជា លោក​ស្វាគមន៍​ចំពោះ​វិធាន​ការដែល​សម្ដេច​តេ​ជោ​បាន​ដាក់ចេញ​កន្លងមក​នេះ​ក្នុងការ​កាត់បន្ថយ​ការចំណាយ​របស់​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ពិសេស​លើ​ការ​ដឹក​ជញ្ជូន នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​ក៏បាន​ស្នើ​ឲ្យ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​មាន​វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានការ​ប្រកួតប្រជែង​។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើសុំ​ឲ្យ​មានការ​ប្រជុំ​គណៈកម្មការ​ចំរុះ​កម្ពុជា​-​ជប៉ុន​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទាំងឡាយ​។​លោក បាន​បន្តថា អ្វីដែល​ជាការ​ចាប់អារម្មណ៍​សំខាន់​របស់​ជប៉ុន​គឺ​កំពង់ផែ​នៅ​ខេត្ត​ព្រះសីហនុ​ដោយ​ជប៉ុន​ត្រៀម​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ជួយ​សិក្សា​ផែនការមេ​សម្រាប់​កំពង់ផែ​នេះហើយ​លោក​បាន​ស្វាគមន៍​ចំពោះ​ការពិភាក្សា​រវាង​អង្គការ​ចៃ​កា​និង​កំពង់ផែ​នៅ​ខេត្ត​ព្រះសីហនុ​។​ចំពោះ​ការអភិវឌ្ឍ​ធនធានមនុស្ស​វិញ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​មានប្រសាសន៍ថា​ជប៉ុន​យកចិត្តទុកដាក់​ជួយ​ទៅលើ​ការបណ្តុះ បណ្តាល​ធនធានមនុស្ស​នេះហើយ​ដែលជា​និច្ចកាល​ជប៉ុន​តែងតែ​ចូលរួម​ក្នុង​ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​ប្រទេស​កម្ពុជា ។ ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​នៅ​ទីក្រុង​ភ្នំពេញ​ជប៉ុន​បានផ្ដល់​ជំនួយ​មួយចំនួន​ដូចជា​កម្ចី​ហិរញ្ញប្បទាន​ជាពិសេស​គឺ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​ពាក់ព័ន្ធ​នឹង​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​និង​ប្រើប្រាស់​មជ្ឈមណ្ឌល​វប្បធម៌​ជប៉ុន​តាមរយៈ​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​គ្នា​។ ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ឲ្យ​ជួយ​លើ​វិស័យ​អគ្គិសនី​និង​ការស្នើ​ជួយ​ដល់​ការដោះមីន​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ឲ្យ​ភាគី​កម្ពុជា​ធ្វើការ​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ភ្នំពេញ​។

​ជា​ចុងក្រោយ​លោក​បាន​ស្វាគមន៍​កម្ពុជា​ដែល​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នៅ​ឆ្នាំ​២០២០​ខាងមុខ​ដែល​យើង​អាច​ពិភាក្សា​គ្នា លើ​បញ្ហា​ប្រធានបទ​មួយ​ចំនួន​សម្រាប់​រៀបចំ​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប​នៅពេលនោះ​។ លោក​បាន​គូសបញ្ជាក់ថា ​លោក​នឹង​បន្ត​ទទួល​យុវជន​វ័យក្មេង​កម្ពុជា​ឲ្យ​មក​សិក្សា​ដក​ពិសោធន៍​នៅ​ប្រទេស​ជប៉ុន​ផងដែរ​ហើយ​លោក​បាន​សូម​ឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​ការកែទម្រង់​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​ការពង្រឹង​ច្បាប់​។

​លោក​ក៏បាន​លើកឡើង​ផងដែរ​អំពី​បញ្ហា​ឧបទ្វីប​កូរ៉េ​ដែល​កូរ៉េខាងជើង​មានការ​បា​ញ់​កាំជ្រួច​ដែល​ចាត់ទុកជា​ការរំលោភ​សន្ធិសញ្ញា​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ហើយ​អ្វីដែល​សំខាន់​ជាងគេ​ទៀត​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​នូវ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ លោក​សង្ឃឹមថា​កម្ពុជា​នឹង​ចូល​រួម​ក្នុង​ការ​អនុវត្ត​នៅ​សេចក្តី​សម្រេច​របស់​ក្រុម ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ផងដែរ​។ ដូច្នេះ​លោក​ចង់​ឲ្យ​ជប៉ុន​និង​កម្ពុជា​មានការ​សហកា​រ​គ្នា​ដើម្បី​អនុវត្តន៍​លើ​បញ្ហា​ពាក់ព័ន្ធ​បញ្ហា​ឧបទ្វីប​កូរ៉េ​រួមទាំង​បញ្ហា​នៃ​ការចាប់​ជំរិត​ជនជាតិ​ជប៉ុន​ផងដែរ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​ក៏បាន​លើកឡើង​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយបាន​ស្នើ​ឲ្យ​សម្តេច ហ៊ុន សែន សហការ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ជំរុញ​ការ​តាក់តែង​នូវ​ក្រម COC ឲ្យបាន​ឆាប់។

ពាក់ព័ន្ធ​ការ​ស្នើ​របស់​សម្តេច​តេ​ជោ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ព័ត៌មាន​រវាង​ទាហាន​មួក​ខៀវ​នោះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ក៏បាន​ថ្លែង​គាំទ្រ​ការផ្លាស់ប្ដូរ​ព័ត៌មាន​របស់​ទាហាន​មួក​ខៀវ​នៃ​ប្រទេស​ទាំងពីរ​ដែល​កំពុង​ប្រតិបត្តិការ​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។ ពាក់ព័ន្ធ​រាល់​ការស្នើ​ពី​នាយករដ្ឋមន្ត្រី​ជប៉ុន​ខាងលើ​សម្តេច​ក៏​ឆ្លើយតប​ថា​នឹងចូលរួម​សហការ​ឲ្យ​បាន​ល្អ​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114