ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រើ​កាំបិតផ្គាក់​ដេញ​កាប់​​​ប្លន់​យក​ម៉ូតូ​បានសម្រេច ៦​ថ្ងៃក្រោយ​ប៉ូលិស​តាម​រក​ឃើញ​ចាប់​ខ្លួន​បាន​២​នាក់ រត់​គេច​ខ្លួន​៥​នាក់

ភ្នំពេញ ​៖​ បក្ខ​ពួក​ក្រុម​​​ចោរប្លន់​២​នាក់​ក្នុងចំណោម​៧​នាក់ ​ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ ស្រាវជ្រាវ​តាម​ចាប់ខ្លួនបាន​នៅវេលា​ម៉ោង​២២យប់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ប្រើ​កាំបិតផ្គាក់​ធ្វើ​សកម្មភាព​ដេញ​កាប់​អ្នកដំណើរ​ប្លន់​យក​ម៉ូតូ​បានសម្រេច​១​គ្រឿង​កាលពី​៦​ថ្ងៃមុន​នៅក្នុង​សង្កាត់​ឃ្មួញ។

អត្តសញ្ញាណ​ជនសង្ស័យ​ខាងលើ ដែល​ត្រូវបាន​ចាប់ខ្លួន ១.​ឈ្មោះ រស់ រដ្ឋា ហៅ​ថា ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​សែន​សុខ​៣ សង្កាត់​ឃ្មួញ​។ ២.​ឈ្មោះ​យូ រះ ហៅ​រះ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​សែន​សុខ​៧ សង្កាត់​ឃ្មួញ។

លោក​អនុសេនីយ៍ឯក ញាណ នន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួញ បាន​មាន​ប្រសាសន៍​ថា​ ​៖ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ ​​ត្រូវ​បាន​ចាប់ខ្លួន​តាម​បណ្តឹង​ចោទ​របស់​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ឡុង ស៊ី​ណាត ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​បណ្តឹង​សមត្ថកិច្ច​ថា គាត់​ត្រូវបាន​ចោរ​មួយក្រុម​ជិះ​ម៉ូតូ​កាន់​កាំបិតផ្គាក់​តាម​កាប់​គាត់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​បានសម្រេច​កាលពី​ម៉ោង​៤​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅមុខ​សាលា​រៀន​បឋមសិក្សា​ត្រពាំង​រាំង ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​ ខណៈដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់​ទៅធ្វើ​ការឆ្លងកាត់​តំបន់​នេះ បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ដ​ង​ខ្លួន​ដោយ​ស្នាម​កាំបិតផ្គាក់​ចំនួន​កន្លែង​លើ​ដងខ្លួន។

លោកនាយ​ប៉ុស្តិ៍​ឃ្មួញ បាន​ប្រាប់ថា ក្រោយពី​បាន​សួរនាំ​ជនរងគ្រោះ​ពី​ភិនភាគ​ក្រុម​ជនល្មើស​រួច កម្លាំង​នគរបាល​របស់លោក​ក៏បាន​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្ខពួក​នៃ​ក្រុម​ជនល្មើស​បាន​ចំនួន​២​នាក់ ឈ្មោះ រស់ រដ្ឋា និង​ឈ្មោះ យូ រះ នៅវេលា​ម៉ោង​២២​កន្លះ​យប់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​តាមផ្លូវ​ក្នុង​សហគមន៍ សែន​សុខ សង្កាត់​ឃ្មួញ ខណៈ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ឌុប​គ្នា។

មន្ត្រីប៉ូលិស​ខាងលើ​បាន​បញ្ជាក់ថា ក្រោយពី​នាំ​ពួកគេ​មក​សាកសួរ​ព័ត៌មាន​រួចមក​ ពួកគេ​បាន​សារភាពថា​ ៖ ពួកខ្លួន​ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​ប្លន់​ដោយ​ប្រើ​កាំបិត​ផ្គាក់​ នៅពេល​នោះដែរ ដែលមាន​គ្នា​ទាំងអស់​៧​នាក់ ម៉ូតូ​ចំនួន​៥​គ្រឿង ដោយ​មាន​មេ​ធំ​របស់​គេ​ជា​អ្នកដឹកនាំ​បញ្ជា​អោយធ្វើ​សកម្មភាព​ប្លន់​តាម​រូបភាព​នេះ​។​

ចំណែកឯ​ម៉ូតូ​ដែល​ប្លន់​បាន​នោះ​នៅ​មេ​របស់​ពួកគេ​ជា​អ្នកគ្រប់គ្រង​ដោយ​មិនដឹង​ថា លក់​ហើយ​ឬ​នៅ​នោះទេ​។ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​២​នាក់​នេះ បាន​ប្រាប់ថា កន្លងមក​ពួកគេ​មាន​បក្ខពួក​ទាំងអស់​១០​នាក់​ពេលចេញ​ធ្វើ​សកម្មភាព​ប្លន់​ម្តងៗ។

ប៉ូលិស​កំពុងតែ​បញ្ជូន​កម្លាំង​តាម​ស្វែងរក​បក្ខពួក​របស់គេ​ជិត​១០​នាក់​ទៀត​នោះ​ យកមក​ផ្តន្ទាទោស​ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​ដឹង​រឿង​នាំគ្នា​គេចខ្លួន ដែល​ពួកគេ​ទាំង​នោះ​មានឈ្មោះ ហុង ឈ្មោះ ហេង ឈ្មោះ ភា ឈ្មោះ ក្អិត ឈ្មោះ ធូ ឈ្មោះ ហ្គិ​ច​។​

តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​បញ្ជាក់ថា ឈ្មោះ ហេង ជា​អ្នកផ្តើមគំនិត​ដឹកនាំប្លន់ ហើយ​ឈ្មោះ ភា ជា​អ្នក​លើកយក​ម៉ូតូ​របស់​ជប​រងគ្រោះ​ជិះ​គេចខ្លួន​យកទៅ​បាត់​រហូត​ពេលនេះ។

ជនរងគ្រោះ ឈ្មោះ ឡុង ស៊ី​ណាត បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា ម៉ូតូ​របស់គាត់​ដែល​ត្រូវបាន​ចោរ​កាប់​ប្លន់​យកទៅ​នោះ ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាកលេខ​ខេត្តកណ្តាល 1W .0477 ដែលមាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន 9779635 ( សំអាង​ទៅលើ​ភស្តុតាង​កាត​គ្រី​ម៉ូតូ ដែល​បន្សល់ទុក)៕

ដោយ ៖ សឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114