ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រឿង​អលង្ការ​ជាច្រើន និង​ទឹកប្រាក់​រាប់​សិប​លាន​ ត្រូវ​លោក​ចោរ​ប្រមូល​ខ្ទេច

បាត់ដំបង ​៖ ​គ្រឿង​អលង្ការ ​ដែល​មាន​តម្លៃ​ជិត មួយ​ម៉ឺន​ដុល្លារ​ រួម​ជាមួយ​នឹង​សាច់ប្រាក់​ជាង​៣០ លាន​រៀល ​ត្រូវ​បាន​លោក​ចោរ​គាស់​ផ្ទះ​ទាំង​ថ្ងៃ ​ចូល​ប្រមូល​គ្មាន​សល់​ ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ​ហើយ​បិទ​ទ្វារផ្ទះ​ចោល។

ករណី​ចោរកម្ម ​ ឬ​ការ​គាស់​ទម្លុះទម្លាយ​នេះ​ បាន​កើត​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោង​៥ ល្ងាច​​ថ្ងៃ​ទី​១​ ខែ​មិថុនា​ ឆ្នាំ​២០១៩ ​នៅ​ចំណុច​ក្រុម​ទី​៣១ ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ​ដែល​ផ្ទះ​នេះ​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ជា កុសល ​ភេទ​ប្រុស ​អាយុ​៣១ ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ​មាន​ទីលំនៅ ​នៅ​ចំណុច​កើតហេតុ​ខាងលើ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​គាស់​ទ្វារ​ដើម្បី​ចូល​ប្រមូល​ទ្រព្យសម្បត្តិ​នេះ ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ដោយ​ជន​មិន​ស្គាល់មុខ​បាន​ចូល​លួច​យក​គ្រឿងអលង្ការ និង​លុយកាក់​ជាច្រើន ព្រមទាំង​បានគេច​ខ្លួន​ទៅ​យ៉ាង​ស្ងៀមស្ងាត់ ហាក់​មិន​រំខាន​ដល់​នរណា​ម្នាក់។

ទ្រព្យសម្បត្តិ​ ដែល​បាត់បង់​រួម​មាន​១. ប្រាក់​រៀល​៣០.០០០.០០០. រៀល ២. ប្រាក់​ដុល្លារ ១០០ ដុល្លារ​ ៣. ខ្សែក (​ប្លាទីន​) ១ ខ្សែ តម្លៃ ៥៦០ ដុល្លារ ៤.​បន្តោង (​ប្លាទីន​) ដាំ​ត្បូង​ពេជ្រ ចំនួន​១​តម្លៃ ១.២០០ ដុល្លារ ៥. ​​ចិញ្ចៀន (​ប្លាទីន​) ដាំ​ត្បូង​ពេជ្រ​ចំនួន​១​វង់​តម្លៃ​៦០០​ដុល្លារ ៦. ខ្សែដៃ (​ប្លា​ទីន​) ១ ខ្សែ តម្លៃ ៨៥០ ដុល្លារ និង ៧. ខ្សែក (​មាស​) ១ ខ្សែ តម្លៃ ២.៧០០ ដុល្លារ។

បច្ចុប្បន្ន​គេ​​សង្កេត​ឃើញថា កម្លាំង​សមត្ថកិច្ច​ទាំងពីរ​អង្គភាព កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម​ផងដែរ ជុំវិញ​ករណី​ចោរកម្ម​នេះ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​ប្រភព​ជាច្រើន​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ដែរ ទៅលើ​ស្ថាប័ន​មាន​សមត្ថកិច្ច ដោយសារតែ​ជន​មិន​ស្គាល់មុខ​បានធ្វើ សកម្មភាព​ទាំង​កណ្តាល​ថ្ងៃ​ចែស៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114