ព័ត៍មានទាន់​ហេតុការណ៏
Search

លួច​យក​ម៉ូតូ​គេ​ ជិះ​គេចខ្លួន​បាន​បន្តិច ​ត្រូវ​ជាប់អន្ទាក់​របស់​សមត្ថកិច្ច​

ភ្នំពេញ​ ៖​ ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យជំនះ​ធ្វើការ​ឃាត់​ខ្លួន​ ខណៈ​ដែល​ឮសូរ​សម្រែក​ថា​ ចោរ​ៗ ដែល​ជនរងគ្រោះ​ស្រែក​ពេល​ឃើញ​ជនសង្ស័យ​លួច​ម៉ូតូ​របស់​ខ្លួន។

ហេតុការណ៍​ឃាត់​ខ្លួន​ជន​សង្ស័យ​នោះ ​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ​១៥​រោច ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹង​ថ្ងៃទី​០២ ​ខែ​មិថុនា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១​និង​៣០​នាទី ​ ​នៅ​ចំណុច​មុខ​ព្រះបរមរាជវាំង​ផ្លូវ​លេខ​២១៤​ភូមិ​១ សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ ​ដែល​ឃាត់​ខ្លួន​ ឈ្មោះ​ សុខ សំរិទ្ធ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ជនជាតិ​ខ្មែរ ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​ រីឯ​វត្ថុតាង​ចាប់យក​មាន​ម៉ូតូ​មួយគ្រឿង​ ម៉ាក​HONDA C125​ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM 7594(​ជា​របស់​ជនរងគ្រោះ​)​។​

ជនរងគ្រោះ​ឈ្មោះ​គុណ លឹម​ពៅ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មន្ត្រី​រាជការ​ ស្នាក់​នៅ​ផ្ទះ​លេខ​៧៧ ​ផ្លូវលំ​ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា​ សកម្មភាព​ នៃ​រឿងហេតុ​នោះ​ គឺ​មុខ​ពេល​កើតហេតុ​ថ្ងៃទី​០២​ ខែ​មិថុនា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​HONDA C125 ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM7594ចេញពីផ្ទះ​មក​ជួយ​លក់​ប្រហិត​ចៀន​ប្រពន្ធ​នៅមុខ​ព្រះបរមរាជវាំង ពេល​មក​ដល់​ជនរងគ្រោះ​បាន​យក​ម៉ូតូ​ជិះ​ចូល​ក្នុង​បា​រ៉ា​ស់​ការពារ​ផ្លូវ​លេខ​២១៤ ហើយ​ឈប់​ម៉ូតូ​អែប​ចិញ្ចើម​ផ្លូវ​ចត​ទុក រួច​ដើរទៅ​ជួយ​លក់​ប្រពន្ធ​នៅក្បែរនោះ។​ លុះដល់​ម៉ោង​២១​និង​៣០​នាទី ​ជនរង​គ្រោះ​បាន​ងាក​មក​មើល​ម៉ូតូ ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ ឈ្មោះ​សុខ សំរិទ្ធ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​បាន​លួច​យក​ម៉ូតូ​ឡើង​ជិះ​ចេញទៅ​តាម​ផ្លូវ​សុធារស​ទៅ​ទិស​ខាងត្បូង​ជនរងគ្រោះ​ ក៏​ស្រែក​ឆោឡោ​រត់​ដេញ​តាម​ពីក្រោយ​មកដល់​ចំណុច​កែង​ផ្លូវ​លេខ​២៤០ ក៏​ត្រូវ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ដែល​កំពុង​ល្បាត​ឃើញ​ក៏​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួម​ជា​មួយ​វត្ថុតាង​ម៉ូតូ​០១​គ្រឿង​ម៉ាក​HONDA C125​ ពណ៌​សំបក​ឪឡឹក​ស្លាក​លេខ​ភ្នំពេញ​1 AM7594​ ដែល​ជា​របស់​ជនរងគ្រោះ​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យជំនះ​ធ្វើការ​សាកសួរ​។​

ចំពោះ​មុខ​កម្លាំង​ប៉ុស្តិ៍​ និង​ខណ្ឌ​ កំពុង​ប្រើ​វិធាន​ការ​ជំនាញ​សួរ​ចម្លើយ​រក​បក្ខពួក​ធ្វើ​សកម្មភាព ​ដែល​បាន​ប្រព្រឹត្ត​កន្លងមក​ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕

ដោយ ៖ ​រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114