ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះ​ឃើញ​បុរស​ ជនជាតិ​កាណាដា​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល

ភ្នំពេញ ​៖​ បុរស​ជនជាតិ​កាណាដា​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃអាទិត្យ​១៥​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី​ នៅ​ចំណុច​ ផ្ទះ​លេខ​៤៣E1​ ផ្លូវ​លេខ​១៧២​ ក្រុម​ទី​១៩ ភូមិ​៥ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​សព ឈ្មោះ​STRACHAN JASON ALAN LOCKHART ជនជាតិ​កាណាដា​(CANADA) ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ​មុខរបរ ​ទេសចរណ៍​ កាន់​លិខិតឆ្លងដែន​លេខ​HG155830 ស្នាក់នៅ​កន្លែង​កើតហេតុ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹង​ថា ​ជា​រៀងរាល់ថ្ងៃ​ គេ​ឃើញ​បុរស​ ជនជាតិ​កាណាដា​រូប​នោះ ​តែងតែ​ចេញចូល​ផ្ទះ​ជួល​របស់​គាត់​ជា​រៀងរាល់ថ្ងៃ ​ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​នេះ ​ដោយសារ​តែ​មិន​ឃើញ​គាត់​ចេញចូល​ដូច​សព្វ​ដងនោះ ក៏​គេ​អើតមើល​នៅ​ក្នុង​បន្ទប់​របស់​គាត់​ ​តែ​ឃើញ​គាត់​ដេក​ស្លាប់​បាត់​ទៅ​ហើយ។

សមត្ថកិច្ច​បាន​អោយ​ដឹង​ទៀត​ថា​ ក្រោយពី​សភាពការណ៍ ​កើតឡើង​ កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់ ​​គ្រប់គ្រង​កន្លែង​កើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ និង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ និង​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បង្កើត​ គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​ ពិនិត្យ​សព​ ជា​លទ្ធផល​តាម​ការពិនិត្យ​ការិយាល័យ ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់ សព​ស្លាប់​ដោយសារ​គាំងបេះដូង (​អាច​បណ្ដា​យមក​ពី​ជំងឺលើសឈាម)។ ចំណែក​សម្ភារៈ​សព​រួមមាន​លិខិតឆ្លងដែន​ចំនួន​០២​ក្បាល (លិខិតឆ្លងដែន​សញ្ជាតិ​កាណាដា​លេខ​HG155830, ​​សញ្ជាតិ​អៀរឡង់​លេខ​515525023​ ​) , ទូរស័ព្ទ​ដៃ​សាំ​ស៊ុ​ង​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង, ​ ​នា​ឡិកា​ដៃ​ចំនួន​០១​គ្រឿង​, កាត​ធនាគារ​(ATM) ចំនួន​០៣​សន្លឹក , ​​អត្តសញ្ញាណប័ណ្ណ​០១​សន្លឹក, laptop​ ០១​គ្រឿង​ , វ៉ាលិស ​និង​ខោអាវ​មួយ​ចំនួន​ បាន​ប្រគល់​អោយ​ការិយាល័យ​អន្តោប្រវេសន៍​ជា​អ្នកគ្រប់គ្រង។

ក្រោយពី ពិនិត្យ​រួច​ខាង​ជំនាញ​បច្ចេកទេស បាន​ដឹក​សាកសព​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114