ព័ត៍មានទាន់​ហេតុការណ៏
Search

ចូលរួម​ទាំងអស់គ្នា ទប់ស្កាត់​កុំឲ្យ​​មាន​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិក នៅ​ប្រទេស​យើង​

ត្បូងឃ្មុំ​ ៖​ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ចាត់វិធានការ​ក្តៅ ដល់​អាជីវករ​លក់​សាច់ជ្រូក ការធ្វើ​ចរាចរ​ជ្រូក​វៀតណាម ត្រូវ​ពិន័យ​ពី​១០​លាន​រៀល ទៅ​១៥​លាន បន្ទាប់ពី​បាន​ជូនដំណឹង និង​ប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​ក្រសួងកសិកម្ម ស្ដីពី​វិធានការ​បន្ទាន់​ក្នុង​ការ​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​ប៉េ​ស​ជ្រូក​អា​ហ្វ្រិក ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ក្នុងស្រុក​តំបែរ នា​រសៀល​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាស្រុក​តំបែរ។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ថ្លែងថា ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​រស់ និង​ផលិតផល​ជ្រូក​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​ឆ្លងកាត់​តាម​ច្រក​ព្រំដែន ក្នុង​ខេត្ត​របស់​យើង ដោយមាន​ការសហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ស្រុក ពិសេស​សមត្ថកិច្ច​ច្រកចេញ​-​ចូល តាម​ព្រំដែន។ ត្រូវ​បន្ត​ការអនុវត្ត​វិធាន​ជីវ​សុវត្ថិភាព​ឲ្យ​បាន​ហ្មត់ចត់​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ទីកន្លែង​ចិញ្ចឹម​ជ្រូក កន្លែង​ប្រមូលផ្ដុំ​ជ្រូក និង​សត្តឃាតដ្ឋាន ព្រមទាំង​បង្កើន​ការតាមដាន ឃ្លាំមើល និង​ត្រួតពិនិត្យ​ជាប្រចាំ​លើ​សុខភាព​ជ្រូក និង​ចាត់​វិធានការ​ឲ្យ​ទាន់ពេលវេលា ប្រសិនបើ​មាន​ការ​សង្ស័យ​វត្តមាន ​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​ពី​អាហ្វ្រិក។​

លោក​ប្រធាន​បាន​ថ្លែង​ជំរុញឲ្យ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ទាំងអស់ ​ត្រូវ​សហការ​ផ្តល់ព័ត៌មាន​ដល់​កម្លាំង​ជំនាញ​របស់​មន្ទីរ​ ដើម្បី​កុំឲ្យ​មានការ​ចរាចរ​ជ្រូក​វៀតណាម និង​ត្រូវ​ចែក​សារាចរ​ណែនាំ ស្ដីពី វិធានការ​បន្ទាន់​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នេះ ដល់​កន្លែង​អាជីវកម្ម​ជ្រូក​ទាំងអស់ ក្នុងករណី​មិន​អនុវត្ត​តាម​សារាចរ ណែនាំ បើ​ចាប់​បាន​ពិន័យ​ពី ១០ ទៅ​១៥​លាន​រៀល ជា​ធរមាន។​

លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្ត​ក៏បាន​មានប្រសាសន៍​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​៣​ខែ​មក​ហើយ ដែល​កម្លាំង​ជំនាញ​បាន​បង្ក្រាប​ជ្រូក​នាំចូល​ពី​ប្រទេស​វៀតណាម​ជាង ៥០០​ក្បាល​រួចមកហើយ ព្រោះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក សាហាវ​ណាស់​ បើ​កើត​ហើយ មិនអាច​មើល​ជា​ទេ បើ​កើត​នៅ​កសិដ្ឋាន​ចិញ្ចឹម​ណា​ហើយ ក្នុង​រង្វង់​១០​គីឡូម៉ែត្រ​ត្រូវ​កម្ទេច​ចោល​ទាំងអស់ កាលពី​៣​ខែ​មុន​វា​កើត​នៅ​ប្រទេស​វៀតណាម​ចម្ងាយ​ពី​ប្រទេស​យើង​រហូតដល់​១​ពាន់​គីឡូម៉ែត្រ ឥលូវ​កៀក​ហើយ នៅសល់​ប្រហែល​១​រយ​គីឡូម៉ែត្រ​ នឹង​មកដល់​ប្រទេស​យើង ដូច្នេះ​យើង​ត្រូវ​សហការគ្នា​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ធ្វើ​ចរាចរ​ជ្រូក​ពី​វៀតណាម​ចូល​មក​កម្ពុជា​យើង។

លោក​ប្រធានការិយាល័យ​បាន​មានប្រសាសន៍​បន្តទៀតថា យើង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព​ដល់​ប្រជាពលរដ្ឋ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អ្នក​ចិញ្ចឹម​ជ្រូក​គ្រប់​កម្រិត​ឲ្យ​មាន​ការ​យល់ដឹង​អំពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ជំងឺឆ្លង​សត្វ​ផ្សេងទៀត ជំរុញ​ការអនុវត្ត​ជីវ​សុវត្ថិភាពឲ្យ​បាន​ត្រឹមត្រូវ និង​ជំរុញ​ការ​ចិញ្ចឹម​ជ្រូក​ដាក់​ទ្រុង និង​មាន​ជីវ​សុវត្ថិភាព​ខ្ពស់ ព្រមទាំង​មានការ​ណែនាំ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ឲ្យ​ជៀសវាង​ការប្រើប្រាស់​កាកសំណល់​អាហារ ឬ​កាកសំណល់​ដែល​មាន​សាច់ជ្រូក​ពុំបាន​ចម្អិន​ល្អជា​ចំណី​ផ្តល់​ឲ្យ​ជ្រូក។ បន្ត​ការផ្សព្វផ្សាយ​ដល់​ប្រជាជន អ្នក​ចិញ្ចឹម​ជ្រូក​ឲ្យ​បាន​ជ្រួត​ជ្រាប​ពី​ផលប៉ះពាល់ និង​ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​លើ​ផលិតកម្ម​ជ្រូក ដែល​បណ្តាលមកពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ៕ ​

ដោយ ៖ សាន វិ​ឡែ​ម ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114