ព័ត៍មានទាន់​ហេតុការណ៏
Search

ភាព​រាំងស្ងួត​ នៃ​គ្រោះធម្មជាតិ បាន​ធ្វើ​ឲ្យ​ដំណាំ​ពោតក្រហម​របស់​ប្រជាកសិករ​ជាង​៨០០​ហិកតា នៅ​ខេត្ត​ប៉ៃលិន រង​ការខូចខាត​

​ប៉ៃលិន ​៖​ ដំណាំ​ពោតក្រហម របស់​ប្រជាកសិករ​ទូទាំង​ខេត្ត​ប៉ៃលិន កំពុង​ស្វិត​ស្រពោន និង​ងាប់​ជា​បណ្តើរៗ​ហើយ ខណៈ​ភាព​រាំងស្ងួត​ នៃ​គ្រោះធម្មជាតិ បានអូសបន្លាយ​ជាច្រើន​ខែ ជាហេតុ​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​បង្ខំចិត្ត​ភ្ជួរ​ដំណាំ​ពោត​ដែល​ខូច​ចោល ដើម្បី​រង់ចាំ​ទឹកភ្លៀង ​និង​ដាំ​បន្ត​ទៀត។

ប្រជាកសិករ​ម្នាក់​ឈ្មោះ គីម សែន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣​មិថុនា នេះ​ថា​ ៖ គាត់​មាន​ដី​ចំនួន​៥​ហិកតា ដោយ​ដាំ​ពោត​ក្រហម​ចំនួន​៣​ហិកតា និង​មាន​ដាំ​ដំ​ឡូង​មី​មួយ​ចំនួន​ផង​ដែរ នៅ​រដូវ​នេះ​ពោតក្រហម​របស់​គាត់ បាន​ខូច​ទាំងអស់ ដោយសារតែ​គ្រោះរាំងស្ងួត មិនមាន​ភ្លៀង ហើយ​អ្នកភូមិ​របស់​គាត់​ក៏​មិន​ខុស​ពី​គាត់​ប៉ុន្មាន​ដែរ សុទ្ធ​តែ​ខូច​ដូច​តែ​គ្នា។

គាត់​ក៏បាន​បញ្ជាក់ដែរថា ពេលនេះ រូបគាត់​បាន​ភ្ជួរ​ពោតក្រហម ដែល​ខូច​ទាំងអស់​ចោល​ហើយ ព្រម​ទាំង​ដាស់ដី​សាជាថ្មី ទុក​សម្រាប់​ដល់ពេល​ភ្លៀង​ និង​ដាក់​ដាំ​បន្ត​ទៀត ដោយ​មិន​រាថយ​ឡើយ ហើយ​គាត់​សង្ឃឹមថា​តម្លៃ​ពោតក្រហម នៅ​ឆ្នាំនេះ​ពិតជា​មានតម្លៃ​ថ្លៃ​ផង​ដែរ។ ចំណែក​កសិករ​ម្នាក់​ឈ្មោះ សុខ វ៉េ​ន អាយុ​៥០​ឆ្នាំ រស់នៅ​ក្រុងប៉ៃលិន បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ គាត់​បាន​ដាំ​ពោត​ក្រហម​ចំនួន​៦​ហិកតា នៅ​ក្នុង​ដីចម្ការ​១​កន្លែង ស្ថិតនៅ​ចំណុច​របរ​ថ្មី ក្នុង​ភូមិ​បរ​តាំង​ស៊ូ ដោយ​ដំណាំ​នេះ​កំពុងតែ​ដុះ​លូតលាស់​យ៉ាង​ល្អ រហូតដល់​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​ទៅ​ហើយ ស្រាប់តែ​មេឃ​រាំង​ភ្លៀង​រយៈពេល​យូរ បណ្ដាលឲ្យ​ក្លាយទៅជា​ស្វិត​ស្រពោន និង​ងាប់​ជា​បណ្តើរៗ​ពេញ​ផ្ទៃ​ចម្ការ​ទាំងអស់។

លោក​បាន​បន្តទៀតថា​ មើលទៅ​គ្មាន​សង្ឃឹម​អ្វី​សូម្បីតែ​បន្តិច​នោះ​ឡើយ បើទោះបីជា​នៅ​ថ្ងៃ​ខាងមុខ​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ គឺ​ហួសពេល​បាត់ទៅហើយ។

លោក​ក៏បាន​បញ្ជាក់ដែរថា​ ឆ្នាំនេះ​ខាត​អស់​ច្រើន ព្រោះ​លោក​បាន​ចងការ​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​យក​ទៅ​ទិញ​គ្រាប់ពោត ទិញ​ជី និង​ទិញ​ថ្នាំ​បាញ់​ស្មៅ ថ្នាំ​ប៉ូវ​ដើម​ថែមទៀត ព្រោះ​សង្ឃឹមថា ក្រោយ​ប្រមូល​ផល​លក់​បាន នឹង​យកប្រាក់​ទៅ​សងបំណុល​គេ តែ​បែរជា​ជួប​គ្រោះ​រាំងស្ងួត​ដ៏​យូរ​បែបនេះ​ទៅ​វិញ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​០៣​មិថុនា​នេះ​ថា ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​កសិកម្ម​ចំនួន​៧​ម៉ឺន​ហិកតា ក្នុងនោះ​ប្រជាកសិករ​មួយ​ចំនួន​បាន​ប្រកប​របរ​ដាំ​ពោត​ក្រហម ប៉ុន្តែ​ជា​អកុសល នៅ​ឆ្នាំនេះ​ដំណាំ​ពោតក្រហម របស់​កសិករ ជួប​គ្រោះ​រាំងស្ងួត អស់​រយៈ​ពេល​យ៉ាង​យូរ បណ្ដាលឲ្យ​ដំណាំ​ពោត​ស្វិត និង​ងាប់​ស្ទើរ​ទូទាំង​ខេត្ត ដោយ​សរុប​រហូតមក​ដល់ពេល​ចំនួន​៨៣០​ហិកតា​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា មិនថាតែ​ដំណាំ​ពោតក្រហម​ប៉ុណ្ណោះ​ទេ ដែល​រង​ការ​ខូច សូម្បីតែ​ដំឡូង​មី​ក៏​មានការ​ខូច​ខ្លះ​ដែរ ជាមួយគ្នានេះដែរ​ លោក​ប្រធាន​ក៏បាន​សំណូមពរ​ឲ្យ​ប្រជាកសិករ​មួយ​ចំនួន ដែល​មាន​ពូជ​រៀបចំ​ទុកដាក់​ហើយ សូម​កុំ​ទាន់​អាល​ដាំ​អី ចំ​ដល់​រដូវ​ធ្លាក់​ភ្លៀង ចំ​យើង​ដាំ​ទាំង​អស់​គ្នា ហើយ​បើតាម​ការ​ប៉ាន់ស្មាន គឺ​ដំណាំ​ពោត អាច​ងាប់​រហូតដល់​ជាង​១០០០​ហិកតា បើសិនជា​មិន​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ ចំពោះ​ដំណាំ​ពោត ដែល​នៅ​សេសសល់ ក៏​មិនសូវ​បង្កើន​ផល​ច្រើន​ដែរ​ព្រោះ​ខ្វះ​ទឹក​ផង​ដែរ៕​

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114