ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ឌី វិ​ជ្ចា អញ្ជើញ​ធ្វើ​បទ​បង្ហាញ​លើក​ទី​២​ស្តីពី “​សញ្ញាណ​ទូទៅ និង​ការស៊ើបអង្កេត បទល្មើស​សម្អាត​ប្រាក់​

ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដឹកនាំ​កម្មវិធី​ធ្វើ​បទ​បង្ហាញ​លើក​ទី​២​ស្តីពី “​សញ្ញាណ​ទូទៅ និង​ការស៊ើបអង្កេត បទល្មើស​សម្អាត​ប្រាក់​” នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ។ កម្មវិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ២៥​រាជធានី​-​ខេត្ត​។​

ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​មានប្រសាសន៍ថា បទល្មើស​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត ជា​សញ្ញាណ​ថ្មី​មួយ​សម្រាប់​នគរបាល​ក​ម្ពុ​ជា ដែល​មិនទាន់មាន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​នៅមាន​ការភ័ន្តច្រឡំ​អំពី​ចរិតលក្ខណៈ នៃ​បទល្មើស​នេះ​នៅឡើយ​។ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នេះ និង​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការបង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ក្នុង​ប្រតិបត្តិការ​ស៊ើបអង្កេត​ប​ទ​ល្មើស​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ទើប​ក្រុម AML/CFT នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានរៀបចំ​ធ្វើ​បទ​បង្ហាញ​លើក​ទី​២ ស្តីពី “​សញ្ញាណ​ទូទៅ និង​ការស៊ើបអង្កេត បទល្មើស​សម្អាត​ប្រាក់​” ជូន​លោក​-​លោកស្រី​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​សកម្មភាព​សម្អាត​ប្រាក់ និង​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០៣៤ របស់​ក្រសួងមហាផ្ទៃ ស្ដីពី​ការបង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ ក្រុ ម AML/CFT នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានរៀបចំ​ធ្វើ​បទ​បង្ហាញ​លើក​ទី​១ ស្តីពី “​សញ្ញាណ​ទូទៅ និង​ការស៊ើបអង្កេត បទល្មើស​សម្អាត​ប្រាក់​” ម្តង​រួចមកហើយ ដែលមាន​ការចូលរួម​ពី​មន្ត្រីនគរបាល​ចំនួន ១១០​នាក់ មកពី មន្ទីរ​ប្រឆាំង​គ្រឿងញៀន ២០​នាក់ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ១៥​នាក់ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ១៥​នាក់ នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ១៥​នាក់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ១០​នាក់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ១៥​នាក់ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ១០​នាក់ និង​នាយដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ១០​នាក់​៕​

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114