ព័ត៍មានទាន់​ហេតុការណ៏
Search

ដល់ ក ពេក ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ហៅ សម រង្ស៊ី ថា “​អា​ឆ្កែ​” ជា​កូន​អា​ក្បត់ជាតិ​

​ភ្នំពេញ​ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានប្រកាសថា​ចាប់ពី​ថ្ងៃនេះ​ទៅ​សម្តេច​នឹង​ហៅ សម រ​ង្ស៉ី ថា «​អា​ឆ្កែ​» កូន​អា​ក្បត់ជាតិ ។ សម្តេច​បានចាត់ទុក សម រង្ស៊ី ជាម​នុស្ស​រមិលគុណ អាក្រក់​ខ្លាំង​បំផុត។

ការប្រកាស​បែបនេះ​ បានធ្វើ​ឡើង​បន្ទាប់ពី សម រង្ស៊ី បាន​ញុះញង់​ជាថ្មីទៀត ដោយ​ប្រឌិត​រឿង​ញុះញង់​ថា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ដែលជា​ដន្លង​របស់​សម្តេច ព្រមទាំង​អះអាងថា កូនច្បង​របស់លោក ហុក ឡង់ឌី ដែលជា​កូនប្រសា​​របស់​សម្តេច កំពុង​រក​វិធី​សងសឹក​ជាមួយ​សម្តេច​តាមរយៈ​ការសហការ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា អ្វីដែល​សម្តេច​បានប្រកាស​ធ្វើសង្គ្រាម​ជាមួយ​សមរ​ង្ស៉ី នៅ​ទីក្រុង​តូ​ក្យូ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ជា​ចេតនា​នឹង​និយាយ​មិនមែន​បាច់​ការ​កុងត្រូល​ខ្លួនឯង​ទេ សូម​កុំ​ច្រឡំ​ឲ្យ​សោះ​រឿង ហ៊ុន សែន​គ្មាន​ពេល​បាត់​ការ​កុងត្រូល​ខ្លួនឯង​នោះទេ សម្តេច​ផ្តល់​សារ​ទៅដោយ​ភាពច្បាស់លាស់។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា ​៖«​ពាក្យ​ប្រកាសថា​ចាប់ ហ៊ុន សែន មានន័យថា​ម៉េច មានន័យ​ស្មើនឹង​ប្រកាសសង្គ្រាម​អញ្ចឹង​បាន​ខ្ញុំ​ថា អា​ឆ្កែ​១​ក្បាល​នេះ ខ្ញុំកំដរ​ដល់ទី​បញ្ចប់​សូម​អញ្ជើញ​មក​ចុះ​គេ​បានធ្វើ​ចលនា​ឱ្យ​កងទ័ព​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ ហ៊ុន សែន​…​ហ៊ុន សែន ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី តើ​ការចាប់​នេះ​មានតម្លៃ​ស្មើ​អ្វី គឺ​ស្មើនឹង​រដ្ឋប្រហារ ស្មើ​ការប្រកាស​ធ្វើសង្គ្រាម​»​។​

សម្តេច​តេ​ជោ​បន្តថា ​៖ «​ឥឡូវ​ចេញមក វា​ឱ្យ​កូន​ខ្ញុំ​មក​សងសឹក​ខ្ញុំ​ទៅទៀត អា​ឆ្កែ​១​ក្បាល​នេះ ប៉ុន្តែ​អា​ឆ្កែ​១​ក្បាល​នេះ កាលពីមុន​ស្រួល​ប្រើ​មែនទែន ប្រើ​វា​ឱ្យជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក​ត្រឹម ៥០+១ ប៉ុន្តែ​អា​ឆ្កែ​១​ក្បាល​នេះ​ក្បត់​ម្ចាស់​រហូត ដូច​ឪ​វា​អញ្ចឹង ហ្អែ​ង​ឈ្លើយ​ម្ល៉េះ ហើយ​បាន​វិទ្យុ​មួយ​ទេ​គ្រាន់​សម្ភាសន៍ អញ​ប្រើ​ហ្អែ​ង ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ អញ​ហៅ​ហ្អែ​ង​តែ​អា​ឆ្កែ​ទេ អា​ឆ្កែ​កូន​អា​ក្បត់ជាតិ ហ្អែ​ង​ចេះ​ជេរ​អញ អញ​ក៏​ចេះ​ជេរ​ហ្អែ​ង​ដែរ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ឲ្យ​ដឹង​ទៀតថា ៖ មាន​ម្នាក់​មកពី​បក្សនយោបាយ​ផ្សេង​បាន​វាយ​មក​សួរថា មាន​យន្តហោះ​មួ​យមក​ក្រឡឹង​មកលើ​កម្ពុជា រួចហើយ​គេ​ចុះចត ហើយ​គេ​ឡើង​ត្រឡប់​ទៅវិញ​អញ្ចឹ​ង តើ​សម្តេច​យល់​យ៉ាងម៉េច​? ខ្ញុំ​មិនបាន​ឆ្លើយតប​យ៉ាងណាទេ ប៉ុន្តែ​ខ្ញុំ​បានដាក់​សំណួរ​ថា តើ​អា​ឆ្កែ​ម្នាក់នេះ​វា​មាន​យន្តហោះ​ខ្លួន​វា​សម្រាប់​ហោះ​លើ​ដែនអាកាស​កម្ពុជា​មែន​ទេ ? បើ​មាន​យន្តហោះ​បរទេស ហើយ​អា​ឆ្កែ​ម្នាក់នេះ​ជិះ​លើ​យន្តហោះ​បរទេស​នេះហើយ​មក​ហោះ​លើ​ដែនអាកាស​កម្ពុជា​ដោយ​មិន​សុំច្បាប់ តើ​អាចធ្វើ​ទៅរួច​ទេ ? តើ​កងកម្លាំង​អាកាស​កម្ពុ​ជាមាន​ដែន​សមត្ថភាព​បាញ់​យន្ត​ហោះ​ដែល​ហោះ​លើ​ដែនអាកាស​កម្ពុជា​មិន​សុំច្បាប់​ទេ ? ។​

​សម្តេច​បន្តថា ឲ្យ​តែ​សម រង្ស៊ី ចូលមក​ដែនអាកាស​កម្ពុជា​ភ្លាម​គឺ​បានដៃ​កម្ពុជា​ហើយ ព្រោះ​យន្តហោះ​​ត្រូវ​មក​ចុះ​នៅ​ព្រលាន​ណាមួយ​ត្រូវបាន​ត្រួតពិនិត្យ។ អ្នកខ្លះ​ថា មាន​បរទេស​ជូន សម រង្ស៊ី មក បាន​តើ តែ​មិន​វៃ​ខ្នោះ​បរទេស​គឺ​វៃ​ខ្នោះ​តែ​អ្នក​ត្រូវបាន​តុលាការ​ចាប់ខ្លួន​គឺ​វៃ​ខ្នោះ​អា​ឆ្កែ​មួយ​ក្បាល​នឹង។ ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ​ក៏បាន​លើកឡើងថា បើ សម រង្ស៊ី ប្រុង​មក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្តេច​ស្វាគមន៍​ជានិច្ច ហើយ​សម្តេច​រង់ចាំ​ជានិច្ច​រង់ចាំ​រហូត។ អញ្ចឹង បើ​អា​ឆ្កែ​មួយ​ក្បាល​នេះ​មិនទាន់​ទៅណា សម្តេច​នៅតែ​នៅ​រហូត​មិន​ថា ឆ្នាំ​២០២៨ សូម្បី​ដល់​ឆ្នាំ​២០៣៥ ក៏​កំដរ​លេង​ជាមួយ​អា​ឆ្កែ​មួយ​នេះដែរ​។​

​សម្តេច​បានបញ្ជាក់​ទៀតថា​៖ «​អ្វីដែល​ធ្ងន់ធ្ងរ គឺ​ឧបនាយករដ្ឋមន្ត្រី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយ​ក​រដ្ឋមន្ត្រី​វា​ធ្ងន់ធ្ងរ​ពេក ហើយ​គឺ​ប្រទេស​នេះ​មាន​សង្គ្រាម បានន័យថា​ម៉េច សម្តេច​ក្រឡាហោម​គាត់​ល្ងង់​ខ្លាំងណាស់​ទៅ​អី​? ពេល​ខ្ញុំព្រះករុណាខ្ញុំ​ទៅ​បាត់ទៅ សម្តេច​ក្រឡាហោម​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​បាត់ទៅហើយ ហ្នឹងហើយ​នៅក្នុង​គណបក្ស​ប្រជាជន​គ្មាន​ទម្លាក់​គ្មាន​ឈ្លោះ​គ្នា​ដណ្តើម​អំណាច​ទេ​»​។​

​សូម​រំលឹកថា សម រង្ស៊ី បានប្រកាស​ជាច្រើនលើក​ច្រើនសា​ថា នឹង​វិល​ចូល​ស្រុក​វិញ​ហើយ​កាលពីពេល​ថ្មីៗ​នេះ សម រង្ស៊ី ថា នឹង​មក​ស្រុក​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ដោយ​មកជា​មួយ​ពលករ​កូរ៉េ ថៃ ដើម្បី​មក​ចាប់​សម្តេច​តេ​ជោ ហ៊ុន សែន​ទៀតផង៕

ដោយ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114