ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ប្រកាស​ឲ្យ​សមាជិក​បក្ស និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស យក​ថ្ងៃ​៩​មិថុនា ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា មិនមែន​ចេះ​ស៊ី​តែ​ពួក​ប្រឆាំង​នោះទេ

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដាក់​បទ​បញ្ជា​ឲ្យ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​យក​ថ្ងៃទី​៩ ខែមិថុនា​ខាងមុខនេះ​ធ្វើ​កម្មវិធី​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា​។ ការ​ស្នើ​របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ធ្វើឡើង​ជាការ​ឆ្លើយតប​ទៅ​នឹង​ក្រុមប្រឆាំង​ដែល​បានប្រកាស​ឲ្យ​អ្នកគាំទ្រ​ខ្លួន​យក​ថ្ងៃទី៩ ខែមិថុនា ធ្វើ​ទិវា​៩​មិថុនា ហូប​នំ​បញ្ចុក។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានលើកឡើង​ថា ការហូប​នំ​បញ្ចុក​មិនអាច​ក្លាយទៅជា​ការ​បំបែកបំបាក់​ជាតិ​នោះទេ​ ហើយ​សម្ដេច​ក៏បាន​ណែនាំ​ដល់​សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា​ឆ្នាំ​២០១៩​ខាងមុខនេះ​។

ជាមួយ​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​នាំគ្នា «​បរិភោគ​នំ​បញ្ចុក​»​ទាំងអស់គ្នា​។

​ជា​មួយ​គ្នា​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្ដែង​នូវ​ការងឿងឆ្ងល់​ផងដែរ​ចំពោះ​ក្រុម​អតីត​បក្សប្រឆាំង​ដែល​យក​រឿង​នំ​បញ្ចុក​មក​ធ្វើជា​រឿង​នយោបាយ​ទៅវិញ​រហូតដល់​បង្កើត​ជា​កម្មវិធី​ហូប​នំ​បញ្ចុក ហើយ​អ្នក​ដែល​ទទួលទាន​នំ​បញ្ចុក​ជា​អ្នកស្នេហាជាតិ​និង​គាំទ្រ​គណបក្សប្រឆាំង​ដែល​ស្លាប់​ទៅហើយនោះ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​រឿង​នំ​បញ្ចុក​ហេតុ​អី​បានជា​នំ​បញ្ចុក​ក្លាយទៅជា​រឿង​នយោបាយ​ទៅវិញ​មិន​យល់​? នំ​បញ្ចុក​ក្លាយទៅជា​នយោបាយ​ហើយ​ឥឡូវ​វា​ទៅជា​ការ​បង្កើត​ទិវា​នំ​បញ្ចុក​ទៅជា​ស៊ី​នំ​បញ្ចុក​ស្នេហា​ជាតិ​។ មិច​បានជា​គេ​ប្រែក្លាយ​បញ្ហា​នំ​បញ្ចុក​ឲ្យ​ទៅជា​រឿង​នយោបាយ​មួយ​ថា​ អ្នកណា​ស៊ី​នំ​បញ្ចុក​គឺ​សុទ្ធតែ​ជា​ពួក​គាំទ្រ​គេ​ហើយ​ត្រូវ​នគរបាល​សមត្ថកិច្ច​តាមដាន ធ្វើ​ឲ្យ​អ្នកលក់​នំ​បញ្ចុក​មួយចំនួន មានការ​ភ័យខ្លាច​ទៅទៀត​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា «​ឥឡូវ​ខ្ញុំ​សូម​ប្រកាស​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ជាពិសេស​ចំពោះ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​សូម​ទទួលទាន​នំ​បញ្ចុក​ទាំងអស់​គ្នា​ហើយ​ឮ​គេ​ថា​យក​ថ្ងៃ​០៩​នេះ ធ្វើជា​ទិវា​នំ​បញ្ចុក​។ សូម​ថ្ងៃ​ទី​០៩​នេះ សមាជិក សមាជិកា​គណបក្ស​ប្រជាជន ថ្នាក់ដឹកនាំ​តាម​ខេត្ត គណៈ​ពង្រឹង​នាំគ្នា​ចុះ​មូលដ្ឋាន​រៀបចំ​នំ​បញ្ចុក​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​ស៊ី​ថ្ងៃ​ទី​០៩ ខែមិថុនា​»​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ការ​បញ្ជាក់​ផង​ដែរ​ថា​ ការ​អំពាវនាវ​ប្រជាពលរដ្ឋ និង សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ហូប​នំ​បញ្ចុក​មិនមែនជា​វិធី​“​បន្លា​មុត​យក​បន្លា​ជួស​នោះទេ​”​តែ​វា​ជា​វិធី “​បន្លា​មុត​យក​ពូថៅ​មក​វាយបំបាក់​បន្លា​ចោល​តែម្ដង ​កុំ​ឲ្យ​នាំ​ភាព​ចង្រៃ​ដល់​គេឯង​”​។ សម្តេច ហ៊ុន សែន បន្ត​ថា យុទ្ធសាស្ត្រ​ច្រែស​ស៊ី​ដែក របស់​ប៉ុលពត យើង​នៅ​វាយបំបាក់​ចោល​បាន​។ អា​បន្លា​ប៉ុណ្ណឹង​ដាក់​តែមួយ​ដំបង​ទៅ​។

សម្ដេច​បន្ត​ថា ថ្ងៃក្រោយ​ប្រសិនបើ​ក្រុម​នេះ​(​អតីត​បក្សប្រឆាំង​) ប្រកាស​នាំគ្នា​ស៊ី​អី​យើង​ប្រកាស​ឲ្យ​សមាជិក​បក្ស​ប្រជាជន​ហូប​ដូចគ្នា​ផង​ដែរ បើ​គេ​ស៊ី​នំគ្រក់ យើង​ស៊ី​នំគ្រក់​ដែរ បើ​គេ​ស៊ី​បាញ់ឆែវ យើង​ស៊ី​បាញ់ឆែវ​ដែរ លើកលែង តែ​ពួកវា​ប្រកាស​ស៊ី​ដុំថ្ម ឲ្យ​ពួកវា​ស៊ី​ទៅ​យើង​កុំ​ស៊ី​តាម​វា។

គួរ​បញ្ជាក់​ថា សកម្មជន​អតីត​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស​បាន​នាំ​គ្នា​បង្កើត​កម្មវិធី​ហូប​នំ​បញ្ចុក​ជា​បន្តបន្ទាប់​ដោយ​ពួកគេ​បាន​កំណត់​យក​ថ្ងៃ​ទី​៩ មិថុនា ធ្វើ​កម្មវិធី​បរិភោគ​នំ​បញ្ចុក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​តាមរយៈ​ការរៀបចំ​កម្មវិធី​នេះ​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​ទាំង​ក្នុង​ទាំង​ក្រៅប្រទេស​ចូលរួម​ហូប​នំ​បញ្ចុក​ជុំ​គ្នា​ដើម្បី​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ងាប់​ទៅហើយនោះ​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114