ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​ទី​ម័​រ​ខាង​កើតមាន​លក្ខណៈសម្បត្តិ​ក្លាយជា​សមាជិក​ទី​១១ របស់​អាស៊ាន

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​គូសបញ្ជាក់ថា ​៖ ​ប្រទេស​ទី​ម័​រ​ខាងកើត​ពិតជា​មាន​សមត្ថភាព ​និង​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ លោក DionisioBaboSoares រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ទី​ម័​រ​ខាងកើត​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ នេះ​នៅ​វោ​មាន​សន្តិភាព​។​

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​បន្ទាប់ ពី​ជំនួប​នោះ​ថា​ ៖ ​លោក BaboSoares បាន​នាំពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោកនាយក​រដ្ឋមន្ត្រី និង លោក​ប្រធានាធិបតី​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត គោរព​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហើយក៏​បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​ រូបលោក​មានការ​គោរព​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាខ្លាំង​ចំពោះ​វីរភាព​ដឹកនាំ​និង​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​និង​ប្រទេស​កម្ពុជា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

​ទន្ទឹមនឹងនេះ​លោក BaboSoares បាន​មានប្រសាសន៍​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្ដេច​តេ​ជោ​ទៅកាន់​ប្រទេស​ទី​ម័​រ​ខាងកើត​កាលពី​ឆ្នាំ ២០១៦ បានធ្វើ​ឲ្យ​ប្រទេស​ទី​ម័​រ​ខាងកើត​ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​អារម្មណ៍​ហាក់បីដូចជា​ប្រទេសមួយ​មាន​សម្ព័ន្ធភាព​ជាមួយ​កម្ពុជា ដូចជា​បងប្អូន ហើយ​ជាងនេះទៅទៀត​លោក​បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផងដែរ​ចំពោះ​រាល់​ការគាំទ្រ​ទាំងឡាយ​ដែល​សម្ដេច​តេ​ជោ​បាន​ផ្ដល់ឱ្យ​ប្រទេស​ទី​ម័​រ​ខាងកើត​។​

លោក BaboSoares បាន​មានប្រសាសន៍ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ​គឺ​ដើម្បី​រឹតចំណង​មិត្តភាព​និង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ឡើង​ថែមទៀត​។​

ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ហើយក៏​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ការទទួល​ដោយ​យកចិត្ត​ទុក្ខ​ដាក់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត​កាលពី​ឆ្នាំ ២០១៦ កន្លងទៅ​។ ទន្ទឹមនឹងនេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​សម្ដេច​ជោ​បាន​កត់សម្គាល់ថា ប្រទេស​ទី​ម័​រ​កើត​បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការចូល​ខ្លួន​ជា​សមាជិក​អាស៊ាន​ទាំង​ការរៀបចំ​ឲ្យ​មាន​ស្ថានទូត​នៅ​គ្រប់​ប្រទេស​ទាំងអស់​នៅក្នុង​បណ្តាល​ប្រទេស​អាស៊ាន​ក៏ដូចជា​សមត្ថភាព​រប​ស់​មន្ត្រីរាជការ​រួមទាំង​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្ដល់​អនុសាសន៍​ថា​យើង​គប្បី​ប្រឹងប្រែង​រួមគ្នា​ធ្វើយ៉ាងណា​ជំរុញ​នៅលើ​រាល់​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​ទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យ​វិនិយោគ ទេសចរណ៍ ក៏ដូចជា​វិស័យ​វប្បធម៌​ជាដើម​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​នូវ​​​ក្តី​រីករាយ​ផងដែរ​ចំពោះ​និស្សិត​ទី​ម័​រ​ខាងកើត​ដែល​បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុ​ជា​ដើម្បី​ទទួល​អាហារ​រូបករណ៍​សិក្សា​នៅ​ប្រទេស​កម្ពុជា​ចំនួន​១០​នាក់​ដែល​សម្តេច​តេ​បានផ្តល់​ឲ្យ​កាលពី​ឆ្នាំ​២០១៦ កន្លងមកនេះ​។​

​ប្រទេស​ទី​ម័​រ​ខាងកើត​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ១​លាន​នាក់ ហើយ​បានប្រកាស​ជា​រដ្ឋ​ឯករាជ្យ​ពី​ការគ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ​២០០២ កន្លងទៅ​គឺ​បានទទួល​ស្គាល់​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ (Kofi Annan) ។ ប្រទេស​ទី​ម័​រ​ខាងកើត​ចង់​ក្លាយជា​សមាជិក​ទី​១១ របស់​អាស៊ាន​។ ទី​ម័​រ​ខាងកើត​បាន​ព្យាយាម​ក្លាយជា​សមាជិក​ទី​១១ របស់​អាស៊ាន​តាំងពី​ឆ្នាំ ២០១១ កម្ពុជា​បាន​គាំទ្រ​សំណើ​របស់​ទី​ម័​រ​ខាងកើត តែ​ប្រទេស​អាស៊ាន​មួយចំនួន​បានលើកឡើង​ថា ទី​ម័​រ​មិនទាន់មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​នោះទេ​។​

នៅ​ចុង​ឆ្នាំនេះ​និង​មាន​ក្រុម​បេសកកម្ម​ពិសេស​មួយ​របស់​អាស៊ាន​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​លក្ខណៈសម្បត្តិ​របស់​ប្រទេស​ទី​ម័​រ​ខាងកើត ថា​តើ​គ្រប់លក្ខណៈ​ចូល​ជា​សមាជិក​អាស៊ាន​ឬ​នៅ​?​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។​

សមាជិក​អាស៊ាន​នៅពេល​បច្ចុប្បន្ននេះ​គឺមាន​ចំនួន​១០​នៅក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​,​ថៃ ,​វៀតណាម​,​ឡាវ​,​ឥណ្ឌូនេស៊ី​,​ហ្វីលីពីន​,​សិង្ហ​បុរី​,​ភូមា​,​ប្រ៊ុយណេ និង​ប្រទេស​ម៉ា​ទ្បេ​ស៊ី​៕

ដោយ ៖ ណា​រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114