ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​អះអាងថា ឆ្នាំក្រោយ​ភ្នំពេញ​នឹង​លែង​មានរឿង​ដាច់​ភ្លើង​កើតឡើង​ទៀតឡើយ

​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា ​រាជរដ្ឋាភិបាល​បាន​ទទួល​បទពិសោធន៍​ច្រើន ពី​ការ​ខ្វះ​អគ្គិសនី​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា​ ការ​ខ្វះខាត​អគ្គិសនី​នឹង​មិន​ត្រូវ​ឲ្យ​កើតឡើង​នៅ​ឆ្នាំក្រោយៗ​ទៀត​ឡើយ​។ សម្ដេច​បានលើកឡើង​បែបនេះ​នៅ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​៣​ ខែមិថុនា ​ឆ្នាំ២០១៩​ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សង្កត់ធ្ងន់​ដូច្នេះ​ថា «​មិន​ត្រូវ​ឲ្យ​រឿង​ច្រំ​ដែល​បែបនេះ​កើតមាន​ទៀតឡើយ​នៅ​ឆ្នាំក្រោយ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា យើង​នៅ​មាន​បញ្ហា​ប្រឈម​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​លើ​វា​រី​អគ្គិសនី​ដែល​ធ្វើ​ឲ្យ​អគ្គិសនី​របស់​យើង​គ្មាន​ស្ថិរភាព​នៅក្នុង​ការ​ផ្គត់ផ្គង់​។ ឆ្នាំនេះ​ជា​បទពិសោធន៍​ផ្តល់​មេរៀន​ឲ្យ​យើង​ច្រើន​ដែល​យើង​ត្រូវ​ខិតខំ​រក​វិធី​ដោះស្រាយ​ដើម្បី​កុំ​ឲ្យ​ជួយ​បញ្ហា​ច្រំដែល​នៅ​ឆ្នាំ​ខាងមុខ។ វា​រី​អគ្គិសនី​របស់​យើង​មាន​កម្លាំង​ជិត​១៤០០​មេ​ហ្គា​វ៉ា​ត់ ប៉ុន្តែ​ផលិត​ថ្ងៃ​ខ្លះ​បាន​ត្រឹម​តែ​១០០​ឬ ២០០​មេ​ហ្គា​វ៉ា​ត់​ទេ យប់មិញ​ផលិត​បាន​ទៅដល់​៦០០​មេ​ហ្គា​វ៉ា​ត់​…​ចំនួន​នេះ​គឺជា​ចំនួន​មិន​គ្រប់​ទេ​តែ​យើង​បាន​ប្រឹងប្រែង​អស់​លទ្ធភាព​ដើម្បី​កាត់បន្ថយ​ការ​ដាច់​អគ្គិសនី​។

​ជាមួយ​ការ​លើក​ឡើង​អំពី​បញ្ហា​ខ្វះ​អគ្គិសនី​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឲ្យ​ដឹង​ពី​ការ​ត្រៀម​ថាមពល​អគ្គិសនី​សម្រាប់​ឆ្នាំក្រោយ​នៅ​ទីក្រុង​ភ្នំពេញ​ថា តាមរយៈ​របាយការណ៍​ក្រសួង​រ៉ែ​និង​ថាមពល បច្ចុប្បន្ន​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន ៣៧០ មេ​ហ្គា​វ៉ា​ត់​បាន​ដំណើរការ​ហើយ​និង​មាន​រោងចក្រ​មួយ​ផ្សេងទៀត​ដែល​អាច​ផ្តល់​ថាមពល​ប្រមាណ ១៣៥​មេ​ហ្គា​វ៉ា​ត់​យើង​បាន​ខិតខំ​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ថ្ងៃ​នេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ទីក្រុង​ភ្នំពេញ​ត្រូវការ​ថាមពល​អគ្គិសនី​ប្រមាណ​៤០០​មេ​ហ្គា​វ៉ា​ត់ ។ សម្តេច​បាន​ឲ្យ​ដឹង​ទៀត​រាជរដ្ឋាភិបាល​បាន​អនុម័ត​ថវិកា និង បាន​ធ្វើ​ការ​បញ្ជាទិញ​ហើយ​និង​ខិតខំ​ធ្វើ​ឲ្យ​បាន​រួចរាល់​នៅ​ក្នុង​អំឡុង​ខែតុលា​ខាងមុខនេះ​ដែល​ក្នុងនោះ ២០០ មេ​ហ្គា​វ៉ា​ត់​ទិញ​ពី​ប្រទេស​ហ្វាំ​ង ឡង់ និង​២០០​មេ​ហ្គា​វ៉ា​ត់​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់​យកមក​ដំឡើង​ទុក​តែ​ម្តង ដែល​ឆ្នាំក្រោយ​ប្រសិន​វា​រី​អគ្គិសនី​ខ្វះ​ទឹក​គឺ​យើង​បុក​អានេះ​ចូល​ភ្នំពេញ​តែម្តង​ឆ្នាំក្រោយ​លែង​មាន​ការខ្វះខាត​ភ្លើង​ទៀតហើយ​។ រោងចក្រ​អគ្គិសនី​នឹងត្រូវ​ដំឡើង​ជា​បន្តបន្ទាប់​ខ្លះ​កំពុង​ដំឡើង ក្រុមហ៊ុន​មកពី​ម៉ាឡេស៊ី​នៅ​ក្រុងព្រះសីហនុ ១៣៥ មេ​ហ្គា​វ៉ា​ត់ យើង​នឹង​បង្កើន​សម​ត្ថភាព​ផលិត​ដើរ​ដោយ​ធ្យូងថ្ម​។

​សម្តេច​តេ​ជោ​បាន​បន្ត​ថា ទៅ​ជប៉ុន​ថ្ងៃមុន​បាន​ជួប អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ស្នើ​ឲ្យ​គាត់​ជួយ ពាក់ព័ន្ធ​បញ្ហា​អគ្គិសនី ក្នុង​នោះ​បាន​ស្នើ​ឲ្យ​គាត់​ផ្តល់​កម្ចី​សម្បា​ទាន​ដើម្បី​បន្ត​បណ្តាញ​តង់ស្យុង​ខ្ពស់ ៥០០ គីឡូវ៉ុល​ពី​ព្រំដែន​ឡាវ​មក​ភ្នំពេញ​ប្រវែង ៣៥០ គីឡូម៉ែត្រ​។ ពេល​ជួប​នាយករដ្ឋមន្ត្រី​ឡាវ​ក៏បាន​ពិភាក្សា​ក្នុង​ការ​ទិញ​អគ្គិសនី​ពី​ឡាវ​មក​កម្ពុជា ឡាវ​និយាយ​ថា គេ​មាន​ថាមពល​អគ្គិសនី​តែ​ខ្វះ​ទីផ្សារ​នាំចេញ អញ្ចឹង​យើង​ខិតខំ​កសាង​បណ្តាញ​នាំចូល​ពី​ឡាវ​មក​រាជធានី​ភ្នំពេញ។ ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​ឡាវ​និង​លក់​ឲ្យ​កម្ពុជា​ហើយ​ឡាវ​មាន​រ៉ែ​ធ្យូងថ្ម​មួយ​កន្លែង​គាត់​និង​ដាក់​រោងចក្រ​អគ្គិសនី​នៅ​ទីនោះ​១៧០០​មេ​ហ្គា​វ៉ា​ត់​ហើយ​លក់​ឲ្យ​កម្ពុជា​តែម្តង ហើយ​យើង​បាន ព្រោះ​វា​និង​ធ្វើ​ឲ្យ​តម្លៃ​មាន​ស្ថិរភាព ដូចនេះ​ប្រភព​ទីផ្សារ​អគ្គិសនី​របស់​កម្ពុជា​គឺ​ឡាវ​គ្មាន​ប្រភព​ផ្សេង​ទេ​។ សម្តេច​តេ​ជោ​បាន​បន្ត​ផែនការ​អគ្គិសនី​ត្រូវ​សិក្សា​ឡើងវិញ​ដើម្បី​បំពេញ តម្រូវការ​នៃ​ការប្រើប្រាស់​។

សម្ត​ច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ​ផែនការ​សម្រាប់​វិស័យ​អគ្គិសនី​ត្រូវតែ​រៀបចំ​ឡើងវិញ​ផងដែរ​ដើម្បី​ឆ្លើយតប​នឹង​ការ​រីកលូតលាស់​របស់​ប្រទេស​កម្ពុជា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​ដែល​កន្លងទៅ​មានការ​អាក់ខាន​ដោយសារ​ការ​កាត់​ភ្លើង​នៅ​តំបន់​មួយ​ចំនួន​ទៅ​បំពេញ​តំបន់​ផ្សេងទៀត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​គ្នា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ជួប​ការ​លំបាក តែ​តាមរយៈ​ការខិតខំ​របស់​យើង ឆ្នាំក្រោយ​មិនមាន​រឿង​ច្រំដែល​កើតឡើង​អំពី​បញ្ហា​ខ្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ទៀត​ឡើយ៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114