ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ អញ្ជើញ​ពិសារ​អាហារ​ស្រាយ​បួស​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម នៅ​វិហារ​បឹងកក់

​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ពិសារ​អាហារ​ស្រាយ​បួស «​ខែ​រ៉ា​ម៉ា​ឌន​»​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម នៅ​វិហារ​បឹងកក់ ស្ថិតនៅ​សង្កាត់​បឹងកក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ការ​ជួបជុំ​ពិសា​អាហារ​ស្រាយ​បួស​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ពេល​នេះ​ចាប់​ផ្តើម​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​។ វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ដ៏​សំខាន់​របស់​ខ្មែរ​-​ឥស្លាម​នេះ​បានបង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ​ចំពោះ​បងប្អូន​ខ្មែរ​-​ឥស្លាម ទោះបីជា​សម្តេច​តេ​ជោ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ក៏ដោយ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​មក​ជួប​ជុំ​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម​កម្ពុជា​នា​ពេល​នេះ​។ ទន្ទឹមនឹងនោះ​បងប្អូន​ខ្មែរ​-​ឥស្លាម មាន​ទឹកមុខ​សប្បាយរីករាយ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​វត្តមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​មកដល់​វិហារ​បឹងកក់​។ កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំងបំផុត​ចំពោះ​សុខដុម​នី​កម្ម​សាសនា ដើម្បី​ធានា​ថា​ កម្ពុជា​មិន​មាន​ជម្លោះ​ជាតិ​សាសន៍ និង​សាសនា​ណាមួយ​កើតឡើង​ឡើយ​។ សុខដុម​នីយកម្ម​នៃ​ជនជាតិ និង សាសនា គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន ដើម្បី​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពសុខសាន្ត​។

​សូម​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ ២០១៩ ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​១៤៤០ មូ​ហាំ​ម៉ាត់​សករាជ​សាសនិក​ឥស្លាម​កម្ពុជា ក៏ដូចជា​សាសនិក​ឥស្លាម​នៅក្នុង​ពិភពលោក​កំពុង​បួស​តម​អាហារ​ពី​ព្រលឹម​រហូតដល់​ថ្ងៃ​លិច ប្រមាណ​ជាង ១៤​ម៉ោង ដោយមាន​ការប្រែប្រួល​តា​ម​តំបន់​ខ្លះ​រយៈពេល​មួយ​ខែ ក្នុង​មួយ​ឆ្នាំ ដែល​ជា​កាតព្វកិច្ច​ទី​៤ ក្នុងចំណោម​កាតព្វកិច្ច​ទាំង​៥ នៃ​អ្នក​កាន់សាសនា​ឥស្លាម​ទាំងអស់​នៅ​លើ​សកលលោក៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114