ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីក្រោយ​បណ្តាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​របួស​ម្នាក់

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ មួយ​គ្រឿង​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីក្រោយ​បណ្តាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស។ ​ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការ​នគរបាល​រួម​នឹង​រថយន្ត​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩​ ត្រង់​រង្វង់​មូល​វត្ត​ដំណាក់ ក្នុង​ភូមិ​វត្ត​ដំណាក់​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។

មន្ត្រីនគរបាល​ចរាចរណ៍​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់ មានឈ្មោះ ហូ​ន ម៉ូ​លីកា អាយុ​១៥​ឆ្នាំ សិស្ស ជា​អ្នកបើកបរ​ម៉ូតូ បាន​រង​របួស និង​អ្នក​រួម​ដំណើរ​ជាមួយ ឈ្មោះ រុន ម៉ា​លីន អាយុ​១៨​ឆ្នាំ​សិស្ស​(​ស្លាប់​)​។ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុងសៀមរាប​។

ចំណែក​អ្នកបើកបរ​រថយន្ត​មានឈ្មោះ នុ​ន ចំណាប់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បើកបរ​រថយន្ត​ម៉ាក FU SO ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ៥A.00៣៣​របស់ ក្រុមហ៊ុន​KVH​។

លោក​វរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ​ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ថា ករណី​នេះ​ភាគី​ទាំងសងខាង​បាន​ធ្វើការ​សម្របសម្រួល​គ្នា​អស់ហើយ ដោយ​ព្រម​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ​ទាំង​២​នាក់​ចំនួន​៤៥០០​ដុល្លារ​។ ​ចំណែក​អ្នកបើកបរ​រថយន្ត​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​០៤​ខែមិថុនា។

ករណី​នេះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការបាត់បង់​កូនស្រី​ជាទី​ស្រលាញ់​លឿន​ពេក​បែបនេះ ខណៈ​ជនរងគ្រោះ​នៅ​ក្មេង​កំពុង​សិក្សា​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114