ព័ត៍មានទាន់​ហេតុការណ៏
Search

ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​សម្រាប់​ជុំ​ប្រកួត​នៅ​កម្ពុជា​ឆ្នាំ​២០១៩ នឹង​មកដល់​ឆាប់ៗ​នេះហើយ

ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​សម្រាប់​ជុំ​ប្រកួត​នៅ​កម្ពុជា​ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​សំណាក់​យុវជន​ឆ្នើម​របស់​កម្ពុជា​ដើម្បី​ធ្វើការ​ប្រកួត​ដណ្ដើមយក​ពានរង្វាន់ និង​ឱកាស​ធ្វើជា​តំណាង​ប្រទេស​កម្ពុជា​ឡើងទៅ​ប្រកួត​នៅ​ជុំ​អន្តរជាតិ នៅក្នុង​ប្រទេស​ហុង​គ្រី នៅ​ចុង​ឆ្នាំនេះ​។

ការប្រកួតប្រជែង​នេះ​បែង​ចែកជា​ពីរ​វិញ្ញាសា ទី​១​គឺ​ការប្រកួត​លើ​វិញ្ញាសា​ទូទៅ តាមរយៈ​ការប្រើ​រ៉ូ​បូត LEGO Mindstorm និង​ទី​២​គឺ​វិញ្ញាសា​សេរី ដែល​តម្រូវឱ្យ​បេក្ខជន​ប្រើ​គំនិត​ច្នៃប្រឌិត និង​បង្កើត​ដំណោះស្រាយ​ថ្មី​សម្រាប់​ការបង្កើត​ទីក្រុង​ប្រកបដោយ​និរន្តរភាព​នៅ​ថ្ងៃ​អនាគត តាមរយៈ​ការប្រើប្រាស់​គ្រឿង​រ៉ូ​បូត និង​កម្មវិធី​រ៉ូ​បូត​គ្រប់​ប្រភេទ​។ បេក្ខជន​កម្រិត​កុមារ (១៣-១៥​ឆ្នាំ​) និង​យុវជន (១៦-១៩​ឆ្នាំ​) គឺអាច​ចូលរួម​ប្រកួត​នៅក្នុង​វិញ្ញាសា​ទាំងពីរ​នេះ​បាន​ដូចគ្នា​។​

បន្ទាប់ពី​ការត្រៀម​រៀបចំ បង្កើត​កម្មវិធី សាកល្បង និង​ធ្វើតេស្ត​អស់​រយៈពេល​ជាច្រើន​ខែ​មក យើងខ្ញុំ​សូម​គោរព​អញ្ជើញ​សិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ មាតាបិតា និង​សាធារណជន មេត្តា​ចូលរួម​លើកទឹកចិត្ត​បេក្ខជន នាឱកាស​នេះ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៨:០០ តទៅ​។

ក្រោម​គម្រោង “​រ៉ូ​បូត​កម្ពុជា​” និង​រៀបចំ​ដោយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា ដែលជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​សម្រាប់​ជុំ​ប្រកួត​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​។ យើងខ្ញុំ​សូម​បន្ត​ថ្លែង​អំណរ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចូលរួម​ទទួលស្គាល់ថា រ៉ូ​បូត​គឺជា​វិធីសាស្ត្រ​ដ៏​រីករាយ​មួយ​ដើម្បី​បណ្ដុះ​សា្មរ​តី​យុវជន​កម្ពុជា ឱ្យចូល​ចិត្ត​ការសិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​។​

​យើងខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ដល់​ដៃគូ​សហកា​រ​ឧបត្ថម្ភ​ដែលមាន​ដូចជា iOne UBTECH និង BRIGHT ដែល​បាន​ចូលរួម​លើកកម្ពស់​ការអប់រំ​រ៉ូ​បូត និង​រួមចំណែក​កសាង​អនាគត​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​ត្រចះត្រចង់​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ អង្គការ​ពិ​ព័រ​ណ៌​វិទ្យាសាស្ត្រ​កម្ពុជា តាមរយៈ​អ៊ីមែល [email protected] ទូរស័ព្ទ 023 72 72 62 ឬ​វេ​ប​សាយ​http://www.stemcambodia.ngo/world-robot-olympiad/ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114