ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សុខ ឥសាន​ ៖ ការបាត់បង់​ដែនដី​កម្ពុជា​ក្រោម បាន​ត្រឹម​សោកស្តាយ និង​ឈឺចាប់

ភ្នំពេញ​ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ការបាត់បង់​ដែនដី​កម្ពុជា​ក្រោម បាន​ត្រឹម​សោកស្តាយ និង​ឈឺចាប់​ប៉ុណ្ណោះ ទោះបី​មាន​សិទ្ធិ​ទាមទារ​ក៏ដោយ តែ​មិន​សង្ឃឹមថា បាន​មក​វិញ​ឡើយ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​បែបនេះ ខណៈ​មាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន នាំគ្នា​ប្រារព្ធ​ពិធី​មួយ​ហៅថា “​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ ខួប​លើក​ទី​៧០ ថ្ងៃ​អាណានិគម​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​អាណានិគម​វៀតណាម​ត្រួតត្រា​បន្ត​” ដែល​ពិធី​នេះ​រៀបចំ​ធ្វើឡើង​នៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ស្ថិតនៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

លោក សុខ ឥសាន លើកឡើង​យ៉ាង​នេះ​ថា “​ការបាត់បង់​ដែនដី​កម្ពុជា​ក្រោម ដែល​បារាំង​ប្រើ​សិទ្ធិ​អាណានិគមនិយម​របស់​ខ្លួន​សម្រេច​ប្រគល់​ឲ្យ​ទៅ​ស្តេច​បាវ​ដាយ​នៃ​ប្រទេស​អណ្ណាម​។ ជា​ការ​សោកស្តាយ តែ​មិន​មាន​លទ្ធភាព​ទាមទារ​មកវិញ​បាន ទោះបី​មាន​អ្នកខ្លះ​ថា នៅមាន​សិទ្ធិ​ទាមទារ​ក៏ដោយ​។ សិទ្ធិ​ទាមទារ​មាន តែ​សិទ្ធិ​បាន​មកវិញ​មិនមាន​សង្ឃឹម​ឡើយ បាន​ត្រឹម​សោកស្តាយ និង​ឈឺចាប់​”​។

សូម​បញ្ជាក់​ថា ដូច​ឆ្នាំ​មុនៗ​ដែរ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​ផ្សេងៗ​ទៀត បាន​រួម​ប្រារព្ធ​ពិធី​រម្លឹក​ខួប​៧០​ឆ្នាំ ដែល​បារាំង​ប្រគល់​ទឹកដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង ដែល​ពិធី​រម្លឹក​ខួប​៧០​ឆ្នាំនេះ រៀបចំឡើង​ក្រោម​ព្រះ​អធិបតីភាព សម្តេច​ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ​កម្ពុជា​។

ថ្លែង​នៅក្នុង​ពិធី​នោះ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​លើកឡើង​ថា “​កម្មវិធី​នេះ ត្រូវ​បាន​ផ្តួចផ្តើមឡើង​ដោយ​ស្មារតី​កូន​ខ្មែរ​ស្នេហា​ជាតិ​សុទ្ធសាធ ដើម្បី​សម្តែង​គារវកិច្ច និង​ដឹងគុណ​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​អ្នកស្នេហាជាតិ​ទាំងអស់ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ និង​សាសនា ព្រមទាំង​កូន​ខ្មែរ​គ្រប់រូប​ចងចាំ​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់​នេះ​ក្នុងន័យ​កុំ​ឲ្យ​ដាន​ប្រវត្តិសាស្ត្រ​អតីតកាល​នៃ​ការបាត់បង់​ទឹកដី និង​សោកនាដកម្ម​ដ៏​សែន​ខ្លោចផ្សា វិល​មករ​កកូន​ខ្មែរ​ជាថ្មីទៀត​។

គួរ​រម្លឹក​ថា នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ សភា​បារាំង និង​ប្រធានាធិបតី​បារាំង បាន​អនុម័ត​ប្រគល់​កម្ពុជា​ក្រោម ដែល​មាន​២១​ខេត្ត ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង ដែល​កាលនោះ កម្ពុជា​ស្ថិតក្រោម​អាណានិគម​បារាំង​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114