ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ដី​ បុក​​ស្ត្រីជិះកង់​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា អូស​ប្រមាណ​ជាង​៣០០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​។

ចំណែក​អ្នកបើកបរ​ ត្រូវ​បាន​ពលរដ្ឋ​និង​បងប្អូន​ប្រជា​ការពារ​ដេញ​ចាប់​បាន​រួច​ប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ចាត់ការ​បន្ត​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១៤​និង​០០​នាទី​ថ្ងៃ​ទី​០៤ ​ខែមិថុនា​ ឆ្នាំ​២០១៩ នៅ​ភូមិ​អារញ សង្កាត់​សៀមរាប ក្រុង​សៀមរាប តាម​បណ្តោយ​ផ្លូវ​ភ្នំ​ក្រោម។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​ឡាន​ដឹក​ដី ពាក់​ស្លាក​លេខ ប​.​ជ 3A -0157 បាន​បុក​ជនរងគ្រោះ​ម្នាក់ ដែល​កំពុង​ជិះ​កង់ នៅ​ចំណុច​ក្បែរ​សាលា​យាយ​អេង បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ក្រោយមក អ្នកបើកបរ​បាន​ព្យាយាម​បើកឡាន​គេច ដោយ​កង់​របស់​ជន​រង​គ្រោះ​នៅ​ជាប់​ខាងក្រោម​ឡាន បើក​បាន​ចម្ងាយ​ប្រហែល ជាង​៣០០​ម៉ែត្រ ក៏​ត្រូវ​ប្រជាជន នឹង ប្រជា​ការពារ កាក់​ឡាន​ជាប់​នឹង​ចាប់​ជន​បង្ក ប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។

សមត្ថកិច្ច​បន្ត​ថា សព​ជនរងគ្រោះ​មានឈ្មោះ បេ វ៉ុ​ន ភេទស្រី អាយុ៥៧​ឆ្នាំ មុខរបរ លក់​ឈូក រស់នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​ បន្ទាប់ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​រួចរាល់​ក៏​ប្រគល់​សព​ទៅ​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114