ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ៖ បញ្ហា​ថាមពល​ជា​អាទិភាព​សម្រាប់​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​ឡាវ

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ទៅកាន់​សម​ភាគី​ឡាវ លោក សៃ​សន ស៊ីផា​ន់​ដន ឧបនាយករដ្ឋមន្ត្រី​ឡាវ​ឲ្យ​យក​បញ្ហា​ថាមពល​អគ្គិសនី​ជា​បញ្ហា​អាទិភាព​សម្រាប់​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ហើយក៏​ត្រូវ​បញ្ចូល​ទៅក្នុង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​បញ្ហា​នេះ​ទៅកាន់​លោក សៃ​សន ស៊ីផា​ន់​ដន ឧបនាយករដ្ឋមន្ត្រី​ឡា​វនា​ព្រឹក​ថ្ងៃ​ទី៤ ខែមិថុនា ២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

លោក​អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នោះ ​លោក​ សន ​សៃ​ស៊ីផា​ន់​ដន បាន​ពាំ​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​នាយ​ក​រដ្ឋមន្ត្រី​ឡាវ​ជូន​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កន្លងមក​តែងតែ​ជួយ​និង​គាំទ្រ​ដល់​ប្រទេស​ឡាវ​។

លោក​ក៏បាន​ជម្រា​បជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផង​ដែរ​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​កម្ពុជា​នៅ​ពេល​នេះ​គឺ​ដើម្បី​ដកស្រង់​បទពិសោធន៍​នៃ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ដើម្បី​យកទៅអនុវត្ត​នៅក្នុង​ប្រទេស​ឡាវ​។ លោក​ក៏បាន​ជម្រាប​ជូន​សម្ដេច​អំពី​អ្វី​ដែលជា​ការកត់សម្គាល់​របស់​លោក​ គឺ​ការ​រីកចម្រើន​ដ៏​លឿន​នៃ​ទីក្រុង​ភ្នំពេញ​ដែល​ពោរពេញ​ទៅដោយ​អគារ​ខ្ពស់ៗ​ស័ក្តិសម​ជាទី​ក្រុង​មួយ​ដែល​មាន​សកម្ម ភាព​ពាណិជ្ជកម្ម​យ៉ាង​រស់រវើក​។ នៅ​ក្នុង​នោះ​លោក​ក៏បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ចំពោះ​វិនិយោគិន​ឡាវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិសេស​ចំពោះ​ធនាគារ​ឡាវ BIC ក៏ដូចជា​អ្នក​វិនិយោគ​ផ្សេងៗ​ទៀត​ក៏ដូចជា​ការ​គាំទ្រ​ដល់​ការទិញ​ថាមពល​ពី​ប្រទេស​ឡាវ​ផងដែរ​។

ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អរគុណ​ចំពោះ​លោក​ទូត​ហើយក៏​បាន​ធ្វើ​ការណែនាំ​ទៅ​កាន់​លោក​សន​សៃ​ស៊ី​ផាន់​ដន ថា​ដើម្បី​ឲ្យ​ធនាគារ​ទទួល​បាន​ជោគជ័យ​គឺ​ចាំបាច់​ធនាគារ​ត្រូវផ្តោត​សំខាន់​ទៅលើ​ការ​ផ្ដល់ប្រាក់​កម្ចី​ឲ្យ​បាន​ច្រើន​ពិសេស​ទៅលើ​ការ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម​។​ ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ឡាវ​ដែល​ឆ្នាំនេះ​បាន​លក់​អគ្គិសនី​ឲ្យ​កម្ពុជា​បាន​ចំនួន​១៨ មេ​ហ្គា​វ៉ា​ត់​ដែល​អគ្គិសនី​នេះ​កំពុង​ប្រើប្រាស់​នៅក្នុង​ខេត្តកំពង់ធំ​និង​ព្រះវិហារ​។

សម្ដេច​តេ​ជោ​ក៏​បានធ្វើ​ការណែនាំ​ផ្ដល់​ជា​អនុសាសន៍​ផង​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ នៅ​មាន​ទំហំ​តូច​នៅឡើយ​ដូច្នេះ​គួរតែ​ពង្រីក​ឲ្យ​បាន​ធំ​ថែមទៀត​និង​ការ​ជំរុញ​ទៅលើ​វិស័យ​ទេសចរណ៍ វិស័យ​វប្បធម៌ វិស័យ​វិនិយោគ​ក៏ដូចជា​វិស័យ​សេដ្ឋកិច្ច​ផងដែរ​។ ពី​នោះ​ទៅទៀត​ក៏​ត្រូវ​ពិនិត្យ​ទៅលើ​វិស័យ​ថាមពល​ដែលជា​បញ្ហា​អា​ទី​ភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក៏​គួរតែ​បញ្ចូល​ផង​ដែរ​ចំពោះ​ការ​ទិញដូរ​ថាមពលរ​វាង​ប្រទេស​ទាំងពីរ​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114