ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី ប្តេជ្ញា​ជំរុញ​វិនិយោគ​មក​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​លំដាប់​ទី​១

ភ្នំពេញ ៖ លោក​អែល​ឌី​ន ហូ​សៃ​នី ប៊ី​ន ម៉ូត ហា​ស៊ីម (EldeenHasainiBinhMohdHashim) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​ប្តេជ្ញា​នៅ​ចំពោះ​មុខ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​នឹង​ប្រឹងប្រែង​ជំរុញ​វិនិយោគ​ម៉ាឡេស៊ី​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ធំ​ក្លាយ​ជា​ប្រទេស​ដែល​វិនិយោគ​ធំ​លំដាប់​ទី ១ ដូច​កាលពី​ឆ្នាំ ២០០៦ ដែល​ប្រទេស​ម៉ាឡេស៊ី​ស្តី​នៅ​លេខ​រៀង​ទី​១​។

លោក អែល​ឌី​ន ហូ​សៃ​នី ប៊ី​ន ម៉ូត ហា​ស៊ីម បាន​សំដែង​ការប្តេជ្ញាចិត្ត​នេះ​នៅក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០១៩ នេះ​នៅ​វិមាន​សន្តិភាព​។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា លោក​អែល​ឌី​ន ហូ​សៃ​នី ប៊ី​ន ម៉ូត ហា​ស៊ីម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ថា ​លោក​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​បាន​មក​បំពេញបេសកកម្ម​ការទូត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ដែល​មាន​មេដឹកនាំ​មេដឹកនាំ​ដែរ​លោក​មាន​ការ​គោរព​និង​កោតសរសើរ​យ៉ាង​ខ្លាំង ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ដែល​ពោរពេញ​ទៅ​ដោយ​សង្គ្រាម​មកជា​ប្រទេសមួយ​ដែលមាន​សុខសន្តិភាព​និង​ប្រជាធិបតេយ្យ ពី​ប្រទេសមួយ​ដែល​ក្រីក្រ​មកជា​ប្រទេស​មួយ​ដែលមាន​ការអភិវឌ្ឍ​។

​ក្នុងន័យនេះ​ លោក​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ក្នុង​បេសកកម្ម​កា​ទូត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​លោក​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​រឹងមាំ​និង​រីកចម្រើន​។ ២. ជំរុញ​កិច្ចព្រមព្រៀង​អនុស្សរណៈ​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ហើយ​ឲ្យ​ដំណើរការ​ទៅមុខ។ ទី​៣.​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ទំហំ​កាន់តែ​ធំ​ឡើងជា​ពិសេស​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី និង​ចុងក្រោយ​គឺ​ជំរុញ​ការ​វិនិយោគ​ម៉ាឡេស៊ី​មកកាន់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ធំ​ក្លាយជា​ប្រទេស​វិនិយោគ​លំដាប់​ទី​១​នៅ​កម្ពុជា​ដូច​កាលពី​ឆ្នាំ ២០០៦​។

ការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​ការ​អបអរសាទរ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ហើយ​សម្ដេច​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា ​ទំនាក់ទំនង​របស់​កម្ពុ​ជា​និង​ម៉ាឡេស៊ី​បាន​ឈានដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​។ សម្តេច​តេ​ជោ​បាន​បន្តថា ​អ្វី​ជា​គោលបំណង​ប៉ងប្រាថ្នា​របស់​សម្ដេច​គឺ​ធ្វើយ៉ាងណា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ធំ។ ជាង​នោះ​ទៅទៀត​ធ្វើ​យ៉ាង​ណា​ឲ្យ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​លំហូរ​ដោយ​សេរី​ស្របតាម​យន្តការ និង​គោលនយោបាយ​របស់​អាស៊ាន​និង​លំហូរ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​អាស៊ាន​ផង​ដែរ​។

ទី​បញ្ចប់​សម្ដេច​ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​លោក​អែល​ឌី​ន ហូ​សៃ​នី ប៊ី​ន ម៉ូត ហា​ស៊ីម ធ្វើ​យ៉ាង​ណា​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​និង​ជំរុញ​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា​រវាង​ប្រទេស​ទាំងពីរ​ផង​ដើម្បី​ជួយ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114