ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ពហុ​ជំនាញ​ ខាត់ សុ​ឃីម ​ប្រកាស​ស្វែងរក​កន្លែង​ស្នាក់នៅ​របស់​ក្មេង​ប្រុស​កម្សត់​ពីរ​នាក់​បងប្អូន​ដែល​ត្រូវ​ឪពុក​-​ម្ដាយ​បោះបង់ចោល

ភ្នំពេញ ​៖ ​តារា​ស្រី​ពហុ​ជំនាញ ​អ្នកនាង ខាត់ សុ​ឃីម ដោយសារតែ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​ចំពោះ​ក្មេង​ប្រុស​កម្សត់​ពីរ​នាក់​បងប្អូន​ ដែល ​ត្រូវ​បាន​ឪពុក​-​ម្ដាយ​បោះបង់ចោល​ក្លាយជា​ក្មេង​អនាថា​គ្មាន​ផ្ទះ​សម្បែង ​និង​សព្វ​ថ្ងៃ​ប្រកប​របរ​ដើរ​រើស​សំបក​កំប៉ុង​លក់​ចិញ្ចឹមជីវិត​នោះ ​នាង​ប្រកាស​បង្ហាញ​ពី​បំណង​ចង់​ជួយ​ដល់​ក្មេង​ប្រុស​ពីរ​នាក់​បងប្អូន​នោះ។

ការប្រកាស​របស់​តារា​ស្រី ​អ្នកនាង ខាត់ សុ​ឃីម នា​ពេល​នេះ​ បាន​ធ្វើ​ឡើង​ភ្លាមៗ ​ក្រោយ​ពេល ​ដែល​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​ក្មេង​ប្រុស​ទាំងពីរ​នាក់​នេះ​ ត្រូវ​បាន​ថត​បង្ហោះ​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បង្ក​ការចាប់អារម្មណ៍ ​និង​អាណិតអាសូរ​ពី​សំណាក់​មហាជន​ជាច្រើន​ខណៈ​ដែល​អ្នក​និយម​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​មានបំណង​ជួយ​ដល់​ក្មេង​កម្សត់​នេះ​ផង​ដែរ។

តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បាន​បង្ហោះ​ភ្ជាប់​មក​ជា​មួយ​វីដេអូ​ នៃ​សកម្មភាព​របស់​ក្មេង​ប្រុស​ទាំងពីរ​នាក់​នោះ​ថា ចង់​ជួយ​ក្មួយ​តើ​គាត់​នៅ​ណា​ដែរ?។ តាមរយៈ​នេះដែរ​គេ​កត់សម្គាល់ឃើញ​មហាជន​ជាច្រើន​បាន​បន្ត​ការ​ស៊ែរ​ចែករំលែក ​ដើម្បី​ផ្តល់​ដំណឹង​ស្វែងរក​ពី​ទីកន្លែង​ស្នាក់នៅ​របស់​ក្មេង​ប្រុស​ទាំងពីរ​នាក់​ខាងលើ។

ជាមួយ​គ្នា​នេះ​ បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​សំណាក់​ក្មេង​ប្រុស​កម្សត់​ទាំងពីរ​នាក់​រូប​នេះ ​បាន​និយាយ​ទាំង​អារម្មណ៍​កម្សត់​ថា​ ពួកគេ​សព្វថ្ងៃ​គ្មាន​ឪពុក​-​ម្ដាយ​នោះ​ទេ ​ព្រោះតែ​ម្ដាយ​ទៅ​មាន​ប្ដី​ថ្មី​បោះបង់​ពួកគេ​ចោល។ ចំណែក​ឯ​ឪពុក ​ក៏​ទៅ​ចោល​ពួកគេ​យូរ​មក​ហើយ​ដែរ ហើយ​រាល់ថ្ងៃ​មានតែ​អាជីព​ដើរ​រើស​អេតចាយ​(​សំបក​កំប៉ុង​)​យក​ទៅ​លក់​ដើម្បី​មាន​លុយ​ខ្លះ​ទិញ​បាយ​ហូប​តែប៉ុណ្ណោះ រីឯ​ទីកន្លែង​ស្នាក់​នៅ ​គឺ​ពេលយប់​សម្រាក​តាម​សំយាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ពីរ​នាក់​បងប្អូន​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114