ព័ត៍មានទាន់​ហេតុការណ៏
Search

ការដ្ឋាន​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤​របស់​អង្គការ​ចៃ​កា​នៅ​តំបន់​ខាងជើង​វត្តភ្នំ​ជាង​៤​គីឡូម៉ែត្រ សម្រេច​បាន​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​

ភ្នំពេញ ​៖ គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤ ដែលជា​គម្រោង​ហិរញ្ញប្បទាន​របស់​ប្រទេស​ជប៉ុន តាមរយៈ​អង្គការ​ចៃ​កា នៅ​តំបន់​ខាងជើង​វត្តភ្នំ​ជាង​៤​គីឡូម៉ែត្រ មកដល់ពេលនេះ ការងារ​ទាំងមូល​សម្រេច​បាន​លទ្ធផល​គួរឲ្យ​កត់សំគាល់។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យ​ដឹងថា ការងារ​ដាក់​លូ​នៅ​តំបន់​ខាងជើង​វត្តភ្នំ ដែល​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​ប្រទេស​ជប៉ុន តាមរយៈ​អង្គការ​ចៃ​កា មាន​ចំនួន​៦​ផ្លូវ ​គឺ​ផ្លូវ​លេខ​៤៧ , ៨៤, ៩០ , ៩២, ៩២​ និង​១៩ ប្រវែង​សរុប​ប្រវែង​៤៣៩២​ម៉ែត្រ​។

​លោក​បន្តថា ជំហាន​ទី​១​នេះ​ យើង​ដាក់​លូ​ចំនួន​៣​ផ្លូវ គឺ​ផ្លូវ​លេខ​៤៧ ១៩​និង​៨៨ ដែល​មាន​លូ​មូល​ទំហំ​ចាប់​១,២​ម៉ែត្រ ដល់​២​ម៉ែត្រ និង​លូ​ប្រអប់​ទំហំ​២​ម៉ែត្រ ​គុណ​នឹង​២​ម៉ែត្រ ប្រវែង​សរុប​១២៨០​ម៉ែត្រ​។​

​លោក​បញ្ជាក់ថា ការដ្ឋាន​នេះ​យើង​បានចាប់ផ្តើម​ពី​ខែ​មិនា ​ឆ្នាំ​២០១៩ ដល់​ខែកញ្ញា​ ឆ្នាំ​២០២០​។​

​គួរ​បញ្ជាក់ថា គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA។ គម្រោង​នេះ​នឹង​អនុវត្ត​ការដ្ឋាន ដូចខាងក្រោម ក្នុងនោះ​រួមមាន ​៖ ១-​ដាក់​បណ្ដាញ​លូ​មេ ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក ប្រវែង​៨.២​គីឡូម៉ែត្រ។​

២-​ដាក់​បណ្ដាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង​៤.៤​គីឡូម៉ែត្រ​។​

៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​។​

៤-​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់។​

៥-​ផ្ដល់​រថយន្ត​បូម​ទឹក​ចល័ត ចំនួន​២​គ្រឿង​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​ការពារ​ទឹកជំនន់ និង ​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤​នេះ បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ពេល​កន្លងមក​ថា គម្រោង​នេះ ​គឺ​បាន​ផ្តោតទៅលើ​ការងារ​សំខាន់ៗ ដូចជា ការងារ​រំដោះ​ទឹក​ចែក​ចេញ ដែល​គោលបំណង​ធំ ​ឬ​អត្ថប្រយោជន៍​ធំ ទទួលបាន នៅ​ផ្នែក​ខាងជើង​វត្តភ្នំ ពិសេស​នៅ​តំបន់​អម​ផ្លូវ​លេខ​៤៧ ដោយ​ចាប់ពី​វត្តភ្នំ​រហូត​ទៅដល់​រង្វង់​មូល​កួច​កាណុង ដែលមាន​ផ្ទៃ​ប្រមាណ​ជិត​៧០​ហិកតា ដែល​នឹងត្រូវ​រៀបចំ ​និង​គិតគូរ​ឲ្យ​មាន​ជា​ស្ថានីយ​បូម​ទឹក​មួយកន្លែង ដែល​ស្ថានីយ​បូមទឹក​នេះ ជា​ស្ថានីយ​ទី​៥ ស្របតាម​មាត់ទន្លេ មាន​ទីតាំងនៅ​ទល់​មុខ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច (CDC)​។ នៅ​ក្នុង​ស្ថានីយ​បូម​ទឹក​នេះ នឹង​រៀបចំ​ឲ្យ​មាន​អាង​ស្តុក​ទឹក​ក្រោម​ដី ដែល​មាន​សមត្ថភាព​អាច​ស្តុក​ទឹក​ប្រមាណ​៦.០០០​ម៉ែត្រ​គូប មុននឹង​ធ្វើការ​បូម​ទម្លាក់​ទឹកភ្លៀង ពី​អាង​ស្តុក​ទឹក​ចូលទៅក្នុង​ទន្លេ​។ បន្ថែម​ពី​ការរៀបចំ​ស្ថានីយ​បូមទឹក​នេះ នឹងមាន​ការ​ដំឡើង​ជា​ម៉ាស៊ីន​ចាប់យក​សំរាម​ដោយ​ស្វ័យប្រវត្តិ ដែល​កិច្ចការ​នេះ​ជា​ចំណែក​មួយ ​នៃ​គម្រោង​ជំហាន​ទី​៤ ហើយ​គម្រោង​នេះ នឹង​យកទៅ​បំពាក់​នៅ​គ្រប់​ស្ថានីយ​ទាំង​៤ នៅជាប់​មាត់ទន្លេ គឺ​ស្ថានីយ​បូមទឹក​ផ្សារ​ចាស់ ស្ថានីយ​ព្រះ​គម្លង់ ស្ថានីយ​ផ្សារកណ្តាល និង​ស្ថានីយ​ចតុមុខ ដែល​ជា​ស្ថានីយ​ស្ថាបនា​រួចហើយ តាំងពី​គម្រោង​ជំហាន​ទី​២​មកម្ល៉េះ។ បន្ថែម​ឧបករណ៍​កាយ​សំរាម​ដោយ​ស្វ័យប្រវត្តិ នៅក្នុង​ស្ថានីយ​ទាំង​៤ លើ​គម្រោង​ជំហាន​ទី​៤​នេះ។ អត្ថប្រយោជន៍ ​នៃ​ការសម្រួល​ផ្ទៃ​ទឹក នៅក្នុង​តំបន់​ទួលគោក ​ស្ថិតក្នុង​សង្កាត់​បឹងកក់​១ សង្កាត់​បឹងកក់​២។ ក្នុង​គម្រោង​ នឹង​មាន​ការរៀបចំ​ដាក់​ប្រព័ន្ធ​បណ្តាញ​លូ ក្នុង​ទំហំ ចន្លោះ​ចាប់ពី ២​ម៉ែត្រ​ទី​២,៥០​ម៉ែត្រ ចម្ងាយ​ប្រមាណ​ជិត​៧​គីឡូ​ម៉ែត្រ និង​ការ​ដាក់លូ​ប្រអប់​ប្រវែង​១,៥​គីឡូម៉ែត្រ​។ គម្រោង​ទាំង​២​នេះ គឺអាច​ធ្វើការ​រំដោះ ​ឬ​ដោះ​ស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង បាន​មួយ​ភាគ​បន្ថែមទៀត នៅក្នុង​តំបន់​ខាងលើនេះ ហើយ​នេះ​ជា​ចំណែក​មួយ​ នៃ​ជំហាន​ទី​៤ នៃ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ដែល​នឹង​ត្រូវ​អនុវត្តន៍ ​និង​ប្រើប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ​៕​

ដោយ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114