ព័ត៍មានទាន់​ហេតុការណ៏
Search

អនុរដ្ឋមន្ត្រី​ចិន ​ដឹកនាំ​បេសកជន​២៣​នាក់ មក​ទស្សនកិច្ច​នៅ​កម្ពុជា ​អបអរ​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩

ភ្នំពេញ​ ៖ ​ដើម្បី​អបអរសាទរ « ឆ្នាំ​ នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩ » គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​ឯកឧត្ដម ចាង ស៊ុ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ រួមជាមួយ​បេសកជន​ចិន​ប្រមាណ​២​ពាន់​នាក់ នឹង​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០២-០៨ ខែមិថុនា ឆ្នាំ​២០១៩ បង្កើតឲ្យ​មាន​ព្រឹត្តិការណ៍ និង​កម្មវិធី​នានា​ជាច្រើន​ទៀត​។​

​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា បេសកជន​ចិន​មួយចំនួន ​បានធ្វើ​ដំណើរ​មកដល់​ក​ម្ពុ​ជា​ជា​បណ្ដើរៗ​ហើយ តាម​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប ដើម្បី​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅ​តាម​តំបន់​ទេសចរណ៍​នានា​របស់​កម្ពុជា ដូចជា​រមណីយដ្ឋាន​អង្គរ រាជធានី​ភ្នំពេញ​ជាដើម ដោយមាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ក្រុមការងារ​របស់​ក្រសួងទេសចរណ៍​កម្ពុជា។

នា​យប់​ថ្ងៃទី​៤ ខែមិថុនា​នេះ គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ដឹកនាំ​ដោយ​ឯកឧត្ដម ចាង ស៊ុ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ នឹង​មកដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោម​ការ​ទទួល​ស្វាគមន៍​ពី​ថ្នាក់​ដឹក​ក្រសួងទេសចរណ៍​កម្ពុជា​។​

​នា​រសៀល​ថ្ងៃទី​៥​មិថុនា​នេះ លោក ចាង ស៊ុ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន នឹង​ជួប​ពិភាក្សា​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ តំណាង​លោកស្រី​រដ្ឋមន្ត្រី ភឿង ស​កុ​ណា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​លុះដល់​ល្ងាច​ថ្ងៃទី​៥​មិថុនា ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា សហការ​ជាមួយ​ភាគី​ចិន នឹង​រៀបចំ​ការសម្ដែង​សិល្បៈ​រួមគ្នា​កម្ពុជា​-​ចិន នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​អធិបតីភាព​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ បន្ទាប់មក​នឹងមាន​ពិធី​លៀង​សាយភោជន៍​ស្វាគមន៍​ជូន​បេសកជន​ចិន​ទាំងអស់ នា​ល្ងាច​ដដែល​នោះ​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​កម្ពុជា​-​ចិន​ក៏បាន​នាំមក​នូវ​វេទិកា « Business Matching Between Tour Operators of Cambodia and China » ឬ​ហៅថា វេទិកា​ផ្គូផ្គង​ដៃគូ​ធុរកិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ការី​ទេសចរណ៍​ចិន ( អ្នកទិញ ) ចំនួន​៥០​ក្រុមហ៊ុន ជាមួយ​ក្រុមហ៊ុន​ការី​ទេសចរណ៍​កម្ពុជា (​អ្នកលក់​) ចំនួន​៥០​ក្រុមហ៊ុន​ផងដែរ​។​

​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន និង​ក្រសួងទេសចរណ៍​កម្ពុជា ស្រប​នឹង​ការកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌ និង​ទេសចរណ៍​រវាង​ប្រជាជាតិ​ទាំងពីរ​កាន់តែខ្លាំង​ថែម​មួយកម្រិត​ទៀត​។​

​គណៈប្រតិភូ​បេសកជន​ចិន​ទាំង ២,០០០​នាក់ ដែល​បានមក​ទស្សនា​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ជួយ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​កម្ពុជា​ដល់​ប្រជាជន​ចិន ក៏ដូចជា​ទាក់ទាញ​ទេសចរ​ចិន​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត​។​

​សូមជម្រាបថា « ឆ្នាំ​ នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន » នេះ​ត្រូវបាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន សហការ​ជាមួយ​ក្រសួងទេសចរណ៍​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​កិច្ច​សហ​ប្រតិបត្តិការ​រួម​គ្នា​លើ​ផ្នែក​ទេសចរណ៍ និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត មាន​ដូចជា​ ការជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការសម្ដែង​សិល្បៈ​រួមគ្នា​ជាដើម៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114